ព្រះសីហនុ៖ ហេតុការណ៍គួរឱ្យសោកស្តាយមួយបានកើតឡើងនៅឆ្នេរសមុទ្រកោះពស់ ក្រោយក្មេងប្រុស-ស្រីចំនួន៤នាក់លង់ទឹក ដោយក្មេងប្រុសម្នាក់បានស្លាប់ និងក្មេង៣នាក់ទៀតត្រូវបានជួយសង្គ្រោះបាន។

ព្រឹត្តិការណ៍នេះបានកើតឡើងនៅវេលាម៉ោង១២និង១៥នាទី ថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៦ នៅសង្កាត់៣ ក្រុងព្រះសីហនុ។ នគរបាលទេសចរណ៍និងនគរបាលចរាចរណ៍ផ្លូវទឹកបានបញ្ជាក់ព័ត៌មានអំពីហេតុការណ៍នេះ។
ជនរងគ្រោះទាំង៤នាក់មាន៖
១. ផល សីហា (ប្រុស អាយុ៧ឆ្នាំ) មកពីខេត្តតាកែវ – ស្លាប់
២. ជួន សុវណ្ណមករា (ប្រុស អាយុ៥ឆ្នាំ) មកពីខេត្តកំពង់ស្ពឺ – រស់
៣. ជួន សុវណ្ណបញ្ញា (ស្រី អាយុ៧ឆ្នាំ) មកពីខេត្តកំពង់ស្ពឺ – រស់
៤. ជួន សុវណ្ណនីតា (ស្រី អាយុ១០ឆ្នាំ) មកពីខេត្តកំពង់ស្ពឺ – រស់

តាមការបញ្ជាក់ពីសាច់ញាតិ មុនពេលកើតហេតុ ក្មេងទាំង៤នាក់បានរត់លេងនិងចុះលេងទឹកសមុទ្រប្រហែល៧នាទី ក៏លង់ទឹកភ្លាមៗ។ ក្មេងប្រុសដែលស្លាប់ត្រូវបានគេរកឃើញបន្ទាប់ពីលង់ទឹកបាត់ប្រហែល២០នាទី។
យើងសូមចូលរួមសោកស្តាយរំលែកទុក្ខជាមួយគ្រួសារជនរងគ្រោះ និងផ្តល់ការព្រមានដល់ឪពុកម្តាយ អាណាព្យាបាល ឱ្យយកចិត្តទុកដាក់ជាពិសេសចំពោះកុមារពេលចុះលេងទឹកសមុទ្រ។
ដោយ៖ សិលា
