ត្រាំប្រកាសបិទខ្ទប់ច្រក Hormuz ធ្វើឲ្យតម្លៃប្រេងហក់ខ្ពស់ឡើងជាថ្មី

ត្រាំប្រកាសបិទខ្ទប់ច្រក Hormuz ធ្វើឲ្យតម្លៃប្រេងហក់ខ្ពស់ឡើងជាថ្មី

ក្រោយកិច្ចចរចាសន្តិភាពអាមេរិក-អ៊ីរ៉ង់បរាជ័យ ប្រធានាធិបតីអាមេរិក លោកដូណាល់ ត្រាំ បានប្រកាសពីការបិទខ្ទប់ច្រកសមុទ្រ Hormuz ដែលធ្វើឲ្យតម្លៃប្រេងសកលហក់ឡើងសាជាថ្មី។

ច្រក Hormuz

លោកត្រាំបានបង្ហោះសារលើបណ្តាញសង្គម Truth Social កាលពីថ្ងៃអាទិត្យទី១២ ខែមេសា ឆ្នាំ២០២៦ ដោយសរសេរថា៖ «កងទ័ពជើងទឹកអាមេរិកនឹងចាប់ផ្តើមដំណើរការបិទខ្ទប់រាល់កប៉ាល់ដែលព្យាយាមចូលឬចាកចេញពីច្រក Hormuz»។ លោកបានណែនាំឲ្យកងទ័ពជើងទឹកស្វែងរកនិងស្ទាក់ចាប់កប៉ាល់ទាំងឡាយណាដែលបានបង់ថ្លៃសេវាឆ្លងកាត់ឲ្យទៅអ៊ីរ៉ង់។

ក្នុងសារដដែលនោះ លោកព្រមានថា៖ «អាមេរិកនឹងចាប់ផ្តើមបំផ្លាញរាល់គ្រាប់មីនដែលអ៊ីរ៉ង់ដាក់ពង្រាយនៅក្នុងច្រកសមុទ្រនោះ។ ជនជាតិអ៊ីរ៉ង់ណាដែលបាញ់មកលើពួកយើង ឬបាញ់លើកប៉ាល់សន្តិភាព នឹងត្រូវកម្ទេចឲ្យខ្ទេច។ ពួកយើងបានត្រៀមលក្ខណៈរួចរាល់ ១០០% ហើយ!»

សាររបស់លោកត្រាំនេះធ្វើឲ្យតម្លៃប្រេងសកលហក់ឡើងជាថ្មី ដោយប្រេងឆៅរបស់អាមេរិកកើនឡើង ៨% ដល់ ១០៤,២៤ ដុល្លារ ខណៈប្រេងឆៅម៉ាក Brent កើនឡើង ៧% ដល់ ១០២,២៩ ដុល្លារ។ មុនពេលមានសង្រ្គាម ប្រេងឆៅប្រភេទ Brent ត្រូវបានជួញដូរក្នុងតម្លៃប្រហែល ៧០ ដុល្លារក្នុងមួយបារ៉ែល។

តាមផែនការ អាមេរិកនឹងចាប់ផ្តើមការបិទខ្ទប់នេះនៅម៉ោង៩យប់ថ្ងៃចន្ទទី១៣ខែមេសាឆ្នាំ២០២៦ (ពេលវេលានៅកម្ពុជា)៕

អត្ថបទ៖ សុខ សុវណ្ណ

administrator

Related Articles