**សាម៉ាកាន់, អ៊ូសបេគីស្ថាន៖** លោកស្រីបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានអញ្ជើញថ្លែងសន្ទរកថាដ៏សំខាន់មួយនៅទីក្រុងសាម៉ាកាន់ ប្រទេសអ៊ូសបេគីស្ថាន កាលពីរសៀលថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២៥។ នៅក្នុងអង្គមហាសន្និបាតលើកទី៤៣ នៃអង្គការយូណេស្កូ លោកស្រីបានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការគាំទ្របេសកកម្មរបស់យូណេស្កូ ដើម្បីកសាងសន្តិភាពតាមរយៈការអប់រំ វប្បធម៌ វិទ្យាសាស្ត្រ និងទំនាក់ទំនង ដោយស្របតាមយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១។

កម្ពុជាដែលធ្លាប់រងគ្រោះដោយអំពើប្រល័យពូជសាសន៍ និងសង្គ្រាម បានយល់ច្បាស់ពីផលវិបាកនៃការបំផ្លិចបំផ្លាញ និងតម្លៃមិនអាចកាត់ថ្លៃបាននៃសន្តិភាព ដែលជាមូលដ្ឋានគ្រឹះសម្រាប់ការរីកចម្រើន និងការអភិវឌ្ឍប្រកបដោយចីរភាព។ ក្នុងវិស័យអប់រំ កម្ពុជាផ្តោតសំខាន់លើបំណិនមូលដ្ឋាន ការថែទាំកុមារ ការបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ ការសិក្សាពេញមួយជីវិត និងសមត្ថភាពឌីជីថល ដើម្បីត្រៀមលក្ខណៈយុវជនឱ្យក្លាយជាសសរទ្រូងដ៏រឹងមាំ ប្រឈមនឹងបញ្ហាអាកាសធាតុ និងកសាងសេដ្ឋកិច្ចជាតិនាពេលអនាគត។

ក្នុងនាមជាប្រទេសសមាជិកដែលបានផ្តល់សច្ចាប័នលើអនុសញ្ញាវប្បធម៌ទាំងអស់របស់យូណេស្កូ កម្ពុជាបានបង្ហាញពីការតាំងចិត្តយ៉ាងមុតមាំក្នុងការការពារ និងលើកតម្កើងសម្បត្តិបេតិកភណ្ឌវប្បធម៌។ នេះរួមបញ្ចូលទាំងការការពារ និងទប់ស្កាត់ការជួញដូរវត្ថុបុរាណខុសច្បាប់ ព្រមទាំងអំពាវនាវឱ្យសារមន្ទីរធំៗ និងអ្នកប្រមូលឯកជនពិភាក្សាដើម្បីប្រគល់វត្ថុបុរាណត្រឡប់មកប្រទេសដើមវិញ។ ការបញ្ចូលការអប់រំបេតិកភណ្ឌក្នុងកម្មវិធីសិក្សា និងការលើកកម្ពស់តួនាទីសហគមន៍ក៏ត្រូវបានជំរុញផងដែរ។ ឧស្សាហកម្មច្នៃប្រឌិតក៏បានរួមចំណែកដល់ការអភិវឌ្ឍស្ត្រី យុវជន និងសេដ្ឋកិច្ចតំបន់។ កម្ពុជាក៏បានពង្រឹងការអភិរក្ស និងអភិវឌ្ឍន៍ប្រកបដោយចីរភាពនូវបេតិកភណ្ឌពិភពលោកទាំងរូបី និងអរូបី។

កម្ពុជាបានគូសបញ្ជាក់ពីសារៈសំខាន់នៃភាពជាដៃគូជាមួយយូណេស្កូ ដោយបន្តលើកស្ទួយការអប់រំ វប្បធម៌ វិទ្យាសាស្ត្រ និងទំនាក់ទំនង ស្របតាមគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព ឆ្នាំ២០៣០។ ជាមួយគ្នានេះ កម្ពុជាបានអំពាវនាវឱ្យមានប្រព័ន្ធព័ត៌មានដែលមានតុល្យភាព ក្រមសីលធម៌ខ្ពស់ និងការគោរពចំពោះភាពចម្រុះវប្បធម៌។

លោកស្រីរដ្ឋមន្ត្រីក៏បានរំលឹកពីការប៉ះទង្គិចនៅតាមព្រំដែនកម្ពុជា-ថៃកន្លងទៅ ដែលបានបង្កការខូចខាតយ៉ាងធ្ងន់ធ្ងរដល់ប្រាសាទព្រះវិហារ ដែលជាបេតិកភណ្ឌពិភពលោក។ កម្ពុជាសម្តែងការសោកស្តាយយ៉ាងខ្លាំងចំពោះការបាត់បង់ស្នាដៃវប្បធម៌ដ៏មានតម្លៃនេះ។ ទន្ទឹមនឹងនេះ កម្ពុជាសូមស្វាគមន៍យ៉ាងកក់ក្តៅចំពោះពិធីចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពគូឡាឡាំពួររវាងកម្ពុជា និងថៃ កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ ដោយមានការគាំទ្រពីប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ និងនាយករដ្ឋមន្ត្រីម៉ាឡេស៊ី ឯកឧត្តម អាន់វ៉ា អ៊ីប្រាហ៊ីម។ កម្ពុជាសង្ឃឹមយ៉ាងមុតមាំថា ប្រទេសសមាជិកយូណេស្កូទាំងអស់នឹងបន្តប្តេជ្ញារួមគ្នាការពារ និងថែរក្សាសម្បត្តិបេតិកភណ្ឌវប្បធម៌របស់ពិភពលោក។

**ដោយ៖ សិលា**
