ស្ពានមិត្តភាពកម្ពុជា-ចិន មេគង្គក្រចេះ ត្រៀមបើកដំណើរការពេញលេញ ជំរុញសេដ្ឋកិច្ចជាតិ! (ថ្ងៃទី១ មេសា ២០២៦)

ស្ពានមិត្តភាពកម្ពុជា-ចិន មេគង្គក្រចេះ ត្រៀមបើកដំណើរការពេញលេញ ជំរុញសេដ្ឋកិច្ចជាតិ! (ថ្ងៃទី១ មេសា ២០២៦)

ខេត្តក្រចេះ ៖ ប្រជាពលរដ្ឋ​និង​មហាជន​ទាំងអស់​មេត្តា​ជ្រាប​ថា ស្ពាន​មិត្តភាព​កម្ពុជា​-​ចិន មេគង្គ​ក្រចេះ នឹង​ត្រូវ​បើក​ឱ្យ​ឆ្លងកាត់​ជា​ផ្លូវការ​ចាប់ពី​ថ្ងៃ​ទី​១ ខែមេសា ឆ្នាំ​២០២៦​តទៅ ដោយ​លែងមាន​ការ​បិទ​ចរាចរណ៍​ទៀត​ហើយ​។ នេះ​បើ​តាម​ការ​ប្រកាស​របស់​លោក ផ​ន រឹម អ្នកនាំពាក្យ​ក្រសួង​សាធារណការ​និង​ដឹក​ជញ្ជូន កាលពី​ព្រឹក​ថ្ងៃ​ទី​០៣ ខែវិច្ឆិកា​កន្លង​ទៅ​។

បច្ចុប្បន្ន ដំណើរការ​សាងសង់​ស្ពាន​នេះ​នៅ​បន្ត​បញ្ចប់​នូវ​ការងារ​មួយ​ចំនួន​ដូចជា​៖ ការងារ​គំនូស​ចរាចរណ៍​លើ​ស្ពាន និង​ការងារ​បំពាក់​បង្គោល​បំភ្លឺ​ស្ពាន​ឱ្យ​បាន​រួចរាល់​មុន​ថ្ងៃ​ចូល​ឆ្នាំ​ប្រពៃណី​ខ្មែរ ឆ្នាំ​២០២៦​ខាង​មុខ​។ ជាមួយ​គ្នា​នេះ ក្រុមហ៊ុន​សាងសង់​ក៏​នឹង​បន្ត​ពន្លឿន​ការងារ​សាងសង់​ផ្លូវ​មេ​ត​ភ្ជាប់ និង​ផ្លូវ​ខ្នែង​នានា​ឱ្យ​បាន​រួចរាល់​មុន​កាលកំណត់​ក្នុង​កិច្ចសន្យា​ផង​ដែរ​។

គិត​ត្រឹម​ដើមខែ​វិច្ឆិកា ឆ្នាំ​២០២៥​នេះ វឌ្ឍនភាព​នៃ​ការ​សាងសង់​ស្ពាន​មិត្តភាព​កម្ពុជា​-​ចិន មេគង្គ​ក្រចេះ បាន​សម្រេច​រហូត​ដល់ ៩៨,៣៦% ហើយ​។ ចំណែក​ឯ​គម្រោង​ទាំងមូល ដែល​រួម​មាន​ស្ពាន ផ្លូវ​ត​ភ្ជាប់ និង​ហេដ្ឋារចនាសម្ព័ន្ធ​រណប​មួយ​ចំនួន​ទៀត បាន​សម្រេច​វឌ្ឍនភាព​សាងសង់​បាន ៨៧,៣៩%​។

ស្ពាន​មិត្តភាព​កម្ពុជា​-​ចិន មេគង្គ​ក្រចេះ​នេះ មាន​ទីតាំង​ត្រើយ​ខាងកើត​ស្ថិត​នៅ​ភូមិ​តាលុ​ស ឃុំ​បុស​លាវ ស្រុក​ចិត្រ​បុរី ខណៈ​ត្រើយ​ខាងលិច​ស្ថិត​នៅ​ភូមិ​ថ្ម​រាប ឃុំ​ព្រែក​ប្រសព្វ ស្រុក​ព្រែក​ប្រសព្វ​។ ស្ពាន​នេះ​មានមុខ​កាត់​ទទឹង​ជាង ១៣​ម៉ែត្រ ដោយ​មាន​គន្លង​ផ្លូវ​សម្រាប់​រថយន្ត​ចំនួន ២​គន្លង​ទៅ​-​មក​, គន្លង​ផ្លូវ​សម្រាប់​ទោចក្រយានយន្ត​ចំនួន ២​គន្លង​ទៅ​-​មក និង​ផ្លូវ​ថ្មើរជើង​ចំនួន ២​គន្លង​ទៅ​-​មក ប្រវែង ១​ម៉ែត្រ រួម​ជាមួយ​បង្កាន់ដៃស្ពាន​សងខាង​យ៉ាង​រឹងមាំ​។

សម្រាប់​ផ្លូវ​ត​ភ្ជាប់​វិញ មាន​ប្រវែង​សរុប​ជាង ៣២​គីឡូម៉ែត្រ ដែល​រួម​មាន​ផ្លូវ​ត​ភ្ជាប់​ពី​ក្បាលស្ពាន​ប្រវែង​ជាង ១៥​គីឡូម៉ែត្រ និង​ផ្លូវ​ខ្នែង​ចំនួន ៤​ខ្សែ​នៅ​ក្នុង​ក្រុង​ក្រចេះ មាន​ប្រវែង​ជាង ១៦​គីឡូម៉ែត្រ​។ ខ្សែ​ផ្លូវ​ទាំងនេះ​ត្រូវ​បាន​សាងសង់​ពង្រីក និង​លើកកម្ពស់​គុណភាព​ដោយ​ក្រាល​បេតុង​កៅស៊ូ​(AC)​កម្រាស់ ៧​សង់ទីម៉ែត្រ​ដូច​គ្នា​។

ក្នុង​ចំណោម​នោះ កំណាត់​ផ្លូវ​៤​ខ្សែ ប្រវែង​ជិត ២៧​គីឡូម៉ែត្រ ត្រូវ​បាន​ស្ថាបនា​ពង្រីក​ទទឹង​ចាប់ពី ៩​ម៉ែត្រ ដល់ ១៣​ម៉ែត្រ លើ​តួ​ផ្លូវ​ចាប់ពី ១១​ម៉ែត្រ ដល់​ជិត ២០​ម៉ែត្រ​។ ចំណែក​កំណាត់​ផ្លូវ​១​ខ្សែ​ទៀត ប្រវែង​ជាង ៥​គីឡូម៉ែត្រ ត្រូវ​បាន​ពង្រីក​ទទឹង ១៩​ម៉ែត្រ លើ​តួ​ផ្លូវ ៣០​ម៉ែត្រ ដោយ​មាន​ពុះ​ទ្រូងផ្លូវ​នៅ​ចំ​កណ្តាល​ដើម្បី​ធ្វើ​សួន​រុក្ខជាតិ​បៃតង​ប្រវែង ៤​ម៉ែត្រ​ផង​ដែរ​។

ស្ពាន​និង​ផ្លូវ គឺជា​សរសៃឈាម​នៃ​សេដ្ឋកិច្ចជាតិ និង​ជា​អាទិភាព​គន្លឹះ​ទី​២ ក្នុង​ចំណោម​អាទិភាព​ទាំង​៥ «​មនុស្ស ផ្លូវ ទឹក ភ្លើង និង​បច្ចេកវិទ្យា» នៃ​យុទ្ធសាស្ត្រ​បញ្ច​កោណ​ដំណាក់កាល​ទី​១​របស់​រាជរដ្ឋាភិបាល​។ ក្នុង​កិច្ចការ​អាទិភាព​ទី​២ នៃ​បញ្ច​កោណ​ទី​២ គឺ​ការ​លើកកម្ពស់​ការ​ត​ភ្ជាប់ និង​ការ​បង្កើន​ប្រសិទ្ធភាព​នៃ​វិស័យ​ដឹក​ជញ្ជូន​។

គម្រោង​ស្ពាន​នេះ​ក៏​ជា​យុទ្ធសាស្ត្រ​ដ៏​សំខាន់​សម្រាប់​ការ​ត​ភ្ជាប់​ទំនាក់ទំនង និង​ជា​ក្តី​សង្ឃឹម​រវាង​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ត្រើយ​ខាងកើត និង​ត្រើយ​ខាងលិច​ទន្លេមេគង្គ​។ វា​នឹង​ជួយ​ត​ភ្ជាប់​តំបន់​ដាច់​ស្រយាល​នៅ​ភូមិភាគ​ឦសាន​ឱ្យ​មក​កាន់​ទីប្រជុំជន​កាន់តែ​ងាយស្រួល ព្រមទាំង​ត​ភ្ជាប់​ពី​ខេត្តក្រចេះ​ទៅ​ខេត្តកំពង់ធំ ដែល​មាន​ភាព​ប្រទាក់ក្រឡា​គ្នា​ជាមួយ​ផ្លូវជាតិ​សំខាន់​ៗ​នៃ​បណ្តា​ខេត្ត​ដទៃ​ទៀត​។


administrator

Related Articles