នាព្រឹកថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២៥ ក្រុមការងារការិយាល័យសាធារណៈការខណ្ឌឫស្សីកែវ សហការជាមួយអាជ្ញាធរសង្កាត់គីឡូម៉ែត្រលេខ៦ បានចុះត្រួតពិនិត្យ និងណែនាំយ៉ាងម៉ឺងម៉ាត់ដល់ម្ចាស់ការដ្ឋានសំណង់មួយកន្លែង ឲ្យពង្រឹងការអនុវត្ត និងរក្សាសណ្តាប់ធ្នាប់ អនាម័យ បរិស្ថាន ទាំងនៅខាងក្នុង និងជុំវិញការដ្ឋានឲ្យបានត្រឹមត្រូវ។ 
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
លោក គន់ សោភា ប្រធានការិយាល័យសាធារណការខណ្ឌឫស្សីកែវ បានបញ្ជាក់ប្រាប់ កម្ពុជាថ្មី ថា ការចុះណែនាំនេះធ្វើឡើងតាមការចង្អុលបង្ហាញពីលោក ជិន ប៊ុនធឿន អភិបាលខណ្ឌឫស្សីកែវ ដើម្បីដោះស្រាយបញ្ហាការដ្ឋានសំណង់ដែលបានជីកកកាយដី និងដឹកជញ្ជូនចេញចូល បណ្ដាលឲ្យហូរប្រឡាក់ពេញផ្លូវសាធារណៈ ប៉ះពាល់ដល់សណ្ដាប់ធ្នាប់ អនាម័យ និងបរិស្ថានយ៉ាងខ្លាំង។ 
លោកបានបន្ថែមទៀតថា ក្រុមការងារក៏បានតម្រូវឲ្យអ្នកម៉ៅការសំណង់ទាំងអស់ ប្រកាន់ខ្ជាប់នូវបទបញ្ញត្តិសាធារណៈ ដោយត្រូវបាញ់ទឹកលាងសម្អាតកង់រថយន្តជានិច្ច រាល់ពេលចេញចូលការដ្ឋាន ដើម្បីទប់ស្កាត់ការប្រឡាក់ផ្លូវ។ 
មិនតែប៉ុណ្ណោះ ក្រោយបញ្ចប់ការចុះណែនាំការដ្ឋាន រដ្ឋបាលសង្កាត់គីឡូម៉ែត្រលេខ៦ ក៏បានបន្តចុះរៀបចំសណ្ដាប់ធ្នាប់នៅផ្សារគីឡូម៉ែត្រលេខ៦ ដោយណែនាំអាជីវករឲ្យរៀបចំទំនិញលក់ដូរប្រកបដោយរបៀបរៀបរយ មិនត្រូវរំលោភលើចិញ្ចើមផ្លូវ ឬផ្លូវសាធារណៈឡើយ ដើម្បីទុកលទ្ធភាពជូនអ្នកថ្មើរជើង និងសម្រួលចរាចរណ៍ឲ្យបានប្រសើរ។ ក្នុងពេលជាមួយគ្នានេះ រថយន្តបូមស្តារប្រព័ន្ធលូដែលកកស្ទះនៅចំណុចផ្សារគីឡូម៉ែត្រលេខ៦ ក៏ត្រូវបានដាក់ពង្រាយដើម្បីសម្អាតផងដែរ។

