តួអង្គប្រវត្តិសាស្ត្រ! អតីតប្រមុខរដ្ឋផ្លូវការ ៣ ជំនាន់កូរ៉េខាងជើង លោក គីម យ៉ុងណាម ទទួលមរណភាពក្នុងវ័យ ៩៧ ឆ្នាំ

តួអង្គប្រវត្តិសាស្ត្រ! អតីតប្រមុខរដ្ឋផ្លូវការ ៣ ជំនាន់កូរ៉េខាងជើង លោក គីម យ៉ុងណាម ទទួលមរណភាពក្នុងវ័យ ៩៧ ឆ្នាំ

យោងតាមការចុះផ្សាយរបស់ BBC កាលពីថ្ងៃអង្គារ ទី៤ ខែវិច្ឆិកា ឆ្នាំ២០២៥ បានឱ្យដឹងថា លោក គីម យ៉ុងណាម (Kim Yong Nam) ដែលជាអតីតប្រមុខរដ្ឋដ៏មានឥទ្ធិពល និងជាមន្ត្រីដែលបម្រើការយូរជាងគេបំផុតរបស់ប្រទេសកូរ៉េខាងជើង បានទទួលមរណភាពក្នុងជន្មាយុ ៩៧ ឆ្នាំ។ ការបាត់បង់នេះបានធ្វើឱ្យពិភពលោកចាប់អារម្មណ៍ជាថ្មីទៅលើឥស្សរជនដ៏សំខាន់រូបនេះ។

ទីភ្នាក់ងារសារព័ត៌មានកណ្តាលកូរ៉េ (KCNA) បានបញ្ជាក់ថា លោក គីម បានទទួលមរណភាពកាលពីថ្ងៃទី៣ ខែវិច្ឆិកា ដោយបានលើកឡើងថា លោកគឺជា «អ្នកបដិវត្តន៍ជំនាន់ចាស់» ដែលបានបន្សល់ទុកនូវ «សមិទ្ធផលដ៏អស្ចារ្យ» ក្នុងការអភិវឌ្ឍប្រទេសជាតិ។ នេះសរបញ្ជាក់ពីតួនាទីដ៏សំខាន់របស់លោកក្នុងឆាកនយោបាយរបស់ប្រទេស។

លោក គីម យ៉ុងណាម បានបម្រើការជាប្រធានគណៈប្រធានសភាប្រជាជនកំពូលពីឆ្នាំ១៩៩៨ ដល់ឆ្នាំ២០១៩។ តំណែងដ៏ធំនេះបានធ្វើឱ្យលោកក្លាយជាប្រមុខរដ្ឋជាផ្លូវការក្រោមការដឹកនាំរបស់មេដឹកនាំ ៣ ជំនាន់នៃត្រកូលគីម រួមមាន ស្ថាបនិក គីម អ៊ីលស៊ុង កូនប្រុសរបស់គាត់ គីម ជុងអ៊ីល និងមេដឹកនាំបច្ចុប្បន្ន គីម ជុងអ៊ុន។

ទោះបីជាលោកមិនមានជាប់សាច់ឈាមជាមួយត្រកូលគីមដែលកំពុងកាន់អំណាចក៏ដោយ លោក គីម យ៉ុងណាម គឺជាអ្នកបម្រើការដ៏ស្មោះត្រង់របស់របបនេះអស់រយៈពេលជាង ៦ ទសវត្សរ៍។ លោកបានកាន់តំណែងការទូតជាន់ខ្ពស់ជាច្រើន រួមទាំងជារដ្ឋមន្ត្រីការបរទេសផងដែរ។
Kim Yong Nam

លោកកើតនៅឆ្នាំ១៩២៨ ក្នុងអំឡុងពេលដែលប្រទេសកូរ៉េស្ថិតក្រោមអាណានិគមរបស់ជប៉ុន។ លោកបានបញ្ចប់ការសិក្សានៅសាកលវិទ្យាល័យ Kim Il Sung និងនៅទីក្រុងមូស្គូ មុនពេលចូលរួមជាមួយគណបក្សពលករដែលកំពុងកាន់អំណាចក្នុងទសវត្សរ៍ឆ្នាំ១៩៥០។

លោកត្រូវបានគេស្គាល់យ៉ាងច្បាស់ចំពោះវិន័យខ្ពស់ និងភាពស្មោះត្រង់មិនងាករេចំពោះគ្រួសារគីម។ លក្ខណៈសម្បត្តិទាំងនេះបានធ្វើឱ្យលោកអាចរក្សាតួនាទីដ៏សំខាន់របស់លោកក្នុងជួររដ្ឋាភិបាលអស់រយៈពេលជាយូរ។

ក្នុងអាជីពការទូតរបស់លោក លោក គីម បានដឹកនាំគណៈប្រតិភូអន្តរកូរ៉េជាច្រើន។ គួររំលឹកផងដែរ លោកបានចូលរួមក្នុងកិច្ចប្រជុំកំពូលឆ្នាំ២០០០ និងឆ្នាំ២០០៧ ដែលបានជួបជាមួយអតីតប្រធានាធិបតីកូរ៉េខាងត្បូង លោក Kim Dae-jung និងលោក Roh Moo-hyun។ លើសពីនេះ លោកក៏បានដឹកនាំគណៈប្រតិភូទីក្រុងព្យុងយ៉ាងទៅចូលរួមព្រឹត្តិការណ៍កីឡាអូឡាំពិករដូវរងាឆ្នាំ២០១៨ នៅប្រទេសកូរ៉េខាងត្បូង ដែលជាកន្លែងលោកបានជួបជាមួយអតីតប្រធានាធិបតី លោក Moon Jae-in នាពេលនោះ។

អ្វីដែលគួរឱ្យកត់សម្គាល់នោះគឺ មិនដូចមន្ត្រីជាន់ខ្ពស់សម័យរបស់លោកជាច្រើនដែលត្រូវបានបោសសម្អាត ឬប្រហារជីវិតក្នុងអំឡុងពេលនៃការផ្លាស់ប្តូរអំណាចនោះ លោក គីម យ៉ុងណាម បានចូលនិវត្តន៍ដោយស្ងាត់ស្ងៀមក្នុងឆ្នាំ២០១៩។ នេះគឺជាការបញ្ចប់អាជីពដ៏កម្រមួយដែលគ្មានភាពចម្រូងចម្រាសនៅក្នុងទិដ្ឋភាពនយោបាយដែលតែងតែប្រែប្រួលរបស់កូរ៉េខាងជើង។

administrator

Related Articles