ខេត្តកណ្ដាល – បុរសវ័យចំណាស់ម្នាក់ជាអតីតមន្ត្រីជលផលបានរងរបួសធ្ងន់សន្លប់ស្ដូកស្ដឹង និងកៀបជាប់ក្នុងរថយន្ត ក្រោយពីបើករថយន្ត PRADO លឿនបុកកន្ទុយរថយន្តធំ ហើយអ្នកបើករថយន្តធំបានរត់គេចបាត់។

ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង ២៣:០៥យប់ ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៦ នៅលើផ្លូវជាតិលេខ២១ ក្នុងភូមិទួលក្រសាំង សង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ។ ជនរងគ្រោះគឺលោក ទៀន ស៊ឹមម្លី អាយុ ៦៨ឆ្នាំ ជាអតីតប្រធានផ្នែករដ្ឋបាលជលផលក្រុងសំពៅពូន។

លោក វរសេនីយ៍ត្រី ឃុន ណារិទ្ធ នាយប៉ុស្តិ៍នគរបាលរដ្ឋបាលរកាខ្ពស់ បានបញ្ជាក់ថា ជនរងគ្រោះបានបើកបររថយន្ត PRADO ពណ៌ទឹកប្រាក់ ផ្លាកលេខ ភ្នំពេញ 2M-5994 ពីតាខ្មៅទៅទួលក្រសាំង។ នៅពេលទៅដល់កន្លែងកើតហេតុ រថយន្តបានជ្រុលទៅបុកជាមួយរថយន្តធំមួយគ្រឿង ដែលបណ្ដាលឱ្យពោងសុវត្ថិភាពផ្ទុះទាំងពីរ និងផ្នែកខាងមុខខូចខាតយ៉ាងធ្ងន់។

ក្រោយកើតហេតុ សមត្ថកិច្ចបានចុះអន្តរាគមន៍គាស់ទ្វាររថយន្ត ទាញយកជនរងគ្រោះចេញ និងបញ្ជូនទៅមន្ទីរពេទ្យបង្អែកជ័យជំនះ។ រថយន្តធំដែលពាក់ព័ន្ធបានរត់គេចបាត់មុនពេលសមត្ថកិច្ចទៅដល់។

តាមការសន្និដ្ឋានបឋម គ្រោះថ្នាក់នេះបណ្ដាលមកពីការបើកបរលឿនពេក ខ្វះការប្រុងប្រយ័ត្ន និងមើលមិនច្បាស់ឧបសគ្គនៅខាងមុខ។



