ចិនបានកាត់បន្ថយការនាំចេញប្រេងចម្រាញ់យ៉ាងខ្លាំងក្នុងខែមេសា ប៉ុន្តែមិនបានហាមឃាត់ទាំងស្រុងទេ ដោយប្រទេសដូចជាម៉ាឡេស៊ី អូស្រ្តាលី និងវៀតណាមនៅតែទទួលបានការផ្គត់ផ្គង់។ នេះបើយោងតាមរ៉យទ័រ ដែលស្រង់ទិន្នន័យពីវិស័យដឹកជញ្ជូន។

ការរឹតត្បឹតនេះធ្វើឡើងក្រោយពីចិនបានពង្រឹងការគ្រប់គ្រងលើការនាំចេញប្រេងចម្រាញ់ចាប់ពីខែមីនា ដោយសារការរំខានផ្នែកផ្គត់ផ្គង់ដែលបណ្តាលមកពីជម្លោះអ៊ីស្រាអែល-អ៊ីរ៉ង់។
ទិន្នន័យពីក្រុមហ៊ុន Vortexa បង្ហាញថា ក្នុងរយៈពេល២សប្តាហ៍ដំបូងនៃខែមេសា ចិននាំចេញប្រេងឥន្ធនៈប្រមាណ៣២០,០០០តោន ដែលស្មើនឹងមួយភាគប្រាំមួយនៃបរិមាណឆ្នាំមុន។

ប្រទេសអាស៊ីអាគ្នេយ៍ដូចជាវៀតណាម ឥណ្ឌូណេស៊ី ម៉ាឡេស៊ី និងហ្វីលីពីនទទួលបានការផ្គត់ផ្គង់២៣៤,០០០តោន ខណៈប្រទេសអាស៊ីខាងត្បូងទទួលបាន៨២,០០០តោនតាមរយៈសិង្ហបុរី។
រ៉យទ័របញ្ជាក់ថា ចិនបន្តកម្រិតការនាំចេញដើម្បីប៉ះប៉ូវនឹងការថយចុះផលិតកម្មនៅរោងចក្រចម្រាញ់ប្រេង ដែលភាគច្រើនគ្រប់គ្រងដោយរដ្ឋ។ ការនាំចេញក្នុងបរិមាណតិចតួចនៅតែត្រូវបានអនុញ្ញាតសម្រាប់ប្រទេសក្នុងតំបន់ដែលត្រូវការប្រេងឥន្ធនៈ។
