ឯកឧត្តម ថោ ជេដ្ឋា ដឹកនាំក្រុមការងារចម្រុះ ចុះពិនិត្យបញ្ហាលំហូរទឹកនៅភ្នំពេញ-កណ្តាល!

ឯកឧត្តម ថោ ជេដ្ឋា ដឹកនាំក្រុមការងារចម្រុះ ចុះពិនិត្យបញ្ហាលំហូរទឹកនៅភ្នំពេញ-កណ្តាល!

ភ្នំពេញ ៖ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម នាព្រឹកថ្ងៃចន្ទ ១៣កើត ខែកត្តិក ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ បានអញ្ជើញដឹកនាំគណៈប្រតិភូអន្តរក្រសួងមួយ ចុះពិនិត្យដោយផ្ទាល់ពីស្ថានភាពជាក់ស្ដែងនៃចំណុចប្រសព្វសំខាន់ៗរវាងប្រឡាយ និងផ្លូវជាតិ ព្រមទាំងប្រឡាយ និងផ្លូវក្រវ៉ាត់ក្រុង ដែលជាឧបសគ្គដល់លំហូរទឹក។ ការចុះពិនិត្យនេះធ្វើឡើងនៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ និងខេត្តកណ្តាល។

អមដំណើរដោយថ្នាក់ដឹកនាំ និងមន្ត្រីបច្ចេកទេសមកពីក្រសួង ក៏ដូចជាមន្ទីរធនធានទឹក និងឧតុនិយមរាជធានីភ្នំពេញ និងខេត្តកណ្តាល។ វត្តមាននៃការចុះពិនិត្យការងាររួមគ្នានេះ ក៏មានការចូលរួមពីលោក ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ ផងដែរ។

ក្រៅពីនេះ ក៏មានតំណាងដ៏សំខាន់ៗមកពីក្រសួងសាធារណការ និងដឹកជញ្ជូន រួមទាំងមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ និងខេត្តកណ្តាល ព្រមទាំងអាជ្ញាធរមូលដ្ឋានជាច្រើនរូបទៀត ដែលបានបង្ហាញវត្តមានយ៉ាងសកម្មក្នុងការស្វែងរកដំណោះស្រាយ។

ក្នុងឱកាសដ៏សំខាន់នោះ ឯកឧត្តមរដ្ឋមន្ត្រី និងក្រុមការងារអន្តរក្រសួង បានអញ្ជើញចុះពិនិត្យជាក់ស្តែងនៅតាមទីតាំងចំនួនបីកន្លែង។

ទីតាំងទីមួយ គឺចំណុចឆ្លងកាត់ផ្លូវរថភ្លើងទល់មុខប្រឡាយតាហោ ដែលស្ថិតនៅក្នុងសង្កាត់ភ្លើងឆេះរទេះ។

ទីតាំងទីពីរ គឺប្រឡាយជើងឯកដែលប្រសព្វជាមួយផ្លូវជាតិលេខ៣ ស្ថិតនៅក្នុងសង្កាត់ពងទឹក។

ចំណែកទីតាំងទីបី គឺចំណុចឆ្លងកាត់ផ្លូវក្រវ៉ាត់ក្រុងទី៣ ដែលស្ថិតនៅផ្លូវព្រៃស។

គោលបំណងនៃការចុះពិនិត្យនេះ គឺដើម្បីវាយតម្លៃ និងស្វែងរកដំណោះស្រាយសមស្រប ដើម្បីធានាបាននូវលំហូរទឹកប្រកបដោយប្រសិទ្ធភាព ការពារការជន់លិច និងលើកកម្ពស់ហេដ្ឋារចនាសម្ព័ន្ធធារាសាស្ត្ររបស់កម្ពុជា។

ការសហការគ្នារវាងក្រសួងពាក់ព័ន្ធ និងអាជ្ញាធរមូលដ្ឋាន នឹងរួមចំណែកយ៉ាងសំខាន់ក្នុងការដោះស្រាយបញ្ហាលំហូរទឹក ដែលជាកង្វល់ដ៏ធំសម្រាប់ប្រជាពលរដ្ឋក្នុងរាជធានីភ្នំពេញ និងខេត្តកណ្តាល។

ដោយ ៖ សិលា

administrator

Related Articles