ទឹកជំនន់ថៃធ្ងន់ធ្ងរ៖ ខេត្តឆៀងរ៉ាយរងគ្រោះខ្លាំងបំផុត លិចលង់លំនៅដ្ឋានរាប់ពាន់ខ្នង
ទីក្រុងបាងកក៖ ផ្នែកខ្លះនៃប្រទេសថៃកំពុងរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដោយសារគ្រោះទឹកជំនន់បន្ទាប់ពីមានភ្លៀងធ្លាក់ខ្លាំងជាច្រើនថ្ងៃជាប់គ្នា។ អាជ្ញាធរអះអាងថាស្រុកទាំងអស់នៃខេត្តឆៀងរ៉ាយទទួលការជូនដំណឹងឱ្យប្រុងប្រយ័ត្នខ្ពស់ព្រោះនឹងមានភ្លៀងធ្លាក់ខ្លាំង។ តាមពិត ខេត្តនេះរងគ្រោះជាបណ្ដើរៗចាប់ពីពេលនេះទៅហើយ។ ជាក់ស្ដែង ស្រុកចំនួន៥កំពុងលិចលង់ និងប៉ះពាល់លំនៅដ្ឋានរបស់ប្រជាជនជាង៤ពាន់ខ្នង។ ថ្ងៃនេះ មន្ទីរគ្រប់គ្រងគ្រោះមហន្តរាយខេត្តឆៀងរ៉ាយបានចេញសេចក្ដីណែនាំឱ្យក្រុមការងារនៅទូទាំងខេត្តត្រៀមលក្ខណៈសម្បត្តិឱ្យបានរួចរាល់ដើម្បីត្រៀមចុះប្រយុទ្ធ និងដោះស្រាយករណីកើតមានជំនន់ទឹកភ្លៀងដែលហក់ឡើងព្រឹបៗយ៉ាងឆាប់រហ័ស។ ជាពិសេស ផ្លូវទឹកនានានៅតាមត្រពាំង បឹង បួរ ស្ទឹង ទន្លេអាចនឹងឡើងលិចច្រាំង។ រីឯភ្លៀងក៏បន្តធ្លាក់ខ្លាំងដូចគេហែកមេឃនៅទូទាំងខេត្តឆៀងរ៉ាយ។ មន្ត្រីរដ្ឋបាលខេត្តឆៀងរ៉ាយពិនិត្យឃើញថាទីតាំងនៅសងខាងត្រើយទន្លេអ៊ីង (Ing…
