ភ្នំពេញ៖ កម្លាំងសមត្ថកិច្ចបានចុះបង្ក្រាបទីតាំងឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) នៅអគារខុនដូ ZHUOYUFENG កាលពីថ្ងៃទី២១ មេសា ២០២៦ ដោយឃាត់ខ្លួនជនបរទេស៥៥នាក់ និងរកឃើញថ្នាំញៀនជិត១០គីឡូក្រាម។

ប្រតិបត្តិការនេះធ្វើឡើងក្រោមការដឹកនាំផ្ទាល់របស់លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ។

ក្នុងចំណោមជនបរទេស៥៥នាក់ មាន៧សញ្ជាតិ ដែល៤៤នាក់ស្នាក់នៅខុសច្បាប់ និង១១នាក់ជាជនជាតិវៀតណាម (ស្រី៣នាក់) ដែលពាក់ព័ន្ធនឹងបទល្មើស Online Scams។

សមត្ថកិច្ចបានដកហូតវត្ថុតាងរួមមាន៖ កុំព្យូទ័រយួរដៃ១៤គ្រឿង ទូរស័ព្ទដៃ៦គ្រឿង និងគ្រឿងញៀនចំរុះទម្ងន់សរុបប្រហែល១០គីឡូក្រាម។

យោងតាមការស៊ើបអង្កេតបឋម ទីតាំងនេះត្រូវបានប្រើសម្រាប់ប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។ ជនបរទេសទាំង៥៥នាក់ និងសម្ភារៈវត្ថុតាងត្រូវបានប្រគល់ជូនស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីបន្តនីតិវិធី។











