ខេត្តកែប៖ កម្លាំងសមត្ថកិច្ចជំនាញនៃស្នងការដ្ឋាននគរបាលខេត្តកែប បានចុះបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធអនឡាញ (ONLINE SCAM) និងឃាត់ខ្លួនជនសង្ស័យចំនួន ១៦នាក់ ក្នុងអំឡុងពេលប្រតិបត្តិការពិសេស។

លោកឧត្តមសេនីយ៍ទោ សម្បត្តិ សុធារដ្ឋ ស្នងការនគរបាលខេត្តកែប បានបញ្ជាក់ថា ប្រតិបត្តិការនេះបានធ្វើឡើងកាលពីថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៦ ដោយកម្លាំងនគរបាលដឹកនាំផ្ទាល់ដោយលោកបណ្ឌិត សោម ពិសិដ្ឋ អភិបាលខេត្តកែប។

កិច្ចប្រតិបត្តិការបានធ្វើឡើងនៅផ្ទះជួលមួយក្នុងភូមិអូរក្រសារ សង្កាត់អូរក្រសារ ក្រុងកែប ដែលជាទីតាំងប្រព្រឹត្តបទល្មើស។ កម្លាំងសមត្ថកិច្ចបាននាំខ្លួនជនសង្ស័យចំនួន ១៦នាក់ រួមមានជនជាតិខ្មែរ ២នាក់ និងជនជាតិចិន ១៤នាក់។

សម្ភារវត្ថុតាងដែលត្រូវបានដកហូតរួមមាន៖ កុំព្យូទ័រយួរដៃ ២១គ្រឿង ទូរសព្ទ ២៥គ្រឿង និងឧបករណ៍សម្រាប់ប្រព្រឹត្តបទល្មើសជាច្រើនទៀត។

លោកស្នងការបានពន្យល់បន្ថែមថា សមត្ថកិច្ចបានបំពេញសំណុំរឿង និងបញ្ជូនជនសង្ស័យទាំង ១៦នាក់ រួមទាំងសម្ភារវត្ថុតាងទៅអយ្យការអមសាលាដំបូងខេត្តកែប ដើម្បីចាត់ការតាមនីតិវិធី។

“នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងលោក សោម ពិសិដ្ឋ អភិបាលខេត្តកែប បានដាក់ចេញគោលការណ៍ធ្វើយ៉ាងណាបង្ក្រាបឲ្យខាងតែបាន ដោយមិនលើកលែងឱ្យឡើយ” លោកស្នងការបានបញ្ជាក់។

ក្រុមសមត្ថកិច្ចក៏បានផាកពិន័យម្ចាស់ផ្ទះដែលជាទីតាំងប្រព្រឹត្តបទល្មើសតាមអនុក្រឹត្យលេខ០៣ អនក្រ.បក របស់រាជរដ្ឋាភិបាលផងដែរ។ ការស្រាវជ្រាវនឹងត្រូវបន្តដើម្បីបង្ក្រាបបទល្មើសប្រភេទនេះឲ្យបានម៉ឺងម៉ាត់។
