កំពង់ផែទឹកជ្រៅខេត្តព្រះសីហនុ បោះជំហានជិត៥០% សំដៅប្រែក្លាយកម្ពុជាជាមជ្ឈមណ្ឌលដឹកជញ្ជូនតំបន់!

កំពង់ផែទឹកជ្រៅខេត្តព្រះសីហនុ បោះជំហានជិត៥០% សំដៅប្រែក្លាយកម្ពុជាជាមជ្ឈមណ្ឌលដឹកជញ្ជូនតំបន់!

ក្រុងព្រះសីហនុ ៖ គម្រោងអភិវឌ្ឍន៍ចំណតផែកុងតឺន័រទឹកជ្រៅថ្មី ដំណាក់កាលទី១ នៃកំពង់ផែស្វយ័តក្រុងព្រះសីហនុ បានបង្ហាញវឌ្ឍនភាពដ៏គាប់ប្រសើរ ដោយសម្រេចបាន ៤៧,៩០% ហើយ គិតត្រឹមដំណាច់ខែតុលា។ លទ្ធផលនេះ ត្រូវបានលើកឡើងក្នុងកិច្ចប្រជុំប្រចាំខែតុលា ដើម្បីត្រួតពិនិត្យវឌ្ឍនភាព និងសុវត្ថិភាពការដ្ឋានសាងសង់។

លោក ទី សាគុណ អគ្គនាយករងទទួលបន្ទុកបច្ចេកទេសនៃកំពង់ផែស្វយ័តក្រុងព្រះសីហនុ បានដឹកនាំកិច្ចប្រជុំប្រចាំខែនេះ ដើម្បីតាមដានយ៉ាងដិតដល់នូវដំណើរការសាងសង់គម្រោងជាមួយក្រុមហ៊ុន TOA Corporation និងក្រុមហ៊ុនទីប្រឹក្សា Nippon Koei & Oriental Consultant Global JV។កំពង់ផែស្វយ័តក្រុងព្រះសីហនុ

មន្ត្រីកំពង់ផែស្វយ័តក្រុងព្រះសីហនុបានបញ្ជាក់ថា គម្រោងដំណាក់កាលទី១ ដែលគ្រោងបញ្ចប់នៅឆ្នាំ២០២៨ នេះ គឺបានសម្រេចជាង ៤៧,៩០% ហើយ គិតត្រឹមដំណាច់ខែតុលា ឆ្នាំ២០២៥។ រដ្ឋាភិបាលបានបោះទុនវិនិយោគប្រមាណ ៧៥០ លានដុល្លារ សម្រាប់ការអភិវឌ្ឍកំពង់ផែទឹកជ្រៅទាំង ៣ ដំណាក់កាលនេះ ដើម្បីត្រៀមឆ្លើយតបនឹងកំណើននៃការដឹកជញ្ជូនទំនិញតាមផ្លូវសមុទ្រ និងពាណិជ្ជកម្មរបស់កម្ពុជា។

ការអភិវឌ្ឍចំណតផែកុងតឺន័រថ្មីទាំង ៣ ដំណាក់កាលនេះ នឹងប្រែក្លាយកំពង់ផែស្វយ័តក្រុងព្រះសីហនុ ទៅជាកំពង់ផែអន្តរជាតិខ្នាតធំ (Hub Port) ដែលអាចអនុញ្ញាតឱ្យនាវាកុងតឺន័រធុនធំៗពីគ្រប់ទិសទីជុំវិញពិភពលោក ចូលចតបានដោយរលូន ពុំមានការរអាក់រអួលលើជម្រៅទឹកឡើយ នេះបើយោងតាមការបញ្ជាក់របស់លោកនាយករដ្ឋមន្ត្រី។កំពង់ផែស្វយ័តក្រុងព្រះសីហនុ

ចំណតផែកុងតឺន័រទឹកជ្រៅដំណាក់កាលទី១ ដែលមានជម្រៅទឹក ១៤,៥ ម៉ែត្រ និងគ្រោងបញ្ចប់នៅឆ្នាំ២០២៨ នឹងអាចអនុញ្ញាតឱ្យនាវាធំៗប្រមាណ ៩៣% ក្នុងតំបន់ចូលចតបាន។ ចំណែកឯដំណាក់កាលទី២ និងទី៣ នឹងបន្តពង្រីកជាបន្តបន្ទាប់ ដែលក្រោយបញ្ចប់ទាំង ៣ ដំណាក់កាល កម្ពុជានឹងអាចដឹកជញ្ជូនទំនិញផ្ទាល់ទៅកាន់កំពង់ផែនៅអឺរ៉ុប និងអាមេរិក ដោយពុំចាំបាច់ឆ្លងកាត់កំពង់ផែប្រទេសទី៣ ក្នុងតំបន់ទៀតឡើយ។

សមាគមដឹកជញ្ជូនក៏បានគូសបញ្ជាក់ពីសារៈសំខាន់នៃការអភិវឌ្ឍកំពង់ផែទឹកជ្រៅក្រុងព្រះសីហនុនេះ ដែលនឹងជួយកាត់បន្ថយថ្លៃដើមដឹកជញ្ជូនយ៉ាងច្រើន ធ្វើឱ្យកម្ពុជាមានឯករាជ្យភាពក្នុងការដឹកជញ្ជូន និងបង្កើនសមត្ថភាពប្រកួតប្រជែងកាន់តែខ្លាំងក្លានៅលើឆាកអន្តរជាតិ។កំពង់ផែស្វយ័តក្រុងព្រះសីហនុ

បច្ចុប្បន្ន ការដឹកជញ្ជូនទំនិញចេញចូលកម្ពុជាមានតម្លៃថ្លៃខ្ពស់ ដោយសារតែត្រូវឆ្លងកាត់ការលើកដាក់នៅកំពង់ផែប្រទេសទី៣ ដែលបង្កើនបន្ទុកចំណាយយ៉ាងធ្ងន់ធ្ងរដល់អ្នកជំនួញកម្ពុជា។

តាមរយៈគម្រោងអភិវឌ្ឍន៍កំពង់ផែទឹកជ្រៅថ្មីរបស់រដ្ឋាភិបាល ដែលគ្រោងចំណាយថវិការហូតជិត ១ ពាន់លានដុល្លារអាមេរិក លោក ជា ចាន់ដារ៉ា បានសង្កត់ធ្ងន់ថា វានឹងពង្រីកសមត្ថភាពដឹកជញ្ជូនទំនិញតាមផ្លូវសមុទ្ររបស់កម្ពុជាឱ្យកាន់តែសកម្ម រួមចំណែកដល់កំណើនសេដ្ឋកិច្ច និងពាណិជ្ជកម្មអន្តរជាតិរបស់ប្រទេសជាតិ។

administrator

Related Articles