ទីក្រុងយ៉ាងហ្គោន (Yangon) ដែលជារដ្ឋធានីពាណិជ្ជកម្មរបស់ប្រទេសមីយ៉ាន់ម៉ា បានជួបប្រទះនូវជំនន់ទឹកភ្លៀងយ៉ាងធ្ងន់ធ្ងរកាលពីថ្ងៃអាទិត្យ បន្ទាប់ពីមានភ្លៀងធ្លាក់យ៉ាងគំហុកជាបន្តបន្ទាប់ បណ្ដាលឱ្យមានការកកស្ទះចរាចរណ៍យ៉ាងខ្លាំង និងប៉ះពាល់ដល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋជាច្រើន។ ព័ត៌មាននេះត្រូវបានចុះផ្សាយដោយសារព័ត៌មាន The Irrawaddy។
ផ្លូវសំខាន់ៗជាច្រើនក្នុងសង្កាត់ដូចជា South Okkalapa, Kamayut, Hlaing, North Dagon, Tamwe, Mayangone និង Yankin ត្រូវបានជន់លិចដោយកម្រិតទឹកខ្ពស់ បង្កឱ្យរំខានដល់ការធ្វើដំណើរ និងបង្កការខូចខាតដល់ទ្រព្យសម្បត្តិ និងលំនៅឋានរបស់ប្រជាពលរដ្ឋ។

ប្រជាពលរដ្ឋដែលរស់នៅតំបន់ទំនាបជាច្រើន បានលើកឡើងថា ទឹកបានហូរចូលលំនៅឋានរបស់ពួកគេ ធ្វើឱ្យពួកគេជួបការលំបាកក្នុងការធ្វើដំណើរ និងប្រកបរបរចិញ្ចឹមជីវិត។ ជាងនេះទៅទៀត សង្កាត់ខ្លះក៏បានជួបប្រទះនឹងការដាច់ចរន្តអគ្គិសនីបណ្តោះអាសន្ន ខណៈអាជ្ញាធរកំពុងព្យាយាមចាត់វិធានការគ្រប់គ្រងស្ថានការណ៍ទឹកជំនន់នេះ។

នាយកដ្ឋានឧតុនិយម និងជលសាស្ត្រមីយ៉ាន់ម៉ា បានព្យាករណ៍ថា ទីក្រុងយ៉ាងហ្គោន និងតំបន់ជុំវិញ នឹងបន្តទទួលរងនូវភ្លៀងធ្លាក់ និងព្យុះផ្គររន្ទះបន្ថែមទៀតនៅថ្ងៃចន្ទនេះ ដែលបង្កការព្រួយបារម្ភយ៉ាងខ្លាំងថា ស្ថានភាពទឹកជំនន់អាចនឹងកាន់តែអាក្រក់ទៅៗ។

តាមពិតទៅ ទឹកជំនន់គឺជាបាតុភូតធម្មតាមួយនៅក្នុងប្រទេសមីយ៉ាន់ម៉ាក្នុងរដូវវស្សា ដែលចាប់ផ្ដើមពីខែឧសភា ដល់ខែតុលា។ ប្រព័ន្ធបង្ហូរទឹកមិនល្អ រួមផ្សំជាមួយនឹងការអភិវឌ្ឍទីក្រុងយ៉ាងឆាប់រហ័ស បានធ្វើឱ្យទីក្រុងយ៉ាងហ្គោន ក្លាយជាទីក្រុងងាយរងគ្រោះបំផុតចំពោះទឹកជំនន់ភ្លាមៗ បន្ទាប់ពីមានភ្លៀងធ្លាក់ខ្លាំង។ ក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ បញ្ហាអាកាសធាតុប្រែប្រួលក៏បានចូលរួមចំណែកធ្វើឱ្យទឹកជំនន់កាន់តែធ្ងន់ធ្ងរនៅទូទាំងប្រទេស ប៉ះពាល់ដល់ប្រជាពលរដ្ឋរាប់ពាន់នាក់ និងបំផ្លាញហេដ្ឋារចនាសម្ព័ន្ធជាច្រើន។
