ខេត្តកំពង់ចាម៖ កម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ចាម បានចុះប្រតិបត្តិការបង្ក្រាបក្រុមជនបង្ក ៤នាក់ ដែលបានប្រើប្រាស់ម៉ូតូកែច្នៃបំពង់ស៊ីម៉ាំងបំពងសំឡេងខ្លាំងៗ រំខានដល់ការរស់នៅរបស់ប្រជាពលរដ្ឋយ៉ាងធ្ងន់ធ្ងរ។ ប្រតិបត្តិការនេះបានធ្វើឡើងកាលពីយប់ថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅក្នុងភូមិសាស្ត្រក្រុងកំពង់ចាម។

ការបង្ក្រាបនេះ គឺធ្វើឡើងតាមបទបញ្ជាយ៉ាងម៉ឺងម៉ាត់របស់ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្ត និងជាប្រធានគណៈកម្មការបញ្ជាឯកភាពខេត្ត។ កម្លាំងជំនាញបានដកហូតម៉ូតូកែច្នៃខុសបច្ចេកទេសចំនួន ៣គ្រឿង និងឃាត់ខ្លួនជនបង្កបានចំនួន ៤នាក់ ដើម្បីយកមកសាកសួរ និងចាត់ការតាមនីតិវិធី។

បច្ចុប្បន្ន ជនបង្កទាំង ៤នាក់ ព្រមទាំងវត្ថុតាង (ម៉ូតូ ៣គ្រឿង) ត្រូវបានបញ្ជូនទៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ចាម ដើម្បីកសាងសំណុំរឿង និងអនុវត្តតាមនីតិវិធីច្បាប់ជាធរមាន៕
