ព្យុះ​កាល​ម៉េ​ហ្គី​ទី​២៥ នឹង​បោកបក់​កម្ពុជា! ក្រសួង​ធនធានទឹក​ព្រមាន​ពី​ភ្លៀង​ធ្លាក់ ផ្គរ​រន្ទះ និង​ខ្យល់​កន្ត្រាក់​ខ្លាំង​ដល់​ថ្ងៃទី​៥ វិច្ឆិកា​ខាងមុខ។ សូម​ប្រុងប្រយ័ត្ន!

ព្យុះ​កាល​ម៉េ​ហ្គី​ទី​២៥ នឹង​បោកបក់​កម្ពុជា! ក្រសួង​ធនធានទឹក​ព្រមាន​ពី​ភ្លៀង​ធ្លាក់ ផ្គរ​រន្ទះ និង​ខ្យល់​កន្ត្រាក់​ខ្លាំង​ដល់​ថ្ងៃទី​៥ វិច្ឆិកា​ខាងមុខ។ សូម​ប្រុងប្រយ័ត្ន!

រាជធានី​ភ្នំពេញ ៖ ក្រសួង​ធនធានទឹក និង​ឧតុនិយម​បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​បន្ទាន់​ថា ប្រទេស​កម្ពុជា​នឹង​រង​ឥទ្ធិពល​ដោយ​ព្យុះ​ទី​២៥ ឈ្មោះ «​កាល​ម៉េ​ហ្គី (Kalmaegi)» ដែល​នឹង​បង្ក​ឲ្យ​មាន​ភ្លៀង​ធ្លាក់​ខ្លាំង ផ្គរ​រន្ទះ និង​ខ្យល់​កន្ត្រាក់​ទូទាំង​ប្រទេស។

យោង​តាម​ព្រឹត្តិបត្រ​ព័ត៌មាន​ស្តី​ពី​ស្ថានភាព​ធាតុអាកាស​នៅ​ព្រះរាជាណាចក្រ​កម្ពុជា សម្រាប់​ថ្ងៃទី​៣ ខែវិច្ឆិកា ឆ្នាំ​២០២៥ បាន​បញ្ជាក់​ថា សម្ពាធ​ទាប​ដែល​កើត​នៅ​មហាសមុទ្រ​ប៉ា​ស៊ី​ហ្វិ​ក​ខាង​លិច បាន​វិវត្ដ​ទៅ​ជា​ព្យុះ​ទី​២៥ ឈ្មោះ «​កាល​ម៉េ​ហ្គី (Kalmaegi) T2525» ហើយ​ព្យុះ​នេះ​នឹង​មាន​ឥទ្ធិពល​លើ​របប​ខ្យល់មូសុង​ឦសាន ដែល​បក់​ឆ្លងកាត់​សមុទ្រ​ចិន​ខាងត្បូង សមុទ្រ​អាន​ដាម​ម៉ែ​ន សមុទ្រ​កម្ពុជា អាង​ទន្លេមេគង្គ និង​ផ្ទៃដី​ព្រះរាជាណាចក្រកម្ពុជា​ទាំងមូល។

ក្រសួង​បាន​ជម្រាប​ឲ្យ​ដឹង​ថា ស្ថានភាព​អាកាសធាតុ​បែប​នេះ​នឹង​ធ្វើ​ឲ្យ​ចាប់ពី​ថ្ងៃទី​៣ ដល់​ថ្ងៃទី​៥ ខែវិច្ឆិកា ឆ្នាំ​២០២៥ តំបន់​នីមួយៗ​នឹង​មាន​លក្ខណៈ​ដូច​ខាងក្រោម៖

**១. តំបន់​វាលទំនាប**៖ មាន​សីតុណ្ហភាព​មធ្យម​អប្បបរមា​២១°C និង​អតិបរមា​២៩°C។ ខ្យល់​បក់​ពី​ទិសឦសាន និង​ទិសបូព៌​មាន​ល្បឿន​មធ្យម​៣​ម៉ែត្រ​/​វិនាទី។ ខេត្តបន្ទាយមានជ័យ បាត់ដំបង ពោធិ៍សាត់ កំពង់ឆ្នាំង សៀមរាប កំពង់ធំ កំពង់ចាម ត្បូងឃ្មុំ ព្រៃវែង កណ្ដាល តាកែវ ស្វាយរៀង និង​រាជធានី​ភ្នំពេញ អាច​មាន​ភ្លៀង​ធ្លាក់​ជាមួយ​ផ្គរ​រន្ទះ និង​ខ្យល់​កន្ត្រាក់​គ្របដណ្ដប់​លើ​ផ្ទៃដី​៣៥%។

**២. តំបន់​ខ្ពង់រាប**៖ មាន​សីតុណ្ហភាព​មធ្យម​អប្បបរមា​២១°C និង​អតិបរមា​២៨°C។ ខ្យល់​បក់​ពី​ទិសបូព៌ និង​ទិសអាគ្នេយ៍​មាន​ល្បឿន​មធ្យម​៤​ម៉ែត្រ​/​វិនាទី។ ខេត្តកំពង់ស្ពឺ ប៉ៃលិន ឧត្ដរមានជ័យ ព្រះវិហារ ក្រចេះ ស្ទឹងត្រែង រតនគិរី មណ្ឌលគិរី ជួរ​ភ្នំ​ដងរែក និង​តំបន់​ជួរ​ភ្នំក្រវាញ អាច​មាន​ភ្លៀង​ធ្លាក់​ជាមួយ​ផ្គរ​រន្ទះ និង​ខ្យល់​កន្ត្រាក់​គ្របដណ្ដប់​លើ​ផ្ទៃដី​២៥%។

**៣. តំបន់​មាត់សមុទ្រ**៖ មាន​សីតុណ្ហភាព​មធ្យម​អប្បបរមា​២១°C និង​អតិបរមា​២៨°C។ ខ្យល់​បក់​ពី​ទិសនិរតី និង​ទិសអាគ្នេយ៍​មាន​ល្បឿន​មធ្យម​៥​ម៉ែត្រ​/​វិនាទី។ ខេត្តកោះកុង ព្រះសីហនុ កំពត កែប និង​ជួរ​ភ្នំ​បូកគោ អាច​មាន​ភ្លៀង​ធ្លាក់​ជាមួយ​ផ្គរ​រន្ទះ និង​ខ្យល់​កន្ត្រាក់​គ្របដណ្ដប់​លើ​ផ្ទៃដី​៣៥%។

ក្រសួង​ក៏បាន​ក្រើនរំលឹក​ដល់​ប្រជាពលរដ្ឋ​ទាំងអស់​ឲ្យ​បង្កើន​ការប្រុងប្រយ័ត្ន​ខ្ពស់​ចំពោះ​បាតុភូត​ធម្មជាតិ​ទាំងនេះ។ ចំពោះ​ស្ថានភាព​សមុទ្រ​វិញ នឹងមាន​កម្ពស់​មធ្យម​អប្បបរមា​០,៥០​ម៉ែត្រ និង​កម្ពស់​មធ្យម​អតិបរមា​១,៧៥​ម៉ែត្រ៕

administrator

Related Articles