វិនិយោគថ្មី ៨ គម្រោង ទុន ៥០០ លានដុល្លារ បង្កើតការងារ ២ពាន់កន្លែង

វិនិយោគថ្មី ៨ គម្រោង ទុន ៥០០ លានដុល្លារ បង្កើតការងារ ២ពាន់កន្លែង

រាជធានីភ្នំពេញ៖ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានរៀបចំកិច្ចប្រជុំច្រកចេញ-ចូលតែមួយ លើកទី៤ ក្នុងឆ្នាំ២០២៦ ដើម្បីពិនិត្យពិភាក្សាលើសំណើសុំចុះបញ្ជីគម្រោងវិនិយោគថ្មីចំនួន៨គម្រោង ដែលមានទុនសរុបជិត៥០០លានដុល្លារ។

កិច្ចប្រជុំវិនិយោគ

កិច្ចប្រជុំនេះបានធ្វើឡើងនៅថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៦ ក្រោមដឹកនាំដោយលោក ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា និងមានការចូលរួមពីតំណាងក្រសួង-ស្ថាប័ន និងរដ្ឋបាលរាជធានី ខេត្តពាក់ព័ន្ធ។

គម្រោងវិនិយោគទាំង៨នេះមានទុនវិនិយោគសរុបប្រមាណ៤៩០លានដុល្លារអាម៉េរិក អាចបង្កើតការងារបានប្រមាណ២ពាន់កន្លែង។

វិស័យវិនិយោគ

ក្នុងចំណោមគម្រោងទាំងនេះ មានគម្រោងវិស័យឧស្សាហកម្មចំនួន៤គម្រោង រួមមាន៖

  • ផលិត ផ្គុំ និងដំឡើងសម្ភារអគ្គិសនីប្រើប្រាស់ក្នុងផ្ទះ
  • ផលិតពូកខ្យល់ សាឡុងខ្យល់ ពោងហែលទឹក អាងហែលទឹក ទូកខ្យល់ កាបូបក្លាស្សេ សម្ភារកីឡា និងសម្ភារក្មេងលេង (ពីប្លាស្ទិក)
  • ផលិតអំបោះ និងជ្រលក់ពណ៌
  • ពង្រីកបន្ថែមមុខសញ្ញាផលិតកម្មបោកគក់សម្លៀកបំពាក់

វិស័យកសិកម្ម និងកសិ-ឧស្សាហកម្មមាន២គម្រោង៖

  • បង្កើតរោងចក្រកែច្នៃដំឡូងមី
  • បង្កើតកសិដ្ឋានចិញ្ចឹម និងបង្កាត់ពូជសត្វចតុប្បាទ

ថាមពលអគ្គិសនី

វិស័យហេដ្ឋារចនាសម្ព័ន្ធមាន២គម្រោង៖

  • អភិវឌ្ឍន៍ស្ថានីយផលិតអគ្គិសនីដើរដោយថាមពលខ្យល់ អានុភាព១៥០មេហ្គាវ៉ាត់
  • អភិវឌ្ឍន៍ស្ថានីយផលិតអគ្គិសនីដើរដោយថាមពលពន្លឺព្រះអាទិត្យ អានុភាព៣៥០មេហ្គាវ៉ាត់

គម្រោងវិនិយោគទាំង៨នេះបានបោះទីតាំងនៅរាជធានីភ្នំពេញ ខេត្តតាកែវ កំពង់ស្ពឺ ពោធិ៍សាត់ កំពង់ចាម កំពង់ធំ និងខេត្តមណ្ឌលគីរី។

អត្ថបទសរសេរដោយ សហការី | កែសម្រួលដោយ សោម វិសាល

administrator

Related Articles