ភ្នំពេញ ៖ ហេតុការណ៍ហិង្សាមួយបានផ្ទុះឡើង កាលពីវេលាម៉ោងជាង១២រំលងអាធ្រាត្រ ឈានចូលថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២៥ ត្រង់ចំណុចផ្ទះជួលសុខសាន្ត ភូមិទួលថ្ងាន់ សង្កាត់ទួលសង្កែទី២ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ បន្ទាប់ពីមានទំនាស់ពាក្យសម្ដីគ្នាក្នុងវង់ល្បែងបៀរ រហូតឈានដល់ការវាយតប់គ្នាទៅវិញទៅមក។ សមត្ថកិច្ចនគរបាលខណ្ឌឫស្សីកែវ បានចុះអន្តរាគមន៍ និងឃាត់ខ្លួនជនសង្ស័យទាំងសងខាងបានចំនួន ៥នាក់ ដើម្បីសាកសួរ។
លោក ហ៊ាង ថារ៉េត អធិការខណ្ឌឫស្សីកែវ បានបញ្ជាក់ប្រាប់ថា ជនសង្ស័យភាគីទី១មានគ្នា២នាក់ គឺឈ្មោះ ភ័ណ ស អាយុ៣២ឆ្នាំ និងឈ្មោះ ផន សាន អាយុ៣០ឆ្នាំ ដែលបច្ចុប្បន្នស្នាក់នៅផ្ទះជួលសុខសាន្ត ភូមិទួលថ្ងាន់ សង្កាត់ទួលសង្កែទី២ ខណ្ឌឫស្សីកែវដូចគ្នា។ រីឯជនសង្ស័យភាគីទី២ មានគ្នា៣នាក់ រួមមាន ឈ្មោះ យស់ មេត្រី អាយុ២៧ឆ្នាំ ឈ្មោះ វ៉ាន់ ចំណាន អាយុ២៥ឆ្នាំ និងឈ្មោះ យស់ សុភត្រ្តា អាយុ២០ឆ្នាំ។ ពួកគេទាំង៣នាក់នេះ ក៏ស្នាក់នៅផ្ទះជួលសុខសាន្ត ភូមិទួលថ្ងាន់ សង្កាត់ទួលសង្កែទី២ ផងដែរ។
ក្នុងហេតុការណ៍វាយតប់គ្នានោះ បានបណ្ដាលឲ្យជនរងគ្រោះឈ្មោះ ភ័ណ ស របួសចំស្មាខាងស្ដាំ លើទ្រូង និងបែកចិញ្ចើមខាងឆ្វេង ដេរចំនួន១០ថ្នេរ ហូរឈាមជោគខ្លួន។ វត្ថុតាងដែលសមត្ថកិច្ចរឹបអូសបានរួមមាន ដុំថ្មចំនួន ២ដុំ។ លោកអធិការបន្តថា នៅយប់កើតហេតុនោះ ក្រុមជនសង្ស័យទាំងសងខាងបានលេងបៀរជាមួយគ្នា លុះពេលក្រោយមកក៏កើតជាជម្លោះពាក្យសម្ដី រហូតឈានដល់ការប្រើប្រាស់អំពើហិង្សាវាយគ្នាទៅវិញទៅមក។ ស្របពេលនោះ កម្លាំងល្បាតរបស់ប៉ុស្តិ៍នគរបាលរដ្ឋបាលទួលសង្កែទី២ បានប្រទះឃើញ ក៏បានឃាត់ខ្លួនជនសង្ស័យទាំង៥នាក់ យកមកសាកសួរនៅប៉ុស្តិ៍នគរបាលរដ្ឋបាលទួលសង្កែទី២ ដើម្បីចាត់ការតាមនីតិវិធីច្បាប់។ ទោះជាយ៉ាងណា ក្រោយសាកសួរភាគីទាំងសងខាង បានធ្វើការសំណូមពរមិនប្ដឹងផ្ដល់គ្នាទៅវិញទៅមក ចំពោះករណីខាងលើនេះ។
