សហរដ្ឋអាមេរិក៖ នាយកប្រតិបត្តិក្រុមហ៊ុន Apple លោក Tim Cook បានប្រកាសចុះចេញពីតំណែង បញ្ចប់ការដឹកនាំរយៈពេលជិត ១៥ឆ្នាំ ដែលបានឃើញតម្លៃទីផ្សាររបស់ក្រុមហ៊ុនបច្ចេកវិទ្យាយក្សនេះកើនឡើងដល់ ៤ ទ្រីលានដុល្លារ។

នៅក្នុងសេចក្ដីប្រកាសព័ត៌មានដ៏ភ្ញាក់ផ្អើលមួយ កាលពីថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៦ ក្រុមហ៊ុនបានតែងតាំងលោក John Ternus ជានាយកប្រតិបត្តិថ្មី ដើម្បីជំនួសតំណែងលោក Tim Cook។ លោក Ternus បច្ចុប្បន្នជាប្រធានផ្នែកវិស្វកម្មផ្នែករឹង ដែលបានបម្រើការនៅក្រុមហ៊ុន Apple អស់រយៈពេល២៥ឆ្នាំ នឹងចូលកាន់តំណែងនៅថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៦។

ការសម្រេចចិត្តរបស់លោក Tim Cook ដែលក្លាយនាយកប្រតិបត្តិក្រុមហ៊ុន Apple ចាប់តាំងពីឆ្នាំ២០១១ បន្ទាប់ពីសហស្ថាបនិកលោក Steve Jobs បានកើតឡើងបន្ទាប់ពីការរំពឹងទុកជាច្រើនខែ។ លោក Cook បានពិពណ៌នាអំពីការងាររបស់លោកថាជាកិត្តិយសដ៏ខ្ពង់ខ្ពស់បំផុតនៃជីវិតរបស់លោក។
ជាមួយគ្នានោះ លោកបានលើកឡើងអំពីលោក Ternus ថាជានាយកប្រតិបត្តិដ៏មានចក្ខុវិស័យ ខួរក្បាលជាវិស្វករ ព្រលឹងអ្នកច្នៃប្រឌិត និងបេះដូង ដើម្បីដឹកនាំដោយភាពស្មោះត្រង់ និងកិត្តិយស។

គួរបញ្ជាក់ថា នៅឆ្នាំ២០១៨ ក្រុមហ៊ុន Apple បានក្លាយជាក្រុមហ៊ុនដំបូងគេលើពិភពលោកដែលមានតម្លៃ១ទ្រីលានដុល្លារ បច្ចុប្បន្នក្រុមហ៊ុននេះមានតម្លៃរហូតដល់៤ទ្រីលានដុល្លារ។ ចំណែកលោក Cook នឹងទៅកាន់តំណែងជាប្រធានប្រតិបត្តិនៃក្រុមប្រឹក្សាភិបាលវិញ។
ប្រភព៖ BBC និង Aljazeera
