កំពង់ស្ពឺ៖ គ្រោះថ្នាក់ចរាចរណ៍ដ៏គួរឱ្យរន្ធត់មួយបានកើតឡើងកាលពីយប់ថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២៥ វេលាម៉ោងប្រមាណ ២១:២០នាទី លើកំណាត់ផ្លូវល្បឿនលឿន ត្រង់ចំណុចភូមិទី៦ ឃុំយាយម៉ៅពេជ្រនិល ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ដោយរថយន្តទំនើបម៉ាក ALPHARD បានបុកគូទរថយន្ត FUSO ពីក្រោយពេញទំហឹង បណ្តាលឱ្យអ្នកបើកបរជនជាតិខ្មែរ និងអ្នករួមដំណើរជនជាតិកូរ៉េម្នាក់រងរបួសធ្ងន់។ នេះបើយោងតាមការប្រកាសរបស់ស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺនៅព្រឹកថ្ងៃទី៣ ខែវិច្ឆិកា។

កម្លាំងនគរបាលផ្លូវល្បឿនលឿន និងផ្នែកចរាចរណ៍ស្រុកភ្នំស្រួចបានបញ្ជាក់ថា រថយន្តម៉ាក ALPHARD ពណ៌ខ្មៅ ពាក់ផ្លាកលេខភ្នំពេញ 2CF-9670 បើកបរដោយឈ្មោះ ឡន សំបុន ភេទប្រុស អាយុ ២០ឆ្នាំ រស់នៅភូមិអង្គ សង្កាត់ប្រទះឡាង ខណ្ឌកំបូល រាជធានីភ្នំពេញ។ រីឯអ្នករួមដំណើរម្នាក់ទៀតឈ្មោះ SHIN JI IN ភេទស្រី អាយុ ៣០ឆ្នាំ ជនជាតិកូរ៉េខាងត្បូង។

ប្រភពបន្តថា រថយន្ត ALPHARD នេះបានបើកបរពីទិសខាងលិចឆ្ពោះទៅទិសខាងកើត (ពីខេត្តព្រះសីហនុ-ភ្នំពេញ) លុះដល់ចំណុចកើតហេតុ បានបុកពីក្រោយរថយន្ត FUSO ពណ៌ស ពាក់ផ្លាកលេខភ្នំពេញ 3C-2527 សណ្តោងសឺមីរ៉ឺម៉ក ពាក់ផ្លាកលេខព្រះសីហនុ 4A-2195 ដែលកំពុងបើកបរស្របទិសគ្នា។

គ្រោះថ្នាក់នេះបណ្តាលឱ្យមនុស្សទាំងពីរនាក់ក្នុងរថយន្ត ALPHARD រងរបួសធ្ងន់ធ្ងរ ហើយត្រូវបានកម្លាំងមានសមត្ថកិច្ច និងរថយន្តសង្គ្រោះនៃមន្ទីរពេទ្យបង្អែកត្រពាំងក្រឡឹង ជួយអន្តរាគមន៍បញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យកាល់ម៉ែត រាជធានីភ្នំពេញ។ ចំណែកអ្នកបើកបររថយន្ត FUSO បានរត់គេចខ្លួនបាត់ពីកន្លែងកើតហេតុ។


បច្ចុប្បន្ន វត្ថុតាងរថយន្តទាំងពីរគ្រឿងត្រូវបានកម្លាំងនគរបាលចរាចរណ៍នៃអធិការដ្ឋាននគរបាលស្រុកភ្នំស្រួច យកមករក្សាទុកដើម្បីរង់ចាំអនុវត្តតាមនីតិវិធីច្បាប់បន្ត។

