កម្ពុជាប្រកាសជំហររឹងមាំនៅ UNESCO៖ សន្តិភាពជាមូលដ្ឋានគ្រឹះសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព

កម្ពុជាប្រកាសជំហររឹងមាំនៅ UNESCO៖ សន្តិភាពជាមូលដ្ឋានគ្រឹះសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព

ពីទីក្រុងសាម៉ាកាន់ ប្រទេសអ៊ូសបេគីស្ថាន ៖ កាលពីរសៀលថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២៥ លោកស្រីបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានអញ្ជើញថ្លែងសន្ទរកថាដ៏មានសារៈសំខាន់មួយក្នុងអង្គមហាសន្និបាតលើកទី៤៣ របស់អង្គការយូណេស្កូ។ ក្នុងឱកាសនោះ លោកស្រីបានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការគាំទ្របេសកកម្មរបស់អង្គការយូណេស្កូ ក្នុងការស្ថាបនាសន្តិភាពតាមរយៈវិស័យអប់រំ វប្បធម៌ វិទ្យាសាស្ត្រ និងទំនាក់ទំនង ដែលស្របតាមយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់កម្ពុជា។

UNESCO

លោកស្រីរដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា ដោយសារកម្ពុជាធ្លាប់បានឆ្លងកាត់នូវបទពិសោធន៍ដ៏ជូរចត់ពីអំពើប្រល័យពូជសាសន៍ និងសង្គ្រាមនាពេលកន្លងមក ទើបប្រជាជាតិកម្ពុជាយល់ច្បាស់ពីផលវិបាកនៃការបំផ្លិចបំផ្លាញរបស់សង្គ្រាម និងតម្លៃដ៏មហាសាលនៃសន្តិភាព ដែលជាមូលដ្ឋានគ្រឹះមិនអាចខ្វះបានសម្រាប់ការរីកចម្រើន និងការអភិវឌ្ឍប្រទេសជាតិប្រកបដោយចីរភាព។

ក្នុងវិស័យអប់រំ កម្ពុជាបានផ្តោតសំខាន់លើការបណ្ដុះបណ្ដាលបំណិនមូលដ្ឋានសម្រាប់ការសិក្សា ការថែទាំកុមារតូច ការអភិវឌ្ឍបច្ចេកទេសនិងវិជ្ជាជីវៈ ការសិក្សាពេញមួយជីវិត និងសមត្ថភាពឌីជីថល។ គោលបំណងគឺដើម្បីត្រៀមរៀបចំយុវជនជំនាន់ក្រោយឲ្យក្លាយជាសសរទ្រូងដ៏រឹងមាំ និងជាទំពាំងស្នងឫស្សីប្រកបដោយគុណភាព ដើម្បីអាចប្រឈមមុខនឹងបញ្ហាប្រែប្រួលអាកាសធាតុ និងរួមចំណែកកសាងសេដ្ឋកិច្ចជាតិនៅពេលអនាគត។

Cambodian Delegate

លោកស្រីរដ្ឋមន្ត្រីបានបន្តថា កម្ពុជាក្នុងនាមជាប្រទេសសមាជិក បានផ្ដល់សច្ចាប័នលើអនុសញ្ញាវប្បធម៌ទាំងអស់របស់អង្គការយូណេស្កូ ដែលឆ្លុះបញ្ចាំងពីការតាំងចិត្តយ៉ាងមុតមាំក្នុងការការពារ និងលើកតម្កើងសម្បត្តិបេតិកភណ្ឌវប្បធម៌។ នេះរួមបញ្ចូលទាំងការការពារ និងទប់ស្កាត់ការជួញដូរវត្ថុបុរាណខុសច្បាប់ ព្រមទាំងអំពាវនាវឲ្យសារមន្ទីរធំៗ និងអ្នកប្រមូលវត្ថុបុរាណឯកជននានា ធ្វើការពិភាក្សាដើម្បីប្រគល់វត្ថុបុរាណទាំងនោះត្រឡប់មកកាន់ប្រទេសដើមវិញ។

ការបញ្ចូលការអប់រំបេតិកភណ្ឌទៅក្នុងកម្មវិធីសិក្សា ការលើកកម្ពស់តួនាទី និងពង្រឹងភាពជាម្ចាស់ការរបស់សហគមន៍ ក៏ត្រូវបានជំរុញឲ្យមានការរីកចម្រើនបន្ថែមទៀតផងដែរ។ ក្នុងនោះ ឧស្សាហកម្មច្នៃប្រឌិតក៏បានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍជីវភាពស្ត្រី យុវជន និងសេដ្ឋកិច្ចក្នុងតំបន់។ លើសពីនេះ កម្ពុជាក៏បានបន្តពង្រឹងការអភិរក្ស និងអភិវឌ្ឍន៍ប្រកបដោយចីរភាពនូវបេតិកភណ្ឌពិភពលោកទាំងរូបី និងអរូបី។

កម្ពុជាបានគូសបញ្ជាក់ពីសារៈសំខាន់នៃភាពជាដៃគូជាមួយអង្គការយូណេស្កូ ដោយបន្តលើកស្ទួយវិស័យអប់រំ វប្បធម៌ វិទ្យាសាស្ត្រ និងទំនាក់ទំនង ឲ្យស្របតាមគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពឆ្នាំ២០៣០។ ជាមួយគ្នានេះ ក៏បានអំពាវនាវឲ្យមានប្រព័ន្ធព័ត៌មានដែលប្រកបដោយតុល្យភាព ក្រមសីលធម៌ខ្ពស់ និងការគោរពដល់ភាពចម្រុះគ្នានៃវប្បធម៌។

Cultural Heritage

លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រី ក៏បានរំឭកអំពីការប៉ះទង្គិចតាមបណ្ដោយព្រំដែនកម្ពុជា-ថៃកាលពីពេលកន្លងទៅ ដែលបានបង្កឲ្យមានការខូចខាតយ៉ាងធ្ងន់ធ្ងរដល់បេតិកភណ្ឌវប្បធម៌ពិភពលោក “ប្រាសាទព្រះវិហារ”។ កម្ពុជាបានសម្តែងនូវការសោកស្តាយយ៉ាងខ្លាំងចំពោះការខូចខាតដែលមិនអាចស្តារឡើងវិញបានចំពោះស្នាដៃវប្បធម៌ដ៏មានគុណតម្លៃ និងកម្រមួយនេះ។

ទន្ទឹមនឹងនេះ កម្ពុជាក៏សូមស្វាគមន៍យ៉ាងកក់ក្តៅចំពោះពិធីចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពទីក្រុងគូឡាឡាំពួរ រវាងកម្ពុជា និងថៃ កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ កន្លងទៅថ្មីៗនេះ ដែលមានការគាំទ្រ និងជាសាក្សីដោយផ្ទាល់ពីប្រធានាធិបតីសហរដ្ឋអាមេរិក ឯកឧត្តម ដូណាល់ ត្រាំ និងនាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក អាន់វ៉ា អ៊ីប្រាហ៊ីម។ កម្ពុជាសង្ឃឹមយ៉ាងមុតមាំថា ប្រទេសជាសមាជិកអង្គការយូណេស្កូទាំងអស់ នឹងបន្តប្តេជ្ញារួមគ្នាការពារ និងថែរក្សាសម្បត្តិបេតិកភណ្ឌវប្បធម៌របស់ពិភពលោកបន្តទៀត។

administrator

Related Articles