(កណ្ដាល)៖ ហេតុការណ៍ចាប់ខ្លួនជនសង្ស័យ ២នាក់ ដែលលួចបេះស្វាយ ១បាវ និងប្រើប្រាស់សារធាតុញៀនខុសច្បាប់ បានកើតឡើងនៅវេលាម៉ោង ៣ និង១០នាទីរសៀល ថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២៥ ត្រង់ចំណុចចំការស្វាយរបស់ប្រជាពលរដ្ឋ ស្ថិតក្នុងភូមិតាលន់ ឃុំតាលន់ ស្រុកស្អាង ខេត្តកណ្ដាល។ ជនសង្ស័យទាំងពីរ ត្រូវបានកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលតាលន់ ធ្វើការឃាត់ខ្លួនភ្លាមៗ ក្រោយពីម្ចាស់ចំការរាយការណ៍។
លោកវរសេនីយ៍ឯក រស់ ចន្ថា អធិការនគរបាលស្រុកស្អាង បានបញ្ជាក់ថា ជនរងគ្រោះជាម្ចាស់ចំការ មានឈ្មោះ ធឿន សុខនី ភេទប្រុស អាយុ ២៧ឆ្នាំ ជាកសិករ រស់នៅភូមិឃុំកើតហេតុខាងលើ។ ដោយឡែក ជនសង្ស័យទាំង ២នាក់ ដែលធ្វើតេស្តរកឃើញមានសារធាតុញៀនវិជ្ជមាន (+) រួមមាន៖ ទី១- ឈ្មោះ អាត់ សុខខាវ ភេទប្រុស អាយុ ៤៥ឆ្នាំ មុខរបរមិនពិតប្រាកដ និង ទី២- ឈ្មោះ ផល មករា ហៅចក់ ភេទប្រុស អាយុ ៣៣ឆ្នាំ មុខរបរមិនពិតប្រាកដ។ ជនសង្ស័យទាំងពីរ ក៏មានទីលំនៅក្បែរគ្នា ក្នុងភូមិឃុំកើតហេតុនេះដែរ។
តាមការរៀបរាប់របស់លោកអធិការ បានឱ្យដឹងថា នៅមុនពេលកើតហេតុ ជនរងគ្រោះ ធឿន សុខនី បានចេញពីផ្ទះទៅចំការស្វាយរបស់ខ្លួន ក្នុងបំណងច្រកផ្លែស្វាយ។ ពេលទៅដល់ គាត់បានប្រទះឃើញកង់មួយគ្រឿង និងបាវពណ៌សមួយ នៅក្បែរចំការ។ មិនយូរប៉ុន្មាន ពេលកំពុងតែច្រកស្វាយ ស្រាប់តែឃើញជនសង្ស័យ ផល មករា កំពុងលីស្វាយមួយបាវចេញពីចំការគាត់តែម្ដង។ ភ្លាមៗនោះ ជនរងគ្រោះក៏បានឃាត់សួរនាំ ហើយ ផល មករា ក៏បានឆ្លើយសារភាពថា ជនសង្ស័យ អាត់ សុខខាវ ជាអ្នកប្រើឱ្យខ្លួនមកយកស្វាយនេះ។

បន្ទាប់ពីដឹងរឿង ជនរងគ្រោះក៏បានទូរស័ព្ទរាយការណ៍ទៅសមត្ថកិច្ចនគរបាលប៉ុស្តិ៍រដ្ឋបាលតាលន់ ដើម្បីសុំអន្តរាគមន៍។ កម្លាំងនគរបាលបានចុះមកដល់ និងឃាត់ខ្លួនជនសង្ស័យ ផល មករា យកមកសាកសួរនៅប៉ុស្តិ៍។ ក្រោយមក កម្លាំងជំនាញក៏បានបន្តទៅឃាត់ខ្លួនជនសង្ស័យ អាត់ សុខខាវ ម្នាក់ទៀតបានជាបន្តបន្ទាប់។

ក្នុងប្រតិបត្តិការនេះ សមត្ថកិច្ចបានចាប់យកវត្ថុតាង រួមមាន៖ ផ្លែស្វាយចំនួន ១បាវ មានទម្ងន់ប្រមាណ ២២គីឡូក្រាម និងកណ្ដៀវសម្រាប់បេះផ្លែស្វាយមួយ។

បច្ចុប្បន្ន ជនសង្ស័យទាំង ២នាក់ ត្រូវបានឃាត់ខ្លួនបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលស្រុកស្អាង ដើម្បីកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការ ចាត់ការតាមនីតិវិធីច្បាប់៕
