រដ្ឋសភាវៀតណាមបានអនុម័តការកាត់បន្ថយពន្ធទាក់ទងនឹងប្រេងឥន្ធនៈទាំងអស់ដល់សូន្យភាគរយ (០%) រហូតដល់ថ្ងៃទី៣០ ខែមិថុនា ដើម្បីបន្ធូរបន្ថយសម្ពាធតម្លៃ និងគាំទ្រកំណើនសេដ្ឋកិច្ច។

ពន្ធទាំងអស់លើសាំង ប្រេង និងប្រេងឥន្ធនៈអាកាសចរណ៍ រួមទាំងពន្ធការពារបរិស្ថាន ពន្ធលើតម្លៃបន្ថែម (VAT) និងពន្ធលើការប្រើប្រាស់ពិសេស នឹងត្រូវកាត់បន្ថយមកត្រឹមសូន្យ។
គោលនយោបាយនេះនឹងចូលជាធរមានចន្លោះពីថ្ងៃទី១៦ មេសា ដល់ថ្ងៃទី៣០ មិថុនា ដោយអាជីវកម្ម និងអ្នកនាំចូលប្រេងសាំង ផលិតផលប្រេងរួមទាំងប្រេងម៉ាស៊ូត ប្រេង Kerosene និងប្រេង Mazut និងប្រេងយន្តហោះ នឹងមិនតម្រូវឱ្យប្រកាស ឬបង់ពន្ធលើតម្លៃបន្ថែម (VAT) នៅដំណាក់កាលនាំចូល ឬដំណាក់កាលលក់នោះទេ។

ក្នុងស្ថានភាពអាសន្ន រដ្ឋាភិបាលអាចកែសម្រួលរយៈពេលនៃគោលនយោបាយ ហើយរាយការណ៍ទៅរដ្ឋសភានៅសម័យប្រជុំដែលនៅជិតបំផុត។
ជម្លោះដែលកំពុងបន្តនៅមជ្ឈិមបូព៌ា បានប៉ះពាល់យ៉ាងខ្លាំងដល់ទីផ្សារថាមពលពិភពលោក រួមទាំងវៀតណាមផងដែរ ដែលជំរុញឱ្យតម្លៃប្រេងឥន្ធនៈកើនឡើង។

ជាការឆ្លើយតប រដ្ឋាភិបាលវៀតណាមបានដាក់ចេញវិធានការផ្សេងៗ ដើម្បីគ្រប់គ្រងតម្លៃប្រេងឥន្ធនៈ និងគាំទ្រដល់អាជីវកម្ម និងអ្នកប្រើប្រាស់ រួមទាំងការប្រើប្រាស់មូលនិធិស្ថិរភាពតម្លៃជាដើម។
