រុស្ស៊ីឈរជើងរឹងមិនរើរែកគុយបា ប្រឆាំងការគំរាមកំហែងពីអាមេរិក
រុស្ស៊ីបានប្រកាសជំហររឹងមាំក្នុងការគាំទ្រគុយបា បន្ទាប់ពីលោកដូណាល់ ត្រាំ ប្រធានាធិបតីអាមេរិក ធ្វើសេចក្តីថ្លែងការណ៍គំរាមកំហែងចង់គ្រប់គ្រងប្រទេសដីកោះនេះ។ ក្រសួងការបរទេសរុស្ស៊ីបានថ្កោលទោសយ៉ាងខ្លាំងចំពោះសេចក្តីថ្លែងការណ៍របស់លោកត្រាំ ដែលបានអះអាងថា «ខ្ញុំអាចយកវាបាន ហើយចង់ធ្វើអ្វីស្រេចតែចិត្តខ្ញុំ» ទៅលើគុយបា។ រុស្ស៊ីបានចាត់ទុកការនេះជាការជ្រៀតជ្រែកយ៉ាងគឃ្លើនក្នុងកិច្ចការផ្ទៃក្នុងរបស់រដ្ឋអធិបតេយ្យ។ ការគាំទ្រពីមូស្គូមកដល់ក្នុងពេលដ៏លំបាកសម្រាប់គុយបា ដែលកំពុងជួបបញ្ហាថាមពលធ្ងន់ធ្ងរដោយសារទណ្ឌកម្មអាមេរិក។ រុស្ស៊ីបានសន្យាផ្តល់ជំនួយគ្រប់បែបយ៉ាង រួមទាំងជំនួយបច្ចេកទេស និងហិរញ្ញវត្ថុ ដើម្បីជួយគុយបារើបម្រះចេញពីវិបត្តិ។ ទីក្រុងមូស្គូបានបញ្ជាក់ថា នឹងបន្តរក្សាទំនាក់ទំនងជាប់ជានិច្ចជាមួយថ្នាក់ដឹកនាំគុយបា និងត្រៀមខ្លួនជួយជ្រោមជ្រែងប្រទេសមិត្តរហូតទាល់តែបាន។
