
ភ្នំពេញ – ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានថ្លែងរិះគន់យ៉ាងខ្លាំងទៅលើអង្គការណាតូ ដោយហៅសម្ព័ន្ធភាពយោធានេះថា «គ្មានបានការ» និងប្រាប់ឲ្យនៅឆ្ងាយពីច្រកសមុទ្រហ័រមូស។
ការបន្ទោសនេះបានកើតឡើងបន្ទាប់ពីបណ្តាប្រទេសសមាជិកណាតូនៅអឺរ៉ុបបានបដិសេធសំណើរបស់អាមេរិកក្នុងការបញ្ជូនកងទ័ពជើងទឹកទៅកាន់ច្រកសមុទ្រហ័រមូស ដើម្បីរួមដៃជាមួយអាមេរិក និងអ៊ីស្រាអែលក្នុងការប្រឈមមុខជាមួយអ៊ីរ៉ង់។
លោកត្រាំបានបង្ហោះសារលើបណ្តាញសង្គម Truth Social កាលពីថ្ងៃសុក្រទី១៧ខែមេសា ដោយសរសេរថា៖ «ឥឡូវ ពេលដែលស្ថានភាពនៅច្រកសមុទ្រហ័រមូសបញ្ចប់ ខ្ញុំក៏ស្រាប់តែទទួលបានការហៅទូរស័ព្ទពីអង្គការណាតូ ដោយសួរថា តើយើងត្រូវការជំនួយខ្លះដែរឬទេ? ខ្ញុំបានប្រាប់ពួកគេវិញថា នៅឲ្យឆ្ងាយ! ពួកគេគ្មានប្រយោជន៍សោះនៅពេលយើងត្រូវការ។ ពិតជាខ្លាក្រដាសមែន!»។
លោកត្រាំក៏បានប្រកាសជាចំហថា លោកកំពុង «ពិចារណាយ៉ាងម៉ឺងម៉ាត់» ក្នុងការដកសហរដ្ឋអាមេរិកចេញពីសម្ព័ន្ធភាពណាតូ។ ការថ្លែងបែបនេះបានធ្វើឲ្យពិភពលោកមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ខណៈដែលអង្គការមួយនេះទើបតែប្រារព្ធខួប៧៧ឆ្នាំនៃវត្តមានរបស់ខ្លួន។
លោកដូណាល់ ត្រាំ បានសម្តែងការមិនពេញចិត្តយ៉ាងខ្លាំង ដោយលោកហៅអង្គការណាតូថាជា «ខ្លាក្រដាស» ដែលចាំតែយកប្រយោជន៍ពីអាមេរិក ប៉ុន្តែមិនព្រមជួយនៅពេលអាមេរិកត្រូវការ។
