អភិបាលខេត្តតាកែវ ដាស់តឿនយុវជនអ្នកបង្កើតមាតិកា៖ ត្រូវមានក្រមសីលធម៌ខ្ពស់ ការពារកិត្តិយសខេត្ត!

អភិបាលខេត្តតាកែវ ដាស់តឿនយុវជនអ្នកបង្កើតមាតិកា៖ ត្រូវមានក្រមសីលធម៌ខ្ពស់ ការពារកិត្តិយសខេត្ត!

(ខេត្តតាកែវ)៖ កាលពីថ្ងៃទី ៣ ខែវិច្ឆិកា ឆ្នាំ២០២៥ ក្រសួងព័ត៌មានបានផ្សាយថា រដ្ឋបាលខេត្តតាកែវ បានចេញសេចក្តីណែនាំយ៉ាងមុតមាំដល់យុវជនអ្នកបង្កើតមាតិកាទាំងអស់ ត្រូវប្រកាន់ខ្ជាប់នូវក្រមសីលធម៌វិជ្ជាជីវៈខ្ពស់ និងពិនិត្យខ្លឹមសារឲ្យបានច្បាស់លាស់មុននឹងផ្សព្វផ្សាយ ដើម្បីជៀសវាងការប៉ះពាល់ដល់កិត្តិយស សេចក្តីថ្លៃថ្នូររបស់អ្នកដទៃ ក៏ដូចជាមុខមាត់របស់ខេត្ត។

ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តតាកែវ បានសង្កត់ធ្ងន់លើសារៈសំខាន់នៃការសិក្សា និងការត្រួតពិនិត្យខ្លឹមសារមុនការផ្សព្វផ្សាយ ដើម្បីធានាថា មាតិកាទាំងនោះមានលក្ខណៈវិជ្ជាជីវៈ ត្រឹមត្រូវ មិនញុះញង់ ឬធ្វើឲ្យប៉ះពាល់ដល់កិត្តិយសផ្ទាល់ខ្លួន និងរូបភាពសាធារណៈរបស់ខេត្ត។

ការណែនាំដ៏ម៉ឺងម៉ាត់នេះ ត្រូវបានធ្វើឡើងនៅក្នុងឱកាសដែលឯកឧត្តមអញ្ជើញចូលរួមបើកបវេសនកាលឆ្នាំសិក្សាថ្មី ២០២៥-២០២៦ នៅវិទ្យាល័យជាស៊ីម ក្នុងក្រុងដូនកែវ កាលពីថ្ងៃចន្ទ ទី៤ ខែវិច្ឆិកា ឆ្នាំ២០២៥។ ឯកឧត្តមអភិបាលខេត្តបានលើកឡើងពីករណីថ្មីៗនេះ ដែលមានយុវជនម្នាក់បានបង្កើតមាតិកាបង្កផលប៉ះពាល់ធ្ងន់ធ្ងរដល់ប្រជាពលរដ្ឋ និងកិត្តិយសខេត្តតាកែវទាំងមូល។ ឯកឧត្តមមានប្រសាសន៍ថា៖ «ការផលិតមាតិកាដែលប៉ះពាល់ដល់មុខមាត់ខេត្តតាកែវ ជាពិសេសដល់បងប្អូនប្រជាពលរដ្ឋជាងមួយលាននាក់ គឺជាទង្វើខ្វះសីលធម៌ និងគ្មានវិជ្ជាជីវៈ ដែលធ្វើឲ្យពួកគេត្រូវបានគេរើសអើង»។

ឯកឧត្តមបានបន្តទៀតថា ករណីបែបនេះគឺមិនអាចទទួលយកបានដាច់ខាតឡើយ។ ជាមួយគ្នានេះ ឯកឧត្តមអភិបាលខេត្តបានអំពាវនាវដល់យុវជនទាំងអស់ ជាពិសេសអ្នកបង្កើតមាតិកា ឲ្យចេះប្រើប្រាស់សិទ្ធិសេរីភាពនៃការបញ្ចេញមតិប្រកបដោយការទទួលខុសត្រូវខ្ពស់ គោរពច្បាប់ និងរក្សាក្រមសីលធម៌វិជ្ជាជីវៈល្អ ដើម្បីចូលរួមលើកកម្ពស់សេចក្តីថ្លៃថ្នូរក្នុងសង្គមជាតិ។

ឯកឧត្តម វ៉ី សំណាង ក៏បានលើកទឹកចិត្តឲ្យយុវជនអ្នកផលិតមាតិកា ងាកមកផ្តោតលើការបង្កើតខ្លឹមសារប្រកបដោយប្រយោជន៍ និងតម្លៃខ្ពស់សម្រាប់សង្គម ដូចជាមាតិកាពាក់ព័ន្ធនឹងវិស័យទេសចរណ៍ វប្បធម៌ ប្រពៃណី សាសនា និងការអប់រំ ជាពិសេសខ្លឹមសារដែលជាគំរូដល់យុវជន។ «ការផលិតមាតិកាវិជ្ជមានបែបនេះ ពិតជាជួយផ្សព្វផ្សាយមុខមាត់ខេត្តតាកែវ និងលើកកម្ពស់វប្បធម៌របស់យើងទៅកាន់ពិភពលោក» ឯកឧត្តមបានបញ្ជាក់។

សូមបញ្ជាក់ផងដែរថា ចំពោះយុវជនដែលបានបង្កើតមាតិកាបង្កផលប៉ះពាល់ដល់កិត្តិយស និងសេចក្តីថ្លៃថ្នូរខេត្តតាកែវ ក៏ដូចជាប្រជាពលរដ្ឋក្នុងខេត្តនោះ ក្រសួងព័ត៌មាន និងស្នងការដ្ឋាននគរបាលខេត្តតាកែវ ដោយមានវិធានការម៉ឺងម៉ាត់ពីឯកឧត្តមអភិបាលខេត្ត បានកោះហៅយុវជនរូបនោះមកធ្វើកិច្ចសន្យា អប់រំណែនាំ និងទទួលស្គាល់កំហុសរួចរាល់ហើយ។

ប្រភព៖ ក្រសួងព័ត៌មាន

administrator

Related Articles