Starbucks សម្រេចលក់ភាគហ៊ុនធំនៅចិន ក្នុងកិច្ចព្រមព្រៀងដ៏ធំសម្បើម ៤ ពាន់លានដុល្លារ!

Starbucks សម្រេចលក់ភាគហ៊ុនធំនៅចិន ក្នុងកិច្ចព្រមព្រៀងដ៏ធំសម្បើម ៤ ពាន់លានដុល្លារ!

ក្រុមហ៊ុនកាហ្វេយក្ស Starbucks បានប្រកាសពីការសម្រេចចិត្តដ៏គួរឱ្យភ្ញាក់ផ្អើលមួយ ដោយខ្លួននឹងលក់ភាគហ៊ុនគ្រប់គ្រងភាគច្រើននៃប្រតិបត្តិការលក់រាយរបស់ខ្លួននៅប្រទេសចិន ទៅឱ្យក្រុមហ៊ុនវិនិយោគ Boyu Capital ។ កិច្ចព្រមព្រៀងដ៏ធំនេះ ត្រូវបានគេប៉ាន់ស្មានថាមានតម្លៃអាជីវកម្មសរុបប្រមាណ ៤ ពាន់លានដុល្លារអាមេរិក។

ក្រោមលក្ខខណ្ឌនៃកិច្ចព្រមព្រៀងនេះ ក្រុមហ៊ុន Boyu Capital នឹងទទួលបានភាគហ៊ុនចំនួន ៦០% នៅក្នុងប្រតិបត្តិការលក់រាយរបស់ Starbucks នៅទូទាំងប្រទេសចិន។ ចំណែកឯ Starbucks វិញ នឹងបន្តរក្សាភាគហ៊ុនចំនួន ៤០% នៅក្នុងភាពជាដៃគូនេះ ហើយក៏នឹងផ្តល់សិទ្ធិកាន់កាប់ម៉ាកយីហោ និងអាជ្ញាប័ណ្ណដល់ក្រុមហ៊ុន Boyu Capital ផងដែរ។

កាលពីថ្ងៃចន្ទ កន្លងទៅ Starbucks បានបញ្ជាក់ថា អាជីវកម្មរបស់ខ្លួននៅប្រទេសចិននឹងមានតម្លៃសរុបជាង ១៣ ពាន់លានដុល្លារ ដែលរួមបញ្ចូលទាំងប្រាក់ចំណូលពីការលក់ភាគហ៊ុនគ្រប់គ្រងទៅឱ្យ Boyu តម្លៃនៃភាគហ៊ុន ៤០% ដែលនៅសល់ និងតម្លៃសួយសារ។

Starbucks បានឈានជើងចូលទីផ្សារចិនជិត ៣០ ឆ្នាំមកហើយ ហើយត្រូវបានគេទទួលស្គាល់ថាជាអ្នកជំរុញដ៏សំខាន់មួយ ក្នុងការលើកកម្ពស់វប្បធម៌នៃការញ៉ាំកាហ្វេនៅក្នុងប្រទេសនេះ។ បច្ចុប្បន្ន ចិនគឺជាទីផ្សារធំជាងគេទីពីររបស់ Starbucks នៅក្រៅសហរដ្ឋអាមេរិក ដោយមានសាខារហូតដល់ ៨ ពាន់ទីតាំង។

Starbucks China

ទោះជាយ៉ាងណា ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ក្រុមហ៊ុនកាហ្វេខ្នាតយក្សមួយនេះបាននិងកំពុងជួបប្រទះការលំបាកខ្លះៗនៅក្នុងប្រទេសចិន ដោយសារតែការប្រកួតប្រជែងខ្លាំងពីក្រុមហ៊ុនក្នុងស្រុកថ្មីៗ ដែលមានតម្លៃថោក និងរីកចម្រើនយ៉ាងឆាប់រហ័ស ដូចជា Luckin Coffee ជាដើម។ ជាលទ្ធផល ការលក់នៅតាមសាខានីមួយៗរបស់ Starbucks នៅក្នុងប្រទេសចិន បានធ្លាក់ចុះក្នុងរយៈពេលពីរឆ្នាំសារពើពន្ធចុងក្រោយ។

ដូច្នេះហើយ Starbucks បាននឹងកំពុងស្វែងរកដៃគូយុទ្ធសាស្ត្រ ដើម្បីជួយពង្រីកអាជីវកម្មរបស់ខ្លួននៅក្នុងប្រទេសចិន ជាពិសេសនៅតាមបណ្តាទីក្រុងតូចៗ ដែលមានសក្តានុពលខ្ពស់។

administrator

Related Articles