យុវជន​អ្នក​ផលិត​មាតិកា “បញ្ញា-Panha” ធ្វើ​កិច្ចសន្យា ៥ ចំណុច​ចំពោះ​មុខ​សមត្ថកិច្ច បញ្ឈប់​រាល់​ទង្វើ​ប៉ះពាល់​កិត្តិយស​ខេត្ត​តាកែវ និង​ខេត្ត​ដទៃ

យុវជន​អ្នក​ផលិត​មាតិកា “បញ្ញា-Panha” ធ្វើ​កិច្ចសន្យា ៥ ចំណុច​ចំពោះ​មុខ​សមត្ថកិច្ច បញ្ឈប់​រាល់​ទង្វើ​ប៉ះពាល់​កិត្តិយស​ខេត្ត​តាកែវ និង​ខេត្ត​ដទៃ

ភ្នំពេញ៖ នៅថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២៥ យុវជន​អ្នក​ផលិត​មាតិកា​ម្នាក់​ដែល​ប្រើ​ឈ្មោះ «បញ្ញា-Panha» ដែល​បាន​ផលិត​វីដេអូ​មាន​លក្ខណៈ​ប៉ះពាល់​ដល់​កិត្តិយស​ខេត្ត​តាកែវ បាន​បង្ហាញ​ខ្លួន​ចំពោះ​មុខ​សមត្ថកិច្ច និង​បាន​ចុះ​ហត្ថលេខា​លើ​លិខិត​កិច្ចសន្យា​បញ្ឈប់​ជា​ស្ថាពរ​នូវ​រាល់​ទង្វើ​ទាំងឡាយ​ណា​ដែល​អាច​បង្ក​ផល​ប៉ះពាល់​ដល់​កិត្តិយស​ខេត្ត​តាកែវ ក៏​ដូចជា​ខេត្ត​ដទៃ​ទៀត​នៅ​កម្ពុជា។

នៅ​ក្នុង​កិច្ចសន្យា​ដែល​ធ្វើ​ឡើង​ចំពោះ​មុខ​សមត្ថកិច្ច លោក តែត បញ្ញា ដែល​មាន​អាយុ ២០ ឆ្នាំ មាន​ទីលំនៅ​ភូមិ​ហាន់ទា ឃុំ​កំពែង ស្រុក​គិរីវង្ស ខេត្ត​តាកែវ បាន​ប្តេជ្ញា​ចិត្ត​ដូច​ខាង​ក្រោម៖
១៖ បញ្ឈប់​ជា​បន្ទាន់​នូវ​រាល់​ទង្វើ​ទុច្ចរិត​ទាំងឡាយ​ណា​ដែល​អាច​នាំ​ឲ្យ​ប៉ះពាល់​ដល់​កិត្តិយស​ខេត្ត​តាកែវ។
២៖ បញ្ឈប់​ជា​បន្ទាន់​នូវ​រាល់​ទង្វើ​ទុច្ចរិត​ទាំងឡាយ​ណា​ដែល​អាច​នាំ​ឲ្យ​ប៉ះពាល់​ដល់​កិត្តិយស​របស់​ខេត្ត​ដទៃ​ទៀត។
៣៖ មិន​ធ្វើ​ខ្លួន​ជា​ក្មេង​ទំនើង ឬ​បង្ក​បញ្ហា​ផ្សេងៗ​ដល់​សង្គម​ជាតិ។
៤៖ មិន​ធ្វើ​សកម្មភាព​ទាំងឡាយ​ណា​ដែល​ផ្ទុយ​នឹង​ច្បាប់​នៃ​ព្រះរាជាណាចក្រ​កម្ពុជា។
៥៖ ក្នុង​ករណី​មិន​គោរព​តាម​កិច្ចសន្យា​នេះ លោក​យល់ព្រម​ប្រគល់​សិទ្ធិ​ជូន​សមត្ថកិច្ច​ចាត់ចែង​តាម​នីតិវិធី​ច្បាប់​ជា​ធរមាន។

គួរ​រំលឹក​ផង​ដែរ​ថា ប្រជាពលរដ្ឋ​និង​អ្នក​ប្រើប្រាស់​បណ្ដាញ​សង្គម Facebook ជាច្រើន​បាន​សម្តែង​ការ​មិន​ពេញ​ចិត្ត និង​ប្រតិកម្ម​យ៉ាង​ខ្លាំង​ចំពោះ​វីដេអូ​របស់ «បញ្ញា-Panha» ដែល​ពួក​គាត់​ចាត់​ទុក​ថា​ជា​ការ​បង្កើត​មាតិកា​លេងសើច និង​ចម្អក​ចំអន់​ទៅ​លើ​អ្នក​ខេត្ត​តាកែវ ដែល​អាច​នាំ​ឲ្យ​មាន​ការ​ស្អប់ខ្ពើម និង​ការ​រើសអើង។

វីដេអូ​ដ៏​ចម្រូងចម្រាស​នោះ​គឺ​ការ​ដើរ​សួរ​យុវជន​ផ្សេងៗ​ថា «ខេត្ត​ណា​សាហាវ​ព្រៃផ្សៃ​ជាង​គេ?» ហើយ​ចម្លើយ​ដែល​បាន​ទទួល​គឺ «ខេត្ត​តាកែវ»។

បន្ទាប់​ពី​មាន​ការ​ប្រតិកម្ម លោក បញ្ញា ក៏​បាន​ចេញ​វីដេអូ​សុំទោស​ជា​សាធារណៈ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ខេត្ត​តាកែវ​ចំពោះ​កំហុស​ឆ្គង​របស់​ខ្លួន ហើយ​ក្រសួង​ព័ត៌មាន​ក៏​បាន​កោះហៅ​ដើម្បី​អប់រំ​ណែនាំ​រួច​រាល់​ហើយ​ដែរ។

administrator

Related Articles