⚡️អាជ្ញាធរអគ្គិសនីកម្ពុជា បង្ហាញមុខក្រុមជនខិលខូច លួចកែនាឡិកាភ្លើងជាង១០០គ្រឿង នៅកំពត!

⚡️អាជ្ញាធរអគ្គិសនីកម្ពុជា បង្ហាញមុខក្រុមជនខិលខូច លួចកែនាឡិកាភ្លើងជាង១០០គ្រឿង នៅកំពត!

ភ្នំពេញ ៖ អាជ្ញាធរអគ្គិសនីកម្ពុជា (EAC) បានចេញមុខជម្រាបជូនសាធារណជនឲ្យបានជ្រាបថា ថ្មីៗនេះ ខ្លួនបានប្រទះឃើញករណីជនខិលខូចមួយក្រុម បានដើរបោកបញ្ឆោតប្រជាពលរដ្ឋ ដែលជាអ្នកប្រើប្រាស់អគ្គិសនី ស្ថិតនៅតំបន់ឃុំព្រៃទន្លេ ស្រុកបន្ទាយមាស និងឃុំដងទង់ ស្រុកដងទង់ ខេត្តកំពត ក្នុងតំបន់ផ្គត់ផ្គង់របស់សហគ្រាសអគ្គិសនី ទូកមាស។ ជនល្មើសទាំងនេះ បានជួលឲ្យកែច្នៃនាឡិកាស្ទង់អគ្គិសនី ដើម្បីឲ្យចំនួនអគ្គិសនី (kWh) ដែលប្រើប្រាស់ប្រចាំខែថយចុះតិចជាងធម្មតា ដែលជាអំពើខុសច្បាប់។

ក្នុងការចុះត្រួតពិនិត្យជំហានដំបូង អាជ្ញាធរអគ្គិសនីកម្ពុជាបានរកឃើញនាឡិកាស្ទង់អគ្គិសនីជាង ១០០គ្រឿង នៅក្នុងតំបន់ខាងលើ ត្រូវបានគេកែច្នៃ។

បច្ចុប្បន្ន សហគ្រាសអគ្គិសនី ទូកមាស កំពុងសហការយ៉ាងជិតស្និទ្ធជាមួយអ្នកប្រើប្រាស់ ដែលនាឡិកាស្ទង់របស់ពួកគាត់ត្រូវបានកែច្នៃ និងអាជ្ញាធរមានសមត្ថកិច្ច ដើម្បីស្វែងរកចាប់ខ្លួនបុគ្គលជាអ្នកកែច្នៃនាឡិកាស្ទង់ទាំងនោះ យកមកចាត់វិធានការតាមផ្លូវច្បាប់ជាធរមាន។

អាជ្ញាធរអគ្គិសនីកម្ពុជា ក៏បានអំពាវនាវដល់អ្នកប្រើប្រាស់អគ្គិសនី ដែលស្ថិតនៅក្នុងតំបន់ខាងលើ សូមមេត្តាជួយសហការជាមួយសហគ្រាសអគ្គិសនី ទូកមាស និងអាជ្ញាធរមានសមត្ថកិច្ច ពាក់ព័ន្ធនឹងកិច្ចការនេះ ដើម្បីឈានទៅរកដំណោះស្រាយប្រកបដោយប្រសិទ្ធភាព។

ជាមួយគ្នានេះ អាជ្ញាធរអគ្គិសនីកម្ពុជា ក៏សូមអំពាវនាវយ៉ាងទទូចដល់អ្នកប្រើប្រាស់អគ្គិសនីទូទៅ ទាំងអ្នកនៅតំបន់រងគ្រោះ និងទូទាំងប្រទេស សូមមេត្តាកុំប៉ះពាល់ ឬចូលរួមកែច្នៃនាឡិកាស្ទង់អគ្គិសនីជាដាច់ខាត ព្រោះនេះជាទង្វើខុសច្បាប់ ហើយនឹងត្រូវប្រឈមមុខនឹងការដាក់ទោសទណ្ឌតាមច្បាប់។

ដោយ ៖ សិលា

administrator

Related Articles