ជប៉ុនព្រមានពីហានិភ័យមហាគ្រោះរញ្ជួយដីកម្រិត ៨.០ រ៉ិចទ័រ ក្នុងរយៈពេល១សប្តាហ៍ខាងមុខ

ជប៉ុនព្រមានពីហានិភ័យមហាគ្រោះរញ្ជួយដីកម្រិត ៨.០ រ៉ិចទ័រ ក្នុងរយៈពេល១សប្តាហ៍ខាងមុខ

ទីក្រុងតូក្យូ – ទីភ្នាក់ងារឧតុនិយមជប៉ុនបានចេញការព្រមានថា មានហានិភ័យខ្ពស់នឹងមានការរញ្ជួយដីធំកម្រិត ៨.០ រ៉ិចទ័រ ឬខ្លាំងជាងនេះ នៅក្នុងរយៈពេល១សប្តាហ៍ខាងមុខ បន្ទាប់ពីគ្រោះរញ្ជួយដីកម្រិត ៧.៧ រ៉ិចទ័របានវាយប្រហារតំបន់ភាគខាងជើងប្រទេសនៅរសៀលថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៦។

រញ្ជួយដីជប៉ុន

ការរញ្ជួយដីដ៏ខ្លាំងក្លានេះបានជំរុញឱ្យមានការចេញបទបញ្ជាជម្លៀសប្រជាជន និងការព្រមានអំពីរលកយក្សស៊ូណាមីកម្ពស់រហូតដល់៣ម៉ែត្រ។ តាមព័ត៌មានពី NHK, Japan Today និង BBC ដែលចេញផ្សាយនៅថ្ងៃទី២១ មេសា ឆ្នាំ២០២៦ បង្ហាញថា ប្រហែល៤០នាទីបន្ទាប់ពីការរញ្ជួយដី រលកយក្សស៊ូណាមីកម្ពស់៨០សង់ទីម៉ែត្របានវាយប្រហារកំពង់ផែមួយនៅទីក្រុង Kuji ខេត្ត Iwate។

ការរញ្ជួយដីនេះដំបូងត្រូវបានប៉ាន់ប្រមាណថាមានកម្រិត៧.៤ រ៉ិចទ័រ មុនពេលកែសម្រួលទៅដល់កម្រិត៧.៧ រ៉ិចទ័រ។ ទីភ្នាក់ងារបានចេញការព្រមានពីរលកយក្សស៊ូណាមីសម្រាប់ខេត្ត Iwate និងឆ្នេរសមុទ្រខេត្ត Hokkaido និង Aomori នៅរសៀលថ្ងៃទី២០ មេសា ដោយរលកយក្សដែលមានកម្ពស់រហូតដល់៣ម៉ែត្រអាចនឹងកើតឡើង។

ការព្រមានរញ្ជួយដី

ទោះជាយ៉ាងណាក៏ដោយ ការព្រមានទាំងនោះត្រូវបានដកចេញវិញនៅម៉ោង១១:៤៥នាទីយប់ (ម៉ោងក្នុងស្រុក)។ វីដេអូពីទូរទស្សន៍ជាតិជប៉ុន NHK មិនបានបង្ហាញពីការខូចខាតណាមួយនៅជុំវិញកំពង់ផែជាច្រើននៅខេត្ត Iwate នៅឡើយទេ។

មន្ត្រីបានបញ្ជាក់ជាថ្មីថា ការរញ្ជួយដីជាបន្តបន្ទាប់អាចវាយប្រហារតំបន់នេះក្នុងរយៈពេល១សប្តាហ៍ខាងមុខ ជាមួយហានិភ័យនៃការរញ្ជួយដីដល់កម្រិត៨.០ រ៉ិចទ័រ ឬខ្ពស់ជាងនេះ ដែលត្រូវបានចាត់ថ្នាក់ចូលកម្រិតមហាគ្រោះរញ្ជួយដី (Mega Quake)។

ការជូនដំណឹងនេះគ្របដណ្ដប់លើក្រុងចំនួន១៨២ នៅក្នុងខេត្ត Hokkaido, Aomori, Iwate, Miyagi, Fukushima, Ibaraki និង Chiba។ ប្រជាជននៅតំបន់ទាំងនោះគួរតែអនុវត្តតាមការជូនដំណឹងនេះរហូតដល់ម៉ោង៥ល្ងាច ថ្ងៃចន្ទសប្តាហ៍ក្រោយ ប៉ុន្តែមិនបានអំពាវនាវឱ្យមានការជម្លៀសជាមុននោះទេ។

គួររំលឹកថា ប្រជាជនជប៉ុននៅតែដិតជាប់ស្លាកស្នាមភ័យរន្ធត់នៃគ្រោះរញ្ជួយដីដ៏សាហាវបំផុតកម្រិត៩.០ រ៉ិចទ័រក្នុងឆ្នាំ២០១១ នៅឆ្នេរសមុទ្រភាគខាងត្បូងនៃខេត្ត Iwate ដែលជាការរញ្ជួយដីដ៏ខ្លាំងក្លាបំផុតដែលខ្លួនបានកត់ត្រាទុក ដោយវាបង្កឱ្យមានរលកយក្សស៊ូណាមីសម្លាប់មនុស្សជាង១៨,០០០នាក់ និងបណ្តាលឱ្យមានការបំផ្លិចបំផ្លាញនៅរោងចក្រនុយក្លេអ៊ែរ Fukushima ដែលជាគ្រោះមហន្តរាយនុយក្លេអ៊ែរដ៏អាក្រក់បំផុតមួយក្នុងប្រវត្តិសាស្ត្រជប៉ុន។

administrator

Related Articles