ខេត្តព្រះវិហារ៖ សេវាច្រកចេញចូលតែមួយ បន្តបម្រើប្រជាពលរដ្ឋយ៉ាងសកម្ម ទោះជួបវិបត្តិព្រំដែន ៩ខែដើមឆ្នាំ២០២៥

ខេត្តព្រះវិហារ៖ សេវាច្រកចេញចូលតែមួយ បន្តបម្រើប្រជាពលរដ្ឋយ៉ាងសកម្ម ទោះជួបវិបត្តិព្រំដែន ៩ខែដើមឆ្នាំ២០២៥

ភ្នំពេញ៖ ខុសប្លែកពីបណ្ដារាជធានី-ខេត្តដទៃ ការផ្ដល់សេវាច្រកចេញចូលតែមួយនៅខេត្តព្រះវិហារ ក្នុងរយៈពេល៩ខែដើមឆ្នាំ២០២៥ នេះ ត្រូវប្រឈមនឹងការរអាក់រអួលខ្លះៗ ដោយសារតែស្ថានភាពជម្លោះព្រំដែនកម្ពុជា-ថៃ។ ទោះជាយ៉ាងណាក្ដី ក្រោមការយកចិត្តទុកដាក់ខ្ពស់ពីលោកអភិបាលខេត្ត មន្ត្រីច្រកចេញចូលតែមួយគ្រប់លំដាប់ថ្នាក់ បានបន្តប្ដេជ្ញាចិត្តផ្ដល់សេវាជូនប្រជាពលរដ្ឋឱ្យបានល្អប្រសើរ និងអស់ពីលទ្ធភាព។

ជាក់ស្ដែង ក្នុងរយៈពេល៩ខែ ដើមឆ្នាំ២០២៥នេះ អង្គភាពច្រកចេញចូលតែមួយរបស់រដ្ឋបាលខេត្តព្រះវិហារ បានផ្ដល់សេវាជូនប្រជាពលរដ្ឋបានចំនួន ៤.២៧២សេវា ដោយទទួលបានចំណូលសរុប ៥០៩.៥៤០.២៦០រៀល។ តាមរបាយការណ៍ សេវាដែលមានពលរដ្ឋស្នើសុំច្រើនជាងគេ រួមមាន៖ វិស័យកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ចំនួន១.៦២០សេវា, វិស័យសាធារណៈការ និងដឹកជញ្ជូន ចំនួន១.៣៦១សេវា, វិស័យរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ចំនួន៧៧២សេវា និងវិស័យនីត្យានុកូលកម្ម ចំនួន៣៥៤សេវា។

របាយការណ៍ដដែល ដែលផ្ដល់ដោយរដ្ឋបាលខេត្តព្រះវិហារ ជូនដល់ក្រុមអ្នកនាំពាក្យក្រសួងមហាផ្ទៃ បានបញ្ជាក់ថា សម្រាប់ច្រកចេញចូលតែមួយថ្នាក់ក្រុង-ស្រុកទាំង៨ មន្ត្រីបានផ្ដល់សេវាបាន ៣០.៨៥៩សេវា ជាមួយចំណូល ៦៦.៥៨៧.០០០រៀល។ ចំណែកឯយន្តការច្រកចេញចូលតែមួយរបស់រដ្ឋបាលឃុំ-សង្កាត់ទាំង៥១ បានផ្ដល់សេវាសរុប ៣១.៤២៥សេវា និងទទួលបានចំណូល ៣០.៨៨៤.០០០រៀល។

គួរកត់សម្គាល់ថា ក្នុងអំឡុងពេលតានតឹង ដោយសារការឈ្លានពានពីភាគីថៃ រដ្ឋបាលស្រុកជាំក្សាន្ត និងឃុំចំនួន៧ ត្រូវបានផ្អាកដំណើរការផ្ដល់សេវាជាបណ្ដោះអាសន្ន ចាប់ពីថ្ងៃទី២៤ ខែកក្កដា ដល់ថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៥ ទើបចាប់ផ្ដើមដំណើរការឡើងវិញ។ យ៉ាងណាមិញ ឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ និងក្រុមប្រឹក្សាខេត្ត បានយកចិត្តទុកដាក់ខ្ពស់ ជំរុញ និងណែនាំដល់អង្គភាពច្រកចេញចូលតែមួយ មន្ទីរ អង្គភាព រដ្ឋបាលក្រុង-ស្រុក ឃុំ-សង្កាត់ ទាំងអស់ ឱ្យបន្តបម្រើសេវាជូនប្រជាពលរដ្ឋប្រកបដោយភាពសាមញ្ញ សីលធម៌វិជ្ជាជីវៈ គណនេយ្យភាព ទំនុកចិត្ត និងតម្លាភាព ស្របតាមគោលការណ៍រដ្ឋបាល។

ដើម្បីពង្រឹងយន្តការច្រកចេញចូលតែមួយនៅថ្នាក់ក្រុង-ស្រុក រដ្ឋបាលខេត្តព្រះវិហារ ក៏បានគ្រោងថវិកាសម្រាប់ឆ្នាំ២០២៥ ដើម្បីសាងសង់អគារការិយាល័យច្រកចេញចូលតែមួយបន្ថែមចំនួន៣ទៀត ក្នុងគោលបំណងធានាឱ្យគ្រប់ក្រុង-ស្រុកទាំង៨ មានការិយាល័យច្រកចេញចូលតែមួយ សម្រាប់ផ្ដល់សេវាជូនពលរដ្ឋបានគ្រប់ទីកន្លែង។ អគារទាំង៣នេះ នឹងដាក់ឱ្យដំណើរការផ្ដល់សេវានៅឆ្នាំ២០២៦ខាងមុខ។ នេះបើយោងតាមរបាយការណ៍ពីរដ្ឋបាលខេត្តព្រះវិហារ។

One-Stop Service in Preah Vihear

ដោយ ៖ សេង បូលីន មន្ត្រីអ្នកនាំពាក្យក្រសួងមហាផ្ទៃ

administrator

Related Articles