ខេត្តតាកែវ៖ អ្នកផលិតមាតិកាមួយរូប ត្រូវបានក្រសួងព័ត៌មានកោះហៅមកអប់រំ បន្ទាប់ពីបានផលិតវីដេអូដែលមានខ្លឹមសារប្រាសចាកក្រមសីលធម៌ ដោយលើកឡើងជាសំណួរថា «តើខេត្តណាសាហាវឃោរឃៅជាងគេ?» ដែលធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់កិត្តិយសខេត្តតាកែវ និងបង្កឱ្យមានការរើសអើងក្នុងសង្គម។ កាលពីពេលថ្មីៗនេះ ប្រជាពលរដ្ឋ និងអ្នកប្រើប្រាស់បណ្ដាញសង្គមជាច្រើន បានផ្ទុះការប្រតិកម្មយ៉ាងខ្លាំងក្លាចំពោះបុគ្គលម្នាក់ឈ្មោះ «បញ្ញា-Panha» ដែលបានផលិតវីដេអូបែបកំប្លែង និងចម្អកទៅកាន់ប្រជាពលរដ្ឋខេត្តតាកែវ។ ការផលិតមាតិកាបែបនេះ ត្រូវបានមហាជនចាត់ទុកថា ជាទង្វើមួយដែលនាំឱ្យមានការស្អប់ខ្ពើម និងការរើសអើងជាតិសាសន៍។

ក្នុងវីដេអូនោះ អ្នកបង្កើតមាតិការូបនេះ បានដើរសួរយុវជនមួយចំនួនថា «ខេត្តណាសាហាវព្រៃផ្សៃជាងគេ?» ហើយពួកគេបានឆ្លើយថាខេត្តតាកែវ។ ទង្វើនេះបានធ្វើឱ្យមានការខឹងសម្បារយ៉ាងខ្លាំងពីសំណាក់ប្រជាពលរដ្ឋ ជាពិសេសអ្នកខេត្តតាកែវ។ តាមរយៈបណ្ដាញសង្គម ប្រជាពលរដ្ឋជាច្រើនបានគាំទ្រឱ្យក្រសួងព័ត៌មានរឹតបន្តឹងការគ្រប់គ្រងលើអ្នកផលិតមាតិកាវីដេអូ ដោយតម្រូវឱ្យពួកគេចុះឈ្មោះនៅក្រសួង និងមានសញ្ញាបត្រយ៉ាងតិចបរិញ្ញាបត្រពីសាលាដែលទទួលស្គាល់។ ប្រជាពលរដ្ឋយល់ថា ប្រសិនបើគ្មានការគ្រប់គ្រងច្បាស់លាស់ទេ នឹងបង្កភាពរញ៉េរញ៉ៃ ខណៈក្មេងទំនើងមួយចំនួនដែលគ្មានសីលធម៌អាចបង្កើតមាតិកាដែលជះឥទ្ធិពលអាក្រក់ដល់ក្មេងៗជំនាន់ក្រោយ។

ពលរដ្ឋមួយរូបទៀតបានលើកឡើងថា ខេត្តតាកែវ គឺជាខេត្តមួយក្នុងចំណោមខេត្តដំបូងគេ ដែលមានប្រជាជន និងថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ពោរពេញដោយបេះដូងមនុស្សធម៌ សម្រាប់ការងារសង្គម និងសន្តិភាព។ ការធ្វើមាតិកាបែបនេះ គឺហាក់បីដូចជាការយកខេត្តតាកែវមកលេងសើច និងជាការប្រមាថមើលងាយ។ ពួកគេបានទាមទារឱ្យអ្នកផលិតមាតិការូបនោះ ត្រូវតែធ្វើការសុំទោសជាសាធារណៈចំពោះប្រជាពលរដ្ឋខេត្តតាកែវទាំងមូល បើមិនដូច្នេះទេ នឹងមានការចាត់វិធានការតាមផ្លូវច្បាប់។

ជុំវិញករណីនេះ លោក វ៉ី សំណាង អភិបាលខេត្តតាកែវ បានលើកឡើងថា ការផលិតមាតិកាបែបនេះ គឺជាទង្វើខ្វះសីលធម៌ និងវិជ្ជាជីវៈ ដែលធ្វើឱ្យប្រជាពលរដ្ឋក្នុងខេត្តទាំងមូលត្រូវបានគេរើសអើង។ លោកបានបញ្ជាក់បន្ថែមថា លោកមិនអាចទទួលយកទង្វើនេះបានទេ ហើយបានណែនាំឱ្យមន្ទីរព័ត៌មានខេត្ត តាមរកបុគ្គលនេះដើម្បីចាត់ការតាមនីតិវិធីច្បាប់។ មកទល់ពេលនេះ អ្នកផលិតមាតិការូបនោះត្រូវបានក្រសួងព័ត៌មានកោះហៅមកអប់រំ និងដាស់តឿនឱ្យបញ្ឈប់ការផលិតមាតិកាដែលប៉ះពាល់ដល់សីលធម៌សង្គម និងកិត្តិយសអ្នកដទៃ។
