កម្មវិធីរត់ប្រណាំង «១ម៉ឺនជំហានដើម្បីសិស្ស១ម៉ឺននាក់» រំពឹងទាក់ទាញអ្នកចូលរួមជាង ៣ពាន់នាក់

កម្មវិធីរត់ប្រណាំង «១ម៉ឺនជំហានដើម្បីសិស្ស១ម៉ឺននាក់» រំពឹងទាក់ទាញអ្នកចូលរួមជាង ៣ពាន់នាក់

រាជធានីភ្នំពេញ៖ កម្មវិធីរត់ប្រណាំងដ៏ពិសេសមួយ ក្រោមឈ្មោះ «១ម៉ឺនជំហានដើម្បីសិស្ស១ម៉ឺននាក់» កំពុងរៀបចំដើម្បីបើកដំណើរការលើកដំបូងនៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៦ ខាងមុខនេះ។ កម្មវិធីនេះរំពឹងទាក់ទាញអ្នកចូលរួមពី២ពាន់ដល់៣ពាន់នាក់។

កម្មវិធីរត់ប្រណាំង

នៅក្នុងសន្និសីទសារព័ត៌មានកាលពីថ្ងៃទី២០ ខែមេសា ឯកឧត្តមវ៉ាត់ ចំរើន រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាអគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានបញ្ជាក់ថា កម្មវិធីនេះជាផ្នែកមួយនៃយុទ្ធនាការផ្សព្វផ្សាយដំបូងបង្អស់នៅកម្ពុជា។ កម្មវិធីនេះទទួលបានការគាំទ្រពេញទំហឹងពីក្រសួងអប់រំ យុវជន និងកីឡា ដែលមានឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ជាអ្នកដឹកនាំ។

ឯកឧត្តមវ៉ាត់ ចំរើន បានបន្តថា ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានផ្ដល់អនុសាសន៍ថា ការអានគឺជាមូលដ្ឋានគ្រឹះសំខាន់នៃការអប់រំប្រកបដោយគុណភាព ដើម្បីការកសាងធនធានមនុស្ស និងការអភិវឌ្ឍរបស់ប្រទេសកម្ពុជា។ យុទ្ធនាការនេះឆ្លុះបញ្ចាំងពីចក្ខុវិស័យរួមគ្នាមួយដ៏សំខាន់ និងមានឥទ្ធិពលវិជ្ជមានក្នុងគោលដៅអភិវឌ្ឍធនធានមនុស្ស សេដ្ឋកិច្ច និងសង្គមជាតិទាំងមូល។

ទន្ទឹមគ្នានេះ ឯកឧត្តមក៏បានអំពាវនាវឱ្យមានការចូលរួមគាំទ្រកម្មវិធីមួយនេះ ដែលជាយុទ្ធនាការសង្គមមួយសំខាន់ក្នុងស្មារតីលើកកម្ពស់ការអាន បណ្ដុះទម្លាប់អាន ការសិក្សាស្រាវជ្រាវ និងការបង្កើតវប្បធម៌អានដើម្បីឱ្យការអានក្លាយជាផ្នែកមួយនៃជីវិតប្រចាំថ្ងៃ។

ការផ្សព្វផ្សាយកម្មវិធី

ឯកឧត្តមវ៉ាត់ ចំរើន ក៏បានអំពាវនាវឱ្យប្រជាពលរដ្ឋចូលរួមឱ្យបានច្រើន ខណៈគិតមកត្រឹមថ្ងៃនេះ ការចុះឈ្មោះបានជាង៥០០នាក់ហើយ។ លោកសែម ផល្លា នាយកបច្ចេកទេសគណៈកម្មការម៉ារ៉ាតុង ក៏បានសំណូមពរទៅដល់អ្នកសារព័ត៌មានជួយផ្សព្វផ្សាយឱ្យបានទូលំទូលាយ ខណៈទីតាំងដែលគ្រោងធ្វើឡើងនៅថ្ងៃទី២៤ ខែឧសភា ខាងមុខនេះ គឺស្ថិតនៅកោះនរា និងកោះពេជ្រ។

កម្មវិធីនេះនឹងធ្វើឡើងក្រោមប្រធានបទ «រត់ ដើរ ដើម្បីលើកកម្ពស់ការអាន និងសារមន្ទីរសេដ្ឋកិច្ច និងរូបិយវត្ថុព្រះស្រីឦសានវរ្ម័ន (ស.ស.រ)» ក្រោមកិច្ចសហការគាំទ្រដោយក្រសួងអប់រំ យុវជន និងកីឡា។

administrator

Related Articles