គ្រោះអគ្គិភ័យផ្ទុះក្នុងខេត្តក្រចេះ ៣ខែដើមឆ្នាំ២០២៦ បង្កខាតបង់ទ្រព្យសម្បត្តិជិត ៧៥០ លានរៀល

គ្រោះអគ្គិភ័យផ្ទុះក្នុងខេត្តក្រចេះ ៣ខែដើមឆ្នាំ២០២៦ បង្កខាតបង់ទ្រព្យសម្បត្តិជិត ៧៥០ លានរៀល

ខេត្តក្រចេះ៖ ក្នុងរយៈពេលត្រឹមតែ ៣ខែដើមឆ្នាំ២០២៦ ខេត្តក្រចេះបានជួបគ្រោះមហន្តរាយយ៉ាងធ្ងន់ធ្ងរ ដែលបង្កការខូចខាតទ្រព្យសម្បត្តិសរុបជិត ៧៥០ លានរៀល និងប៉ះពាល់ដល់អាយុជីវិតប្រជាពលរដ្ឋ។

គ្រោះអគ្គិភ័យក្នុងខេត្តក្រចេះ

យោងតាមរបាយការណ៍ពីគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្តក្រចេះ គ្រោះអគ្គិភ័យដែលកើតឡើងចំនួន ៧លើក ក្នុងស្រុកចំនួន៤ គឺស្រុកឆ្លូង ព្រែកប្រសព្វ ចិត្របុរី និងអូរគ្រឿងសែនជ័យ បានបង្កការខូចខាតខ្លាំងជាងគេ។

លទ្ធផលពីគ្រោះអគ្គិភ័យនេះ ផ្ទះចំនួន ១១ ខ្នងត្រូវបានឆេះរលាយ ក្នុងនោះ ៨ខ្នងខូចខាតទាំងស្រុង ប៉ះពាល់ដល់ពលរដ្ឋ ៤៤នាក់ និងបង្កការខូចខាតទឹកប្រាក់ប្រមាណ ៧៣៨ លានរៀល រួមទាំងមាសចំនួន ៤.៥ ដំឡើង។

ការសង្គ្រោះគ្រួសាររងគ្រោះ

គ្រោះខ្យល់កន្ត្រាក់ក៏បានកើតឡើងចំនួន ១លើកនៅឃុំកន្ទួត និងឃុំថ្មី ស្រុកចិត្របុរី បណ្តាលឱ្យប៉ះពាល់ផ្ទះចំនួន ៧ខ្នង ខូចខាតធ្ងន់ ២ខ្នង និងប៉ះពាល់ពលរដ្ឋ ៣៥នាក់។ ករណីលង់ទឹក ២ករណីនៅស្រុកព្រែកប្រសព្វ និងស្រុកចិត្របុរី បណ្តាលឱ្យមនុស្ស ២នាក់ស្លាប់ ក្នុងនោះស្រី ១នាក់។

អាជ្ញាធរខេត្តគ្រប់លំដាប់ថ្នាក់ រួមជាមួយសាខាកាកបាទក្រហមកម្ពុជាខេត្តក្រចេះ បានចុះទៅផ្តល់ជំនួយសង្គ្រោះបឋមភ្លាមៗ។ គ្រួសាររងគ្រោះសរុបចំនួន ៤៦ គ្រួសារ ស្មើនឹង ១៤៧នាក់ ទទួលបានអំណោយមនុស្សធម៌។

រដ្ឋបាលខេត្តបានដាក់ចេញសេចក្តីណែនាំជាបន្តបន្ទាប់ ដើម្បីឱ្យពលរដ្ឋបង្កើនការប្រុងប្រយ័ត្នចំពោះគ្រោះអគ្គិភ័យ និងដើម្បីកាត់បន្ថយហានិភ័យនៃគ្រោះមហន្តរាយនាពេលខាងមុខ។

អត្ថបទ៖ ប្រុញ វិធិន

administrator

Related Articles