រាជធានីបាងកក – រដ្ឋាភិបាលថៃបានប្រកាសពង្រឹងសន្តិសុខតាមព្រំដែនជាបន្ទាន់ បន្ទាប់ពីយន្តហោះចម្បាំងមីយ៉ាន់ម៉ាបានទម្លាក់គ្រាប់បែកខ្ទាតចូលទឹកដីថៃ បង្កឱ្យប្រជាពលរដ្ឋភៀសខ្លួនយ៉ាងរហ័ស។

ក្រសួងមហាផ្ទៃថៃបានចេញបញ្ជាបន្ទាន់ទៅកាន់ខេត្ត៤ដែលជាប់ព្រំដែនមីយ៉ាន់ម៉ា រួមមាន Mae Hong Son, Chiang Mai, Chiang Rai និង Tak ឱ្យបង្កើនការឃ្លាំមើល២៤ម៉ោង និងពង្រឹងវិធានការសន្តិសុខទាំងអស់។
ការសម្រេចចិត្តនេះមកបន្ទាប់ពីយន្តហោះចម្បាំងប្រភេទ Yak-130 និង MiG-29 របស់កងទ័ពអាកាសមីយ៉ាន់ម៉ា បានទម្លាក់គ្រាប់បែក៩គ្រាប់ទៅលើតំបន់មន្ទីរពេទ្យនិងសហគមន៍ក្នុងរដ្ឋការ៉ែន ដែលស្ថិតនៅចម្ងាយត្រឹម៥០០ម៉ែត្រពីព្រំដែនថៃ។

បើតាមការផ្សាយរបស់ Khaosod គ្រាប់បែកមួយគ្រាប់បានធ្លាក់ទៅលើទឹកដីថៃនៅតំបន់មាត់ទន្លេ Salween ជិតភូមិ Mae Sam Laep ខេត្ត Mae Hong Son។ ការផ្ទុះគ្រាប់បែកបានធ្វើឱ្យប្រជាពលរដ្ឋភ័យស្លន់ស្លោ ហើយនាំគ្នារត់ភៀសខ្លួនទៅកាន់តំបន់សុវត្ថិភាព។
កម្លាំងទាហានព្រៃថៃនិងអាជ្ញាធរមូលដ្ឋានបានចុះទៅជួយជម្លៀសប្រជាពលរដ្ឋទៅកាន់ភូមិ Huai Kong Kaad ជាកន្លែងស្នាក់នៅបណ្តោះអាសន្ន។ រដ្ឋាភិបាលថៃបានបញ្ជាក់ថា ពួកគេនឹងបន្តតាមដានស្ថានភាព ប៉ុន្តែនឹងមិនឆ្លើយតបតាមរបៀបយោធាទេ។
អ្នកភូមិម្នាក់បានរាយការណ៍ថា “យើងឮសម្លេងផ្ទុះខ្លាំងណាស់ ហើយឃើញផ្សែងហុយឡើង។ ពួកយើងភ័យខ្លាំងណាស់ រត់ទាំងអត់ពាក់ស្បែកជើងទៀត។”
រដ្ឋាភិបាលថៃបានសន្យាថា នឹងផ្តល់ជំនួយមនុស្សធម៌ដល់អ្នកភូមិដែលត្រូវជម្លៀស និងបន្តការពារសុវត្ថិភាពប្រជាពលរដ្ឋតាមព្រំដែនទាំងស្រុង។
