បន្ទាប់ពីមានការបែកធ្លាយសំឡេងរបស់លោកមេឃុំក្រញូងសែនជ័យ ស្រុកស្នួល ខេត្តក្រចេះថា បានកាយផ្ដាច់ផ្លូវមិនឲ្យប្រជាពលរដ្ឋឆ្លងកាត់ និងការប្រមូលទិញដីឱ្យទៅក្រុមហ៊ុន ត្រូវបានចែកចាយយកទៅផ្សព្វផ្សាយយ៉ាងផុលផុសនៅតាមបណ្ដាញសង្គមហ្វេសប៊ុក ក៏ដូចជាបណ្ដាញព័ត៌មានក្នុងស្រុកមួយចំនួន នៅក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងទៅនោះ ពេលនេះ លោក ជុំ ចន្ថា មេឃុំក្រញូងសែនជ័យ បានចេញសេចក្តីបំភ្លឺពាក់ព័ន្ធជុំវិញការផ្សាយព័ត៌មានមួយចំនួន និងបណ្តាញសង្គម ដែលបានយកសម្លេងសន្ទនាផ្ទៃក្នុងចាស់ៗមកបង្ហោះបំភ្លៃការពិតនិងចោទប្រកាន់ថា បានឲ្យកាយផ្តាច់ផ្លូវមិនឱ្យប្រជាពលរដ្ឋធ្វើដំណើរបានស្រួល នោះមិនមែនជាការពិតនោះទេ។
«ករណីកាយផ្លូវនេះកើតឡើង ២-៣ឆ្នាំមកហើយ ហើយការកាយផ្លូវនោះ ខ្ញុំមានសិទ្ឋឯណាទៅបញ្ជាឱ្យក្រុមហ៊ុនកាយផ្លូវនោះ។ ខាងក្រុមហ៊ុនគេជាអ្នកកាយផ្លូវនៅក្នុងក្រុមហ៊ុន ជាផ្លូវឯកជនរបស់ក្រុមហ៊ុនមួយ ដែលទទួលបានការវិនិយោគពីរាជរដ្ឋាភិបាលស្របតាមផ្លូវច្បាប់»។ នេះបើតាមលោក ជុំ ចន្ថា មេឃុំក្រញូងសែនជ័យ។
លោកថា កាលឆ្នាំនោះក្រុមហ៊ុនបានធ្វើផ្លូវវាងមួយផ្សេង ដើម្បីឱ្យប្រជាពលរដ្ឋធ្វើដំណើរតាមផ្លូវវាងនោះ មិនអនុញ្ញាតឱ្យឆ្លងកាត់នៅក្នុងក្រុមហ៊ុនទៀតទេ ដោយសារពាក់ព័ន្ធនិងបញ្ហាការពារសន្តិសុខសណ្ដាប់ធ្នាប់នៅក្នុងក្រុមហ៊ុនរបស់គេ។ ម្យ៉ាងទៀត គឺដើម្បីទប់ស្កាត់ការឆ្លងជំងឺទៅលើពូជដំណាំចេក និងអាចចម្លងជំងឺដល់សត្វគោ នៅក្នុងកសិដ្ឋានរបស់ក្រុមហ៊ុន និងករណីបាត់បង់ទ្រព្យសម្បត្តិ និងបំផ្លាញទ្រព្យរបស់ក្រុមហ៊ុនជាដើម ទើបខាងភាគីក្រុមហ៊ុនមិនព្រមឲ្យពួកគាត់ឆ្លងកាត់។

លោកមេឃុំគ្រញូងសែនជ័យ ក៏បានបញ្ជាក់ដែរថា នៅកំឡុងពេលការកាយបិទផ្លូវរបស់ក្រុមហ៊ុននោះ លោកបានដឹកនាំគណៈបញ្ជាការឯកភាពឃុំ ចុះទៅជួយសម្របសម្រួលដោះស្រាយរវាងប្រជាពលរដ្ឋនិងភាគីក្រុមហ៊ុន តាមរយៈការពិភាក្សា សម្របសម្រួលឱ្យ មានការយល់ព្រមទាំងសងខាង ដោយគ្មានការ បង្ខំ ឬការបិទផ្លូវដោយចេតនាឡើយ។
ករណីនេះ ក្រោយមកក៏មានការសម្របសម្រួលពីអាជ្ញាធរខេត្ត ដោយមានលោក គង់ គឹមនី អភិបាលរងខេត្តក្រចេះ បានដឹកនាំមន្ទីរជំនាញពាក់ព័ន្ធចុះទៅសម្របសម្រួលជាមួយភាគីក្រុមហ៊ុនដែរ ដើម្បីដោះស្រាយឱ្យខាងក្រុមហ៊ុនធ្វើផ្លូវវាង ដើម្បីឱ្យប្រជាពលរដ្ឋបានប្រើប្រាស់ផ្លូវ។

ស្រាប់តែពេលថ្មីៗនេះ មានការបែកធ្លាយ និងមានការផ្សព្វផ្សាយតាមបណ្ដាញព័ត៌មាន និងប្រព័ន្ធ facebook ដោយចោទប្រកាន់ថា លោកមេឃុំជាអ្នកបញ្ជាឲ្យកាយបិទផ្លូវនៅក្នុងក្រុមហ៊ុន និងជាអ្នកប្រមូលទិញដីពីប្រជាពលរដ្ឋឱ្យទៅក្រុមហ៊ុន។ លោកថា ការផ្សាយដែលមានការបំភ្លៃការពិតនោះ បានប៉ះពាល់ដល់កេរ្តិ៍ឈ្មោះ និងក្រមសីលធម៌រដ្ឋបាលមូលដ្ឋាន។
ក្រោយពីមានការផ្សព្វផ្សាយតាមបណ្ដាញសារព័ត៌មានក្នុងស្រុក រដ្ឋបាលស្រុកស្នួលដឹកនាំដោយលោក សាម ណាល់ អភិបាលស្រុកស្នួល ក៏បានចុះជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋ នៅចំណុចអូរគគី វាលម្រៈ និងប៉ោភូមិ ដើម្បីស្វែងយល់សុខទុក្ខ និងបញ្ហាប្រឈម ដើម្បីរកដំណោះស្រាយ។
លោកអភិបាលស្រុក បានបញ្ជាក់ថា អ្វីដែលប្រជាពលរដ្ឋនៅតំបន់នោះចង់បាន គឺសម្រួលផ្លូវឱ្យពួកគាត់បានធ្វើដំណើរឆ្លងកាត់បានស្រួល ក្នុងនោះលោកអភិបាលក៏បានឆ្លើយតបទៅប្រជាពលរដ្ឋដែរថា ដោយសារភ្លៀងនៅបន្តធ្លាក់ ដូច្នេះ ស្នើសុំអោយប្រជាពលរដ្ឋរងចាំដាច់ទឹកភ្លៀងសិន។ ដោយឡែកចំពោះបញ្ហាខ្វះសាលារៀន ប៉ុស្តិ៍សុខភាព អាជ្ញាធរមូលដ្ឋាន និងមន្ទីរជំនាញកំពុងពិនិត្យលទ្ធភាព៕
អត្ថបទ៖ ប្រុញ វិធិន
