របាយការណ៍ថ្មីមួយបានបង្ហាញថា ចំនួនមហាសេដ្ឋីនៅក្នុងប្រទេសចិនដីគោកបានកើនឡើង ៥.៦% កាលពីឆ្នាំមុន រហូតដល់ ៣២១នាក់។ នេះបានធ្វើឲ្យចិនក្លាយជាប្រទេសដែលមានមហាសេដ្ឋីច្រើនជាងគេលំដាប់ទី ២ បន្ទាប់ពីសហរដ្ឋអាមេរិក ដែលមានមហាសេដ្ឋី ១.១៣៥នាក់ គិតត្រឹមឆ្នាំមុន។
យោងតាមក្រុមហ៊ុនវិភាគទិន្នន័យ Altrata ដែលមានមូលដ្ឋាននៅទីក្រុងញូវយ៉ក បានឲ្យដឹងថា មហាសេដ្ឋីចិនដីគោកមានទ្រព្យសម្បត្តិសរុបប្រមាណ ១.២៩ ទ្រីលានដុល្លារ ខណៈដែលមហាសេដ្ឋីអាមេរិកមានដល់ ៥.៧៤ ទ្រីលានដុល្លារ។
ក្រឡេកមកមើលប្រទេសផ្សេងវិញ អាល្លឺម៉ង់ឈរនៅលំដាប់ទី ៣ ដោយមានមហាសេដ្ឋី ១៨៤នាក់ ខណៈចក្រភពអង់គ្លេស និងរុស្ស៊ី មានមហាសេដ្ឋី ១២៨នាក់ដូចគ្នា។ 
ក្រុមហ៊ុន Altrata ក៏បានបញ្ជាក់ដែរថា ទ្រព្យសម្បត្តិរបស់មហាសេដ្ឋីចិនភាគច្រើនបានរងផលប៉ះពាល់ដោយវិបត្តិអចលនទ្រព្យ សម្ពាធបទប្បញ្ញត្តិ ការប្រើប្រាស់ក្នុងស្រុកធ្លាក់ចុះ និងទីផ្សារមូលធនប្រែប្រួល។
គួរកត់សម្គាល់ថា ចំនួនមហាសេដ្ឋីសរុបទូទាំងពិភពលោកបានកើនឡើង ៥.៦% ក្នុងឆ្នាំ២០២៤ ដោយឈានដល់កម្រិតខ្ពស់បំផុតថ្មីមួយគឺ ៣.៥០៨នាក់។ ទ្រព្យសម្បត្តិសរុបរបស់មហាសេដ្ឋីទាំងអស់បានកើនឡើង ១០.៣% ដល់កម្រិតកំណត់ត្រា ១៣.៤ ទ្រីលានដុល្លារ។
