ភ្នំពេញ៖ រថយន្តក្រឡុកស៊ីម៉ង់ត៍ដែលបានបើកបុកបុរសម្នាក់ជិះកង់ហាត់ប្រាណបណ្ដាលឲ្យស្លាប់ កាលពីព្រឹកមិញនៅសង្កាត់ទឹកថ្លា ត្រូវបានកម្លាំងនគរបាលខណ្ឌសែនសុខស្រាវជ្រាវឃាត់ខ្លួនបានហើយ។

លោកវរៈសេនីយ៍ឯក ហួរ ម៉េងវ៉ាង អធិការនគរបាលខណ្ឌសែនសុខ បានឲ្យដឹងថា រថយន្តក្រឡុកស៊ីម៉ង់ត៍ដែលបង្កគ្រោះថ្នាក់ចរាចរណ៍បុកអ្នកជិះកង់ស្លាប់ ត្រូវបានលោកដឹកនាំកម្លាំងស្រាវជ្រាវឃាត់បាននៅទីតាំងក្រឡុកស៊ីម៉ង់ត៍មួយកន្លែង ស្ថិតក្នុងសង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
លោកអធិការបានបន្តទៀតថា បន្ទាប់ពីកើតមានគ្រោះថ្នាក់ខាងលើរួចមក លោកបានដឹកនាំកម្លាំងចុះស្រាវជ្រាវ និងឆែកឆេរតាមកាមេរ៉ាសុវត្ថិភាព រកឃើញរថយន្តបង្កនៅទីតាំងបាញ់ស៊ីម៉ង់ត៍មួយកន្លែង ក្នុងខណ្ឌដង្កោ បន្ទាប់ពីប្រទះឃើញកង់ជនរងគ្រោះជ្រុះ។
ខណៈនោះ ម្ចាស់រថយន្តបានបដិសេធដំបូង។ លុះក្រោយមក ដោយមានការផ្ទៀងផ្ទាត់តាមកាមេរ៉ាសុវត្ថិភាពបញ្ជាក់ថា ពិតជារថយន្តបង្កនោះ សមត្ថកិច្ចក៏បន្តស្រាវជ្រាវ ហើយឈានទៅឃាត់រថយន្តនោះនៅទីតាំងក្រុមហ៊ុនក្រឡុកស៊ីម៉ង់ត៍តែម្ដង។ ចំណែកអ្នកបើកបរបានរត់គេចខ្លួនបាត់។
គួររំលឹកឡើងវិញថា បុរសជិះកង់ហាត់ប្រាណម្នាក់ ត្រូវបានរថយន្តក្រឡុកស៊ីម៉ង់ត៍ខាងលើបុកពីក្រោយ បណ្ដាលឲ្យបោកក្បាលស្លាប់នៅនឹងកន្លែង ហើយកិនកង់ជាប់ក្រោមរថយន្តអូសប្រមាណជិត ១០គីឡូម៉ែត្រ។
គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នេះ បានកើតឡើងកាលពីវេលាម៉ោង ៥ និង ៣០ នាទីព្រឹក ថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅតាមបណ្ដោយផ្លូវភ្នំពេញ-ហាណូយ ខាងជើងស្ពានអាកាសផ្សារដីហុយ ក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
ជនរងគ្រោះមានឈ្មោះ អៀង ចិន្តា ភេទប្រុស អាយុ ៥៤ឆ្នាំ មានលំនៅភូមិដីថ្មី សង្កាត់គោកឃ្លាំង ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
តាមព័ត៌មានបានឲ្យដឹងថា មុនពេលកើតហេតុ ជនរងគ្រោះបានជិះកង់ហាត់ប្រាណដូចសព្វដង ធ្វើដំណើរតាមផ្លូវភ្នំពេញ-ហាណូយ ក្នុងទិសដៅពីជើងទៅត្បូង។ នៅពេលធ្វើដំណើរមកដល់កន្លែងកើតហេតុជិតដល់ស្ពានអាកាសផ្សារដីហុយ ស្រាប់តែមានរថយន្តមួយគ្រឿងធ្វើដំណើរស្របគ្នា មកពីក្រោយហើយបុកជនរងគ្រោះពេញទំហឹង បណ្ដាលឲ្យដេកដួលនៅបោកក្បាលស្លាប់នៅនឹងកន្លែង។ 
បន្ទាប់ពីកើតមានគ្រោះថ្នាក់ រថយន្តបង្កបានកិនកង់អូសយកទៅជាមួយ ហើយគេចខ្លួនបាត់ បន្សល់ទុកជនរងគ្រោះដេកស្លាប់នៅនឹងកន្លែង។ លុះក្រោយមក គេប្រទះឃើញកង់ដាច់ជាពីរ ជ្រុះនៅតាមបណ្ដោយផ្លូវ ៣៧១ កែងផ្លូវចូលបឹងតាខ្មៅ ក្នុងភូមិម័រ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ចម្ងាយប្រមាណជិត ១០គីឡូម៉ែត្រពីកន្លែងកើតហេតុ។
ក្រោយកើតហេតុ ដោយមានការយកចិត្តទុកដាក់ពីអធិការដ្ឋាននគរបាលខណ្ឌសែនសុខ បានដឹកនាំកម្លាំងជំនាញចុះស្រាវជ្រាវ រហូតឈានទៅដល់ការឃាត់បានរថយន្តបង្ក តែអ្នកបើកបរបានរត់គេចខ្លួនបាត់បន្តទៅទៀត។
