សម្ដេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប្រគល់ផ្ទះថ្មី១ខ្នងជូនគ្រួសារអតីតយុទ្ធជនពលីនៅកំពង់ធំ

សម្ដេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប្រគល់ផ្ទះថ្មី១ខ្នងជូនគ្រួសារអតីតយុទ្ធជនពលីនៅកំពង់ធំ

កំពង់ធំ៖ ផ្ទះថ្មីមួយខ្នងត្រូវបានប្រគល់ជូនគ្រួសារអតីតយុទ្ធជនពលីនៅភូមិថ្នល់ ឃុំទួលគ្រើល ស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ កាលពីថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២៥។ ពិធីនេះបានដឹកនាំដោយឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងខេត្តកំពង់ធំ តំណាងគណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ខេត្តកំពង់ធំ រួមជាមួយលោក វណ្ណៈ សោភានិត អភិបាលស្រុក និងជាប្រធានសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ស្រុកប្រាសាទបល្ល័ង្ក។ គ្រួសារអតីតយុទ្ធជនដែលទទួលបានផ្ទះនេះមានដីកម្មសិទ្ធិ ប៉ុន្តែជម្រកស្នាក់នៅមិនសមរម្យ។

លោកយាយ គល់ វួន វ័យ ៦៦ឆ្នាំ ដែលជាភរិយាអតីតយុទ្ធជនពលី បានរៀបរាប់ទាំងក្ដីរំភើបថា ស្វាមីរបស់គាត់ឈ្មោះ រិទ្ធ រឿន បានបម្រើការនៅអង្គភាពយោធាស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ហើយបានពលីជីវិតក្នុងសមរភូមិនិពេជ ស្រុកកំពង់ស្វាយ កាលពីឆ្នាំ១៩៩០។ បច្ចុប្បន្ន លោកយាយមានកូន និងចៅចំនួន ៥នាក់ ក្នុងបន្ទុក រស់នៅក្នុងផ្ទះតូចចង្អៀត ដោយប្រកបរបរលក់ឱសថបុរាណបន្តិចបន្តួច ខណៈកូនៗរបស់គាត់បានចេញទៅស៊ីឈ្នួលគេនៅខេត្តព្រះវិហារ ដើម្បីរកប្រាក់ចំណូលដោះស្រាយជីវភាពប្រចាំថ្ងៃ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានថ្លែងថា ផ្ទះថ្មីទំហំ ៥ម៉ែត្រ គុណនឹង ៧ម៉ែត្រ នេះ ត្រូវបានសាងសង់ដោយបេតុង ដំបូលប្រក់ស័ង្កសី ជញ្ជាំងស្មាតប៊ត និងរនាបក្រាលក្ដារ។ លើសពីនេះ ក៏មានតសំយ៉ាបផ្ទះបាយប្រវែង ៣ម៉ែត្រ និងបង្គន់អនាម័យផងដែរ។ ផ្ទះនេះគឺជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចតេជោ ហ៊ុន សែន ប្រធានសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ជាមួយសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត តាមរយៈទេសរដ្ឋមន្ត្រី នាយឧត្តមសេនីយ៍កិត្តិសង្គហបណ្ឌិត គន់ គីម អនុប្រធាន និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ដើម្បីជាចំណងដៃសម្រាប់គ្រួសារអតីតយុទ្ធជនពលីបានរស់នៅសមរម្យជារៀងរហូត។

ក្នុងឱកាសនោះផងដែរ ឧត្តមសេនីយ៍ទោ សោម ស៊ុន ក៏បាននាំយកនូវស្បៀងអាហារ គ្រឿងឧបភោគបរិភោគ សម្ភារប្រើប្រាស់ជាច្រើន រួមមាន មុង ភួយ កន្ទេល ខ្នើយ ចាន ឆ្នាំង និងថវិកាមួយចំនួនទៀត ដែលជាអំណោយរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ជូនដល់ក្រុមគ្រួសារលោកយាយ គល់ វួន ដើម្បីដោះស្រាយជីវភាពប្រចាំថ្ងៃ និងសម្រាប់ប្រើប្រាស់ក្នុងឱកាសទទួលផ្ទះថ្មីនេះ។

លោក វណ្ណៈ សោភានិត អភិបាលស្រុក និងជាប្រធានសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ស្រុកប្រាសាទបល្ល័ង្ក បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ព្រមទាំងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ដែលបានផ្ដល់ផ្ទះថ្មីដ៏កក់ក្ដៅនេះ ជូនដល់គ្រួសារអតីតយុទ្ធជនដែលកំពុងជួបការលំបាក និងមានជម្រកមិនសមរម្យនៅស្រុកប្រាសាទបល្ល័ង្ក។ លោកក៏បានគោរពជូនពរសម្ដេច និងថ្នាក់ដឹកនាំគណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា គ្រប់ជាន់ថ្នាក់ ទទួលបាននូវពុទ្ធពរទាំង ៤ប្រការ កុំបីឃ្លៀងឃ្លាតឡើយ។

administrator

Related Articles