រឿងដ៏សង្វេគ! អ្នកចាត់ការទូទៅវ័យ ៤៤ ឆ្នាំ ដួលសន្លប់លើទីលានប្រកួត មុននឹងបាត់បង់ជីវិត

រឿងដ៏សង្វេគ! អ្នកចាត់ការទូទៅវ័យ ៤៤ ឆ្នាំ ដួលសន្លប់លើទីលានប្រកួត មុននឹងបាត់បង់ជីវិត

ហេតុការណ៍ដ៏គួរឲ្យសង្វេគមួយបានកើតឡើងកាលពីល្ងាចថ្ងៃអាទិត្យ នៅក្នុងក្របខ័ណ្ឌកំពូលរបស់ប្រទេសស៊ែប៊ី នៅពេលដែលលោក Mladen Zizovic អ្នកចាត់ការទូទៅសញ្ជាតិបូស្នៀវ័យ ៤៤ ឆ្នាំ បានដួលសន្លប់នៅលើទីលានប្រកួតអំឡុងនាទីទី ២២ នៃការប្រកួតរវាងក្រុម Radnički 1923 ជាមួយក្រុម Mladost។

ភ្លាមៗនោះ ក្រុមគ្រូពេទ្យបានប្រញាប់ប្រញាល់ជួយសង្គ្រោះ និងបញ្ជូនលោកទៅកាន់មន្ទីរពេទ្យ ប៉ុន្តែជាអកុសល ជីវិតរបស់លោកមិនអាចសង្គ្រោះបានឡើយ។

ការប្រកួតត្រូវបានផ្អាកជាបណ្ដោះអាសន្ន ប៉ុន្តែអាជ្ញាកណ្តាលបានបន្តការប្រកួតឡើងវិញ ខណៈដែលលោក Zizovic កំពុងត្រូវបានដឹកជញ្ជូនទៅកាន់មន្ទីរពេទ្យ។ ទោះជាយ៉ាងណា ប្រមាណជា ២០ នាទីក្រោយមក ដំណឹងដ៏សោកសៅនៃការបាត់បង់ជីវិតរបស់លោកក៏ត្រូវបានគេបញ្ជាក់។

រូបភាពដ៏កម្សត់បានលេចឡើងនៅលើទីលាន ដោយកីឡាករ និងគ្រូបង្វឹកមកពីក្រុមទាំងពីរបានស្រក់ទឹកភ្នែកយ៉ាងខ្លាំង មុនពេលការប្រកួតត្រូវបានលុបចោលទាំងស្រុង។

គួររំលឹកផងដែរថា លោក Zizovic ដែលជាអតីតកីឡាករជម្រើសជាតិបូស្នៀ ទើបតែត្រូវបានតែងតាំងជាអ្នកចាត់ការថ្មី កាលពីថ្ងៃទី ២៣ ខែតុលា កន្លងទៅ ហើយការប្រកួតជាមួយក្រុម Mladost នេះ គឺជាការប្រកួតទីបីរបស់លោកប៉ុណ្ណោះដែលទទួលបន្ទុកដឹកនាំក្រុម។

administrator

Related Articles