រុស្ស៊ី,អ៊ុយក្រែនយល់ព្រមដូរឈ្លើយសឹក១ពាន់នាក់ក្រោយជំនួបនៅតួកគី
ទីក្រុងអ៊ីស្តាន់ប៊ូល៖ រុស្ស៊ី និងអ៊ុយក្រែនយល់ព្រមដូរឈ្លើយសឹកគ្នាមួយពាន់នាក់ម្ខាងៗ។ ដូច្នេះ ការជួបគ្នារវាងក្រុមការងារប្រទេសទាំង២នៅតួកគីពិតជាមិនឥតប្រយោជន៍ទេ។ គ្រាន់តែថាមិនទាន់អាចសម្រេចបានកិច្ចការធំៗតែប៉ុណ្ណោះ។ ប្រធានក្រុមអ្នកចរចាខាងភាគីរុស្ស៊ីបានបង្ហើបឱ្យដឹងអំពីការត្រៀមដូរឈ្លើយសឹកបន្ទាប់ពីបិទបញ្ចប់កិច្ចជំនួបដោយផ្ទាល់នៅថ្ងៃនេះ។ បើដូច្នេះមែន វានឹងក្លាយជាការដូរឈ្លើយសឹកដ៏ច្រើនបំផុតចាប់តាំងពីក្រោយសង្គ្រាមអ៊ុយក្រែនឆ្នាំ២០២២។ រុស្ស៊ីថ្លែងថាភាគីទាំង២ក៏បានឯកភាពគ្នាថានឹងបញ្ជូនលក្ខខណ្ឌ និងសំណើឱ្យបានលម្អិតឱ្យគ្នាទៅវិញទៅមកដើម្បីយកទៅពិចារណាបង្កើតជាបទឈប់បាញ់។ តបទៅនឹងសំណើរបស់អ៊ុយក្រែនដែលចង់ឱ្យមានជំនួបកំពូលរវាងលោកហ្សេឡិនស្គី និងលោកពូទីន ខាងភាគីរុស្ស៊ីថានឹងយកសំណើនេះទៅពិចារណា។ ប៉ុន្តែរុស្ស៊ីសន្យាថាខ្លួននឹងបន្តការជួបគ្នានៅពេលក្រោយៗទៀត។ ក្រសួងការបរទេសតួកគី និងមន្ត្រីជាន់ខ្ពស់អ៊ុយក្រែនថ្លែងថាគណៈប្រតិភូប្រទេសទាំង២ជួបគ្នាមិនដល់២ម៉ោងទេ។ អ៊ុយក្រែនចោទប្រកាន់ថារុស្ស៊ីបានទាមទារឱ្យអ៊ុយក្រែនដកកងទ័ពទាំងអស់ចេញពីទឹកដីរបស់ខ្លួន (អ៊ុយក្រែន) ១ផ្នែកធំ។…
