កម្ពុជា បង្ហាញសុឆន្ទៈ! ក្រសួងការពារជាតិសម្របសម្រួល AOT ត្រួតពិនិត្យការផ្លាស់ប្តូរអាវុធធុនធ្ងន់ ដំណាក់កាលទី១ ត្រឡប់ទីតាំងដើម

កម្ពុជា បង្ហាញសុឆន្ទៈ! ក្រសួងការពារជាតិសម្របសម្រួល AOT ត្រួតពិនិត្យការផ្លាស់ប្តូរអាវុធធុនធ្ងន់ ដំណាក់កាលទី១ ត្រឡប់ទីតាំងដើម

ភ្នំពេញ៖ ក្រសួងការពារជាតិកម្ពុជា បានសម្របសម្រួលក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ចុះត្រួតពិនិត្យការអនុវត្តការកែសម្រួលអាវុធ និងយុទ្ធោបករណ៍បំផ្លិចបំផ្លាញធុនធ្ងន់ដំណាក់កាលទី១ ដែលត្រូវបានបញ្ជូនត្រឡប់មកកាន់ទីតាំងដើមវិញ ស្ថិតក្នុងខេត្តកណ្តាល កាលពីព្រឹកថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៥។ នេះបើតាមសេចក្តីប្រកាសព័ត៌មានពីលោកស្រី ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ។

អាវុធ និងយុទ្ធោបករណ៍ធុនធ្ងន់ទាំងនេះ ត្រូវបានកែសម្រួលចេញពីស្រុកជាំក្សាន្ត និងស្រុករវៀង ខេត្តព្រះវិហារ កាលពីល្ងាចថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៥ កន្លងទៅ។ ការផ្លាស់ប្តូរនេះ គឺស្របតាមការឯកភាពគ្នារវាងកម្ពុជា និងថៃ លើផែនការជាដំណាក់កាលនៃការកែសម្រួលអាវុធ និងយុទ្ធោបករណ៍បំផ្លិចបំផ្លាញធុនធ្ងន់ ដើម្បីពង្រឹងទំនុកចិត្តនិងសន្តិភាព។

សកម្មភាពខាងលើនេះ គឺជាការបង្ហាញយ៉ាងច្បាស់ពីកាយវិការសុច្ឆន្ទៈ និងការបញ្ជាក់ពីការតាំងចិត្តដ៏ម៉ឺងម៉ាត់របស់កម្ពុជា ក្នុងការអនុវត្តសេចក្តីថ្លែងការណ៍រួមទីក្រុងកូឡាឡាំពួរ ស្តីពីសន្តិភាពរវាងកម្ពុជា និងថៃ។ សេចក្តីថ្លែងការណ៍នេះ ត្រូវបានចុះហត្ថលេខាដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងនាយករដ្ឋមន្ត្រីថៃ ដោយមានវត្តមានជាសាក្សីពីឯកឧត្តមប្រធានាធិបតីសហរដ្ឋអាមេរិក ដូណាល់ ត្រាំ និងឯកឧត្តមនាយករដ្ឋមន្ត្រីម៉ាឡេស៊ី អាន់វ៉ា អ៊ីប្រាហ៊ីម កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥។


ជាមួយគ្នានេះ កម្ពុជាសង្ឃឹមយ៉ាងមុតមាំថា ភាគីទាំងពីរ (កម្ពុជា-ថៃ) នឹងអនុវត្តយ៉ាងពេញលេញ និងប្រកបដោយប្រសិទ្ធភាពនូវកិច្ចព្រមព្រៀងសន្តិភាពនេះ ដោយភាពស្មោះត្រង់ សុច្ឆន្ទៈ និងតម្លាភាព។ គោលបំណងសំខាន់ គឺដើម្បីរួមចំណែកដល់ការលើកកម្ពស់សន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការ ការអភិវឌ្ឍ និងការវិលត្រឡប់ទៅរកប្រក្រតីភាពឡើងវិញឱ្យបានឆាប់រហ័សនៅក្នុងតំបន់។


សូមសាធារណជនជាតិ និងអន្តរជាតិមេត្តាជ្រាបជាព័ត៌មាន៕

administrator

Related Articles