ប្រយ័ត្ន! ទំព័រហ្វេសប៊ុកបោកប្រាស់ Wing កំពុងរងការស្រាវជ្រាវពីនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា!
កម្លាំងជំនាញនៃនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា កំពុងបើកការស្រាវជ្រាវយ៉ាងក្តៅគគុកលើករណីបោកប្រាស់ដ៏គ្រោះថ្នាក់មួយ ដែលបង្កឡើងដោយទំព័រហ្វេសប៊ុកឈ្មោះ “ការគាំទ្រអតិថិជន”។ ទំព័រនេះបានប្រើល្បិចបង្ហោះផ្សព្វផ្សាយអំពីការបង្វិលរង្វង់សំណាងនៅធនាគារ Wing ដើម្បីទាក់ទាញអតិថិជនឱ្យបង្វិលកងចាប់យករង្វាន់ តែធាតុពិតជាការឆបោកដើម្បីលួចយកប្រាក់តែប៉ុណ្ណោះ។
ការបើកប្រតិបត្តិការស្រាវជ្រាវនេះបានធ្វើឡើងភ្លាមៗ បន្ទាប់ពីនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យាបានរកឃើញទំព័រហ្វេសប៊ុក “ការគាំទ្រអតិថិជន” នេះកំពុងធ្វើសកម្មភាពបោកប្រាស់យ៉ាងសកម្ម ដោយប្រើល្បិចបង្វិលរង្វង់សំណាង Wing ដើម្បីទាក់ទាញជនរងគ្រោះ។ 
តាមការបញ្ជាក់ពីមន្ត្រីជំនាញ ក្រុមជនល្មើសបានប្រើល្បិចដ៏ពិសពុល ដោយណែនាំអតិថិជនតាមរយៈប្រអប់សារ (Inbox) ឱ្យចុចលើតំណភ្ជាប់បោកបញ្ឆោត (Phishing Link)។ តំណភ្ជាប់នេះមានគោលបំណងលួចយកទិន្នន័យផ្ទាល់ខ្លួនរបស់ជនរងគ្រោះ ដើម្បីគ្រប់គ្រងគណនីធនាគារ Wing របស់ពួកគេ។ នៅពេលដែលគណនីធនាគារត្រូវបានគ្រប់គ្រង ជនល្មើសនឹងលួចផ្ទេរប្រាក់ចេញពីគណនីជនរងគ្រោះភ្លាមៗ។ មិនតែប៉ុណ្ណោះ ក្រុមជនល្មើសថែមទាំងយកគណនីនេះទៅប្រើប្រាស់ស្នើសុំកម្ចីប្រាក់ពីធនាគារ Wing ទៀតផង។ ជាលទ្ធផល ជនរងគ្រោះមិនត្រឹមតែបាត់បង់ប្រាក់ពីគណនីរបស់ខ្លួនប៉ុណ្ណោះទេ តែថែមទាំងជំពាក់បំណុលធនាគារ Wing ដោយមិនបានដឹងខ្លួនទៀតផង។ 
ដូច្នេះ មន្ត្រីជំនាញនៃនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា សូមអំពាវនាវដល់សាធារណជនទាំងអស់ មេត្តាបង្កើនការប្រុងប្រយ័ត្នខ្ពស់ និងពិនិត្យឱ្យបានហ្មត់ចត់បំផុត មុPBននឹងផ្តល់ទិន្នន័យផ្ទាល់ខ្លួនទៅកាន់តំណភ្ជាប់ណាមួយដែលគ្មានប្រភពច្បាស់លាស់។ ការធ្វេសប្រហែសអាចបណ្តាលឱ្យបាត់បង់ផលប្រយោជន៍ និងខាតបង់ថវិកាផ្ទាល់ខ្លួនដោយមិននឹកស្មានដល់។ សូមកុំចុចលើតំណភ្ជាប់គួរឱ្យសង្ស័យ និងកុំផ្តល់ព័ត៌មានផ្ទាល់ខ្លួនឱ្យជនបោកប្រាស់! 
