កំពង់ចាម – រូបសំណាកនាគព័ន្ធស្ពាន់សុទ្ធ ទម្ងន់ ៨តោន កម្ពស់ ១០ម៉ែត្រ បានបង្ហាញខ្លួនយ៉ាងស្កឹមស្កៃនៅរង្វង់មូលច្រកចូលក្រុងកំពង់ចាម ដោយអភិបាលខេត្តបានចុះពិនិត្យវឌ្ឍនភាពការងារសាងសង់ជាថ្មី។

នៅព្រឹកថ្ងៃទី២១ មេសា ២០២៦ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានដឹកនាំក្រុមការងារចុះពិនិត្យវឌ្ឍនភាពការងារសាងសង់រូបសំណាកនាគព័ន្ធថ្មីនៅរង្វង់មូលនាគព័ន្ធចាស់ ទល់មុខក្លោងទ្វារវត្តប្រាសាទនគរបានជ័យ។
ក្នុងឱកាសនោះ អភិបាលខេត្តបានណែនាំដល់ក្រុមការងារបច្ចេកទេស ត្រូវធ្វើយ៉ាងណាឲ្យសំណង់នេះក្លាយជាប្រវត្តិសាស្ត្រ តំណាងឲ្យអត្តសញ្ញាណខេត្តកំពង់ចាម មានគុណភាពខ្ពស់ និងជាមរតកសម្រាប់ក្មេងៗជំនាន់ក្រោយ។

បើតាមការបញ្ជាក់របស់វិស្វករ ធួន វិថាវិន រូបសំណាកនាគព័ន្ធថ្មីនេះសាងអំពីស្ពាន់សុទ្ធ ទម្ងន់៨តោន កម្ពស់១០ម៉ែត្រ (បូកទាំងជើងទម្រ ៣ម៉ែត្រ) ដែលជាគំនិតផ្តួចផ្តើមកសាងឡើងដោយឯកឧត្តម អ៊ុន ចាន់ដា។

រូបសំណាកនាគព័ន្ធថ្មីនេះ កសាងតាមទម្រង់បែបទម្រង់ចាស់ទាំងស្រុង ប៉ុន្តែគ្រាន់តែប្តូរពីស៊ីម៉ង់ មកជាស្ពាន់សុទ្ធ និងទំហំធំជាងមុន ដោយបានកែជើងទម្របែបថ្មី មានទំ ១៧ម៉ែត្រ×១៧ម៉ែត្រ។

សូមបញ្ជាក់ថា រូបសំណាកខាងលើ គិតមកដល់ពេលនេះ សម្រេចបានប្រមាណ៩៨% ដោយគ្រោងនឹងធ្វើពិធីនៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៦ នេះ។

រូបសំណាកនាគព័ន្ធស្ពាន់សុទ្ធនេះ នឹងក្លាយជាសញ្ញានិមិត្តរូបថ្មីនៃក្រុងកំពង់ចាម ដែលមិនត្រឹមតែជាសំណង់ស្ថាបត្យកម្មប៉ុណ្ណោះទេ ថែមទាំងជាតំណាងឲ្យវប្បធម៌ និងអត្តសញ្ញាណរបស់ខេត្តនេះទៀតផង។

ការសាងសង់រូបសំណាកនាគព័ន្ធស្ពាន់សុទ្ធនេះ បានទាក់ទាញចំណាប់អារម្មណ៍ពីសំណាក់ប្រជាពលរដ្ឋ និងភ្ញៀវទេសចរជាច្រើន ដែលរំពឹងថានឹងក្លាយជាកន្លែងទស្សនាថ្មី និងជាកន្លែងថតរូបដ៏ល្បីល្បាញនៅក្នុងខេត្តកំពង់ចាម។

អ្នកគ្រប់គ្រងគម្រោងបានបញ្ជាក់ថា ការងារសាងសង់នឹងបញ្ចប់យ៉ាងពេញលេញមុនពេលពិធីបុណ្យចូលឆ្នាំខ្មែរ ដើម្បីឲ្យប្រជាពលរដ្ឋ និងភ្ញៀវទេសចរអាចមកទស្សនា និងថតរូបជាមួយរូបសំណាកនាគព័ន្ធស្ពាន់សុទ្ធដ៏អស្ចារ្យនេះ។

