ខេត្តកំពត៖ ករណីហួសចិត្តមួយបានកើតឡើងនៅពេលមន្ត្រីនគរបាលម្នាក់បានគប់កែវស្រាបែកក្បាលស្ត្រីដែលជាអ្នកស៊ីឈ្នួលចាប់ទឹកកក ដោយសារកែវស្រារបស់ខ្លួនអស់ទឹកកក។ ស្នងការនគរបាលខេត្តកំពតបានបញ្ជាឲ្យនាំខ្លួនមកអនុវត្តតាមច្បាប់ដោយគ្មានការលើកលែង។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១១យប់ ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៦ នៅភូមិអណ្ដូងខ្មែរ សង្កាត់អណ្ដូងខ្មែរ ក្រុងកំពត។ ស្ត្រីឈ្មោះ ទិត្យធូ ដែលជាអ្នកស៊ីឈ្នួលចាប់ទឹកកកតាមកម្មវិធីផ្សេងៗ ត្រូវបានមន្ត្រីនគរបាល ទេព សុខផេង ដែលបំរើការងារនៅអធិការដ្ឋាននគរបាលក្រុងកំពត គប់កែវស្រាចំកណ្ដាលមុខ បណ្ដាលឲ្យរងរបួសធ្ងន់។
ព្រឹត្តិការណ៍នេះបានកើតឡើងនៅបុរីកុសល្យមុីរៀលអុីស្ទេត ដែលជាកម្មវិធីមួយ។ នៅពេលជិតចប់កម្មវិធី ជនសង្ស័យខឹងដោយសារកែវស្រារបស់ខ្លួនអស់ទឹកកក ហើយបានហៅជនរងគ្រោះមកចាប់ទឹកកកឲ្យយូរពេក បន្ទាប់មកក៏យកកែវស្រាគប់ចំកណ្ដាលមុខតែម្ដង។ ការគប់នេះបណ្ដាលឲ្យជនរងគ្រោះបែកក្បាលហូរឈាមពេញមុខ និងត្រូវក្រោមភ្នែកខាងឆ្វេង។

ប្រភពព័ត៌មានបានឲ្យដឹងថា ភាគីជនបង្កបានសម្របសម្រួលឲ្យជនរងគ្រោះទទួលសំណងចំនួន ២លាន ៥០មុឺនរៀល ដើម្បីបញ្ចប់រឿង ប៉ុន្តែជនរងគ្រោះមិនព្រមទទួល។
នៅព្រឹកថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៦ លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការនគរបាលខេត្តកំពត បានបង្ហោះនៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់លោកថា៖ “ករណីមន្ត្រីនគរបាលយកកែវគប់មកលើប្រជាពលរដ្ឋបែកក្បាល ខ្ញុំបានបញ្ជាឲ្យអធិការក្រុងកំពត នាំខ្លួនមកអនុវត្តតាមច្បាប់ ដោយគ្មានការលើកលែង។”
លោកបានបន្តថា ករណីខាងលើជនរងគ្រោះមិនបានមកដាក់ពាក្យបណ្ដឹងនោះទេ ទើបមានការយឺតយ៉ាវក្នុងការទទួលព័ត៌មាន។ ជនរងគ្រោះបច្ចុប្បន្នស្ថិតក្នុងស្ថានភាពគ្រោះថ្នាក់ និងត្រូវបានបញ្ជូនទៅសង្រោះបន្ទាន់នៅមន្ទីរពេទ្យ។
