សិស្សសាលាវ័យក្មេងម្នាក់លង់ទឹកស្លាប់យ៉ាងអាណោចអាធ័មនៅទឹកធ្លាក់ព្រៃនប់ ខេត្តព្រះសីហនុ

សិស្សសាលាវ័យក្មេងម្នាក់លង់ទឹកស្លាប់យ៉ាងអាណោចអាធ័មនៅទឹកធ្លាក់ព្រៃនប់ ខេត្តព្រះសីហនុ

ស្រុកព្រៃនប់ ៖ សិស្សសាលាប្រុសវ័យ ១៧ឆ្នាំម្នាក់ បានលង់ទឹកស្លាប់យ៉ាងអាណោចអាធ័ម ខណៈចុះហែលទឹកលេងជាមួយមិត្តភក្តិ នៅរមណីយដ្ឋានទឹកធ្លាក់ព្រៃនប់ ក្នុងខេត្តព្រះសីហនុ។ ហេតុការណ៍ដ៏សោកសៅនេះ បានកើតឡើងកាលពីវេលាម៉ោង ៤៖៣០ នាទីរសៀល ថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២៥ ស្ថិតនៅចំណុចរមណីយដ្ឋានទឹកធ្លាក់ព្រៃនប់ ក្នុងភូមិព្រៃនប់១ ឃុំព្រៃនប់ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

Waterfall Scene

តាមការបញ្ជាក់ពីសមត្ថកិច្ចបានឱ្យដឹងថា ជនរងគ្រោះមានឈ្មោះ ឌី សុផាណ្ណារ៉ា ភេទប្រុស អាយុ ១៧ឆ្នាំ ជាសិស្ស មានទីលំនៅភូមិវាលធំ ឃុំវាលរេញ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។ រូបគេបានលង់ទឹកស្លាប់ ខណៈពេលចុះហែលលេងទឹកជាមួយមិត្តភក្តិនៅក្នុងអាងទឹកនៃរមណីយដ្ឋានទឹកធ្លាក់ព្រៃនប់ ដោយសារជនរងគ្រោះមិនសូវចេះហែលទឹកបានល្អ។

ឈ្មោះ សុខ សុវណ្ណ ភេទប្រុស អាយុ ១៥ឆ្នាំ ដែលជាមិត្តភក្តិរបស់ជនរងគ្រោះ បានរៀបរាប់ប្រាប់សមត្ថកិច្ចថា មុនពេលកើតហេតុ ខ្លួននិងជនរងគ្រោះបាននាំគ្នាចុះហែលទឹកលេង។ លុះពេលហែលលេងអស់កម្លាំង ខ្លួនក៏បានឡើងមកលើគោកវិញ តែពុំឃើញជនរងគ្រោះនៅលេងទឹក ឬក៏ឡើងមកជាមួយខ្លួនឡើយ។ ឃើញដូច្នោះ ក៏បានហៅគ្នាចុះមុជទឹកហែលរករហូតមិនឃើញ ក៏បានរាយការណ៍ជូនសមត្ថកិច្ចភ្លាមៗ។

ពេលសមត្ថកិច្ចបានមកដល់កន្លែងកើតហេតុ ក៏បានចុះមុជទឹកស្វែងរក ហើយស្រាប់តែប្រទះឃើញជនរងគ្រោះបានលង់ទឹកស្លាប់បាត់ទៅហើយ។ ឆ្លងតាមការត្រួតពិនិត្យនៅកន្លែងកើតហេតុ សាកសួរបំភ្លឺ និងពិនិត្យលើសាកសព សមត្ថកិច្ចបានសន្និដ្ឋានថា ជនរងគ្រោះស្លាប់បាត់បង់ជីវិតដោយសារករណីលង់ទឹកសុទ្ធសាធ មិនមានជាប់ពាក់ព័ន្ធនឹងអំពើឃាតកម្មនោះឡើយ។ បច្ចុប្បន្ន សពត្រូវបានប្រគល់ជូនក្រុមគ្រួសារដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី។

administrator

Related Articles