អគ្គិភ័យឆាបឆេះផ្ទះអស់ទាំងស្រុង បណ្ដាលមកពីក្មួយប្រុសវិកលចរិតដេកជក់បារី ម្ចាស់ផ្ទះខាតបង់ជាង ២ម៉ឺនដុល្លារ!

អគ្គិភ័យឆាបឆេះផ្ទះអស់ទាំងស្រុង បណ្ដាលមកពីក្មួយប្រុសវិកលចរិតដេកជក់បារី ម្ចាស់ផ្ទះខាតបង់ជាង ២ម៉ឺនដុល្លារ!

ខេត្តព្រៃវែង៖ អគ្គិភ័យដ៏សន្ធោសន្ធៅមួយបានលេបត្របាក់ផ្ទះក្បឿងមួយខ្នងយ៉ាងទាំងស្រុង បណ្ដាលមកពីការធ្វេសប្រហែសរបស់ក្មួយប្រុសម្ចាស់ផ្ទះ ដែលមានសតិមិនគ្រប់គ្រាន់ ជក់បារីនៅលើពូក។ ហេតុការណ៍នេះបានបង្កការខូចខាតយ៉ាងដំណំ។

ហេតុការណ៍អកុសលនេះបានកើតឡើងនៅវេលាម៉ោង ១យប់ ឈានចូលថ្ងៃទី ៣ ខែវិច្ឆិកា ឆ្នាំនេះ ត្រង់ចំណុចភូមិវៃវេទ ឃុំរាប ស្រុកពារាំង ខេត្តព្រៃវែង។ ម្ចាស់ផ្ទះរងគ្រោះ គឺលោកស្រី សុន សួម អាយុ ៤៤ឆ្នាំ។

តាមការបញ្ជាក់ពីសមត្ថកិច្ច បានឱ្យដឹងថា មុនពេលកើតហេតុ លោកស្រី សុន សួម ដែលជាម្ចាស់ផ្ទះ បានចូលសម្រាកព្យាបាលនៅមន្ទីរពេទ្យ ដោយទុកផ្ទះចោល។ លុះមកដល់យប់កើតហេតុ ក្មួយប្រុសរបស់គាត់ឈ្មោះ ធី ផានិត អាយុ ២៨ឆ្នាំ ដែលជាជនវិកលចរិត បានឡើងទៅដេកជក់បារីនៅលើពូក។ ភ្លើងកន្ទុយបារីដែលជ្រុះធ្លាក់លើពូក បានបង្កជាអគ្គិភ័យឆាបឆេះផ្ទះតែម្តង។

សមត្ថកិច្ចបានបន្តថា ភ្លាមៗក្រោយពេលភ្លើងចាប់ផ្តើមឆេះ ក្មួយប្រុសវិកលចរិតនោះ បានរត់គេចខ្លួនបាត់ ដោយមិនបានប្រាប់នរណាម្នាក់ឡើយ។ រហូតដល់ភ្លើងឆេះខ្លាំងឡើងៗ ទើបអ្នកជិតខាងភ្ញាក់ផ្អើលនាំគ្នារាយការណ៍ទៅសមត្ថកិច្ច។ រថយន្តពន្លត់អគ្គិភ័យចំនួន ៣គ្រឿងត្រូវបានប្រើប្រាស់ដើម្បីបាញ់ទឹកពន្លត់ ទើបភ្លើងរលត់ទាំងស្រុង។

គួរឱ្យសោកស្ដាយ ហេតុការណ៍នេះមិនបណ្ដាលឱ្យនរណាម្នាក់រងរបួសនោះទេ ប៉ុន្តែផ្ទះទាំងមូលត្រូវបានឆាបឆេះអស់ទាំងស្រុង បណ្ដាលឱ្យខូចខាតគិតជាទឹកប្រាក់សរុបប្រមាណ ២២,០០០ ដុល្លារអាមេរិក។

administrator

Related Articles