ខេត្តក្រចេះ៖ ចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្តក្រចេះ កាលពីថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២៥ បានសម្រេចឃុំខ្លួនក្មេងទំនើងចំនួន៥នាក់ជាបណ្តោះអាសន្ន ពីបទហិង្សាដោយចេតនា មានស្ថានទម្ងន់ទោសដោយប្រើប្រាស់អាវុធ។ នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មានផ្លូវការរបស់សាលាដំបូងខេត្តក្រចេះ។
អ្នកនាំពាក្យសាលាដំបូងខេត្តក្រចេះ បានគូសបញ្ជាក់ថា ក្មេងទំនើងទាំងនោះមានគ្នាចំនួន៦នាក់ រួមមាន៖ ទី១. ឈ្មោះ ឡា តារាសុខរាជ្យ អាយុ១៧ឆ្នាំ, ទី២.ឈ្មោះ ស៊ាប ចាប ស៊ុយ អាយុ១៨ឆ្នាំ, ទី៣.ឈ្មោះ វិត ដាវិត អាយុ១៧ឆ្នាំ, ទី៤.ឈ្មោះ ឈិន ណាត្រី ណាត្រី អាយុ ១៧ឆ្នាំ, ទី៥.ឈ្មោះ ព្រះ ស្វិតវី អាយុ១៦ឆ្នាំ។ ចំណែកម្នាក់ទៀត គឺឈ្មោះ បូរី រ៉ាវី អាយុ១៩ឆ្នាំ បានរត់គេចខ្លួនបាត់។ 
ចំពោះករណីហិង្សាដ៏សាហាវនេះ បានកើតឡើងកាលពីថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៥ នៅចំណុចទំនប់ទឹកជីវ៉ែន ស្ថិតក្នុងភូមិរហារ៍ ឃុំស្រែចារ ស្រុកស្នួល ខេត្តក្រចេះ។ 
អ្នកនាំពាក្យបានបន្តថា ក្រុមក្មេងទំនើងនេះ បានប្រដាប់ដោយកាំបិតប៉័ងតោ មួកសុវត្ថិភាព ដុំថ្ម និងដុំដី ហើយបានស្នាក់ចាំវាយជនរងគ្រោះ ដែលជាក្មេងទំនើងមួយក្រុមទៀត ធ្លាប់មានជម្លោះជាមួយគ្នាកាលពីមុន។ អំពើហិង្សានេះ បានបណ្ដាលឱ្យជនរងគ្រោះដួលម៉ូតូធ្លាក់ចូលទឹកប្រឡាយ ខណៈនោះថែមទាំងបានយកមួកសុវត្ថិភាពមកវាយតប់ពីលើ បន្ទាប់មកក៏បានយកកាំបិតប៉័ងតោ បន្តដេញកាប់ទៅលើក្រុមជនរងគ្រោះបន្ថែមទៀត។ 
អ្នកនាំពាក្យក៏បានបន្ថែមទៀតថា ចំពោះជនត្រូវចោទម្នាក់ដែលបានរត់គេចខ្លួន ចៅក្រមស៊ើបសួរកំពុងបន្តចំណាត់ការ ដើម្បីនាំខ្លួនមកចាត់ការតាមផ្លូវច្បាប់ ដោយគ្មានការលើកលែងឡើយ។
