
ភ្នំពេញ – អ្នកសិល្បៈ និងមហាជនជាច្រើនបានសម្តែងមោទនភាពយ៉ាងខ្លាំងចំពោះតារាចម្រៀង ទេព បូព្រឹក្ស និង G-Devith ដែលបាននាំយកវប្បធម៌ខ្មែរទៅរះពន្លឺលើឆាកអន្តរជាតិនៅកម្មវិធី ASEAN-Korea Music Festival 2026 ROUND ក្នុងប្រទេសហ្វីលីពីន។

តារាចម្រៀងទាំងពីរបានក្លាយជាតំណាងប្រទេសកម្ពុជាក្នុងកម្មវិធីដ៏ធំមួយនេះ ដោយនាំយកទម្រង់សិល្បៈបុរាណខ្មែរដូចជា របាំអប្សរា និងល្ខោនខោល ទៅសម្តែងនៅឆាកអន្តរជាតិ។ ទេព បូព្រឹក្ស បានចំណាយថវិកាផ្ទាល់ខ្លួននាំយកក្រុមសិល្បៈពីសាលាភូមិន្ទវិចិត្រសិល្បៈចូលរួមសម្តែងអមជាមួយការច្រៀងបទ “ទេវរាជ” និង “វីរៈនារី”។

ការសម្តែងដ៏អស្ចារ្យនេះទទួលបានការទះដៃយ៉ាងកងរំពងពីទស្សនិកជនអន្តរជាតិ។ ទេព បូព្រឹក្ស បានបង្ហោះលើបណ្តាញសង្គមថា៖ “របាំអប្សរា វប្បធម៌របស់យើង រះយ៉ាងស្រស់ស្អាតបំផុតនៅលើឆាកអន្តរជាតិ”។

ព្រះអង្គម្ចាស់ក្សត្រិយ៍ ចេណ្ណា បានសម្តែងមោទនភាពថា៖ “ពិតជាសិល្បករ សិល្បការិនីកំពូលនៃកម្ពុជា ដែលបាននាំយកព្រលឹងវប្បធម៌ខ្មែរទៅរះយ៉ាងចិញ្ចាំងចិញ្ចាចលើឆាកអន្តរជាតិ”។

តារាសម្តែង ជា វណ្ណារិទ្ធ ក៏បានចូលរួមអបអរសាទរ៖ “មោទកភាពចំពោះការសម្តែងដ៏អស្ចារ្យរបស់អ្នកទាំងពីរណាស់ ជាពិសេសការនាំយកព្រលឹងវប្បធម៌ខ្មែរទៅរះលើឆាកអន្តរជាតិ”។

នេះមិនមែនជាលើកទីមួយដែលទេព បូព្រឹក្ស នាំយកសិល្បៈខ្មែរទៅសម្តែងនៅឆាកអន្តរជាតិទេ។ កាលពីឆ្នាំ២០២៥ នាងក៏បានសម្តែងនៅ ROUND FESTIVAL 2025 នៅប្រទេសម៉ាឡេស៊ីផងដែរ។

បន្ទាប់ពីការសម្តែង ទេព បូព្រឹក្ស បានបង្ហាញក្តីរីករាយយ៉ាងខ្លាំងចំពោះការមានឱកាសបង្ហាញសិល្បៈខ្មែរនៅក្រៅប្រទេស និងធ្វើឱ្យអន្តរជាតិស្គាល់ពីវប្បធម៌ដ៏រុងរឿងរបស់កម្ពុជា។

ការសម្តែងនេះបានធ្វើឡើងនៅថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៦ នៅប្រទេសហ្វីលីពីន ដោយមានការចូលរួមពីតារាចម្រៀងល្បីៗជាច្រើនរូបក្នុងតំបន់អាស៊ី។

អត្ថបទសរសេរដោយ៖ សុខ វាសនា
កែសម្រួលដោយ៖ ស្រីណា
