សំណាង អេ​លី​ណា ដាស់តឿន​ម្ចាស់​ម្កុដ​បវរកញ្ញា​ឱ្យ​រក្សា​កិត្តិយស​ជាតិ!

សំណាង អេ​លី​ណា ដាស់តឿន​ម្ចាស់​ម្កុដ​បវរកញ្ញា​ឱ្យ​រក្សា​កិត្តិយស​ជាតិ!

រាជធានី​ភ្នំពេញ៖ តារា​សម្ដែង​និង​ជា​អតីត​បេក្ខភាព​បវរកញ្ញា សំណាង អេ​លី​ណា បាន​ទាញ​ចំណាប់អារម្មណ៍​សាធារណជន​ជា​ថ្មី ដោយ​ចេញមុខ​អំពាវនាវ​ទៅ​កាន់​ម្ចាស់​ម្កុដ​បវរកញ្ញា​នីមួយៗ​ឱ្យ​ប្រើប្រាស់​តំណែង​របស់​ខ្លួន​ប្រកបដោយ​តម្លៃ​និង​កិត្តិយស ព្រោះ​ម្កុដ​ដែល​តំណាង​ប្រទេស​ជាតិ​គឺ​មាន​តម្លៃ​លើស​លប់។ ការ​លើកឡើង​នេះ​បាន​កើតឡើង​ក្រោយ​ផ្ទុះ​រឿងរ៉ាវ​រកាំរកូស​ជុំវិញ​ការ​ចេញទៅ​ប្រកួត Miss Universe របស់​កញ្ញា ហ្វី​យ៉ា​តា ដែលជា​តំណាង​ប្រទេស​កម្ពុជា។

មហាជន ជាពិសេស​បណ្ដា​អ្នកគាំទ្រ​របស់​កញ្ញា ហ្វី​យ៉ា​តា បាន​សម្តែង​ការ​មិន​ពេញចិត្ត​យ៉ាង​ខ្លាំង បន្ទាប់ពី​ក្រុមហ៊ុន​ដែល​ជា​អ្នករៀបចំ​ការ​ប្រកួត​បាន​ប្រកាស​បដិសេធ​មិន​ទទួលខុសត្រូវ​លើ​ការ​ចេញទៅ​ប្រកួត​នៅ​ប្រទេស​ថៃ ខណៈ​ថ្ងៃ​កំណត់​បាន​ខិត​ជិត​មក​ដល់។ ស្ថានការណ៍​នេះ​បាន​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង​ក្នុង​មជ្ឈដ្ឋាន​មហាជន។

ករណី​នេះ​បាន​ក្លាយជា​ប្រធានបទ​ជជែក​វែកញែក​យ៉ាង​ក្តៅគគុក​ពេញ​បណ្ដាញ​សង្គម ដោយ​មានការ​លើកទឹកចិត្ត​ជាច្រើន​ពី​អ្នកគាំទ្រ​និង​សិល្បករ​ចំពោះ​កញ្ញា ហ្វី​យ៉ា​តា ។ ទោះបីជា សំណាង អេ​លី​ណា មិនបាន​បញ្ចេញ​ប្រតិកម្ម​ផ្ទាល់​លើ​បញ្ហា​នេះ​ក៏ដោយ ក្នុងនាម​ជា​អតីត​បេក្ខភាព​បវរកញ្ញា​តំណាង​ជាតិ​មួយរូប​ដែរ នាង​ក៏បាន​ចេញមុខ​អំពាវនាវ​ឱ្យ​ម្ចាស់​ម្កុដ​ទាំងអស់​ប្រើប្រាស់​តំណែង​របស់​ខ្លួន​ដោយ​ការទទួលខុសត្រូវ​និង​ឱ្យ​មាន​តម្លៃ។

តាមរយៈ​សំណេរ​លើ​បណ្ដាញ​សង្គម សំណាង អេ​លី​ណា បាន​សង្កត់ធ្ងន់ថា ម្កុដ​តំណាង​ជាតិ​កម្ពុជា​នីមួយៗ​សុទ្ធតែ​មាន​តម្លៃ​ធំធេង​ណាស់។ នាង​ទទូច​ថា «សូម​ឱ្យ​អ្នក​ដែល​គ្រង​ម្កុដ​នីមួយៗ ប្រើប្រាស់​តំណែង​ខ្លួនឯង​ឱ្យ​មាន​តម្លៃ និង​រក្សា​កេរ្តិ៍ឈ្មោះ​ដ៏​ល្អ​សម្រាប់​ម្កុដ​តំណាង​ជាតិ​នោះ»។ នាង​បន្ត​ទៀត​ថា «វេទិកា​ប្រកួត​គឺជា​កន្លែង​ដែល​អាច​ធ្វើ​ឱ្យ​អ្នក​ក្លាយជា​គំរូ​ដ៏​ល្អ​សម្រាប់​អ្នកដទៃ ដូច្នេះ​សូមកុំ​ឱ្យ​វេទិកា​ដ៏​ថ្លៃថ្នូរ​នេះ ក្លាយជា​កន្លែង​នៃ​ការ​ជជែក​រឿង​ឥតប្រយោជន៍​អី»។

គូសបញ្ជាក់​ផង​ដែរ​ថា សំណាង អេ​លី​ណា ធ្លាប់ជា​បេក្ខភាព Miss International Cambodia 2023 តំណាង​កម្ពុជា​ទៅ​ប្រកួត​លើ​ឆាក​អន្តរជាតិ។ ទោះបីជា​នាង​មិនបាន​គ្រង​ម្កុដ​ជ័យលាភី​ក៏ដោយ ក៏​នាង​នៅតែ​ទទួល​បានការ​គាំទ្រ​យ៉ាង​ខ្លាំងក្លា​ពី​មហាជន​ខ្មែរ។

កន្លង​មក​នាង​ក៏ធ្លាប់​បាន​ផ្ដល់​ជា​ដំបូន្មាន​ថា បេ​ក្ខ​នារី​ដែល​ចង់​ចូលរួម​ប្រកួត​បវរកញ្ញា គួរ​សិក្សា​ឱ្យ​បាន​ស៊ីជម្រៅ​លើ​សិល្បៈ ប្រពៃណី​វប្បធម៌​ខ្មែរ និង​ស្វែងយល់​ច្បាស់​ពី​គោលបំណង​នៃ​កម្មវិធី​ប្រកួត ដើម្បី​ឱ្យ​មាន​ភាព​ជឿជាក់។ លើស​ពី​នេះ បេក្ខភាព​គ្រប់រូប​ត្រូវ​ត្រៀមចិត្ត​រួចរាល់​ចំពោះ​អ្វី​ដែល​អាច​កើតឡើង​ក្នុងអំឡុងពេល​ប្រកួត ហើយ​ត្រូវមាន​ភាព​ក្លាហាន​ចាប់​យក​ឱកាស​ដើម្បី​តំណាង​ជាតិ​លើ​ឆាក​អន្តរជាតិ។

administrator

Related Articles